អានតួអត្ថបទ
កម្ពុជា

មន្ត្រី​​ប្រឆាំង​​អំពើ​ពុករលួយ​១០២​នាក់​​រៀន​​ច្បាប់​​ព្រៃឈើ​​និង​​វិធី​​រឹបអូស​​វត្ថុតាង​​បទល្មើស​​ព្រៃឈើ​

វគ្គ​​បណ្ដុះបណ្តាល​​មួយ​​ត្រូវ​​បាន​រៀបចំ​​សម្រាប់​​មន្ត្រី​១០២​នាក់​​របស់​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​ ដើម្បី​ឱ្យ​​ភ្នាក់ងារ​រដ្ឋ​​ទាំង​នេះ​​យល់ដឹង​​អំពី​​ច្បាប់​​ស្តី​ពី​​ព្រៃឈើ​​និង​​នីតិវិ​ធី​​រឹបអូស​​វត្ថុតាង​​បទ​ល្មើស​​ព្រៃឈើ​។ ​វគ្គ​សិក្សា​​ដែល​​បាន​ចាប់ផ្តើម​​ម្សិលមិញ ​ត្រូវ​​បញ្ចប់​​ថ្ងៃនេះ ​ដោយ​មាន​​គ្រូឧទ្ទេស​​មក​ពី​​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​​និង​​នេសាទ​។ ​លោក​ទូច ស៊ុន​ណា​រី ​អគ្គនាយក​​នៃ​​អគ្គនាយក​ដ្ឋាន​​រដ្ឋបាល​​និង​​សន្តិសុខ​​នៃ​​អង្គភាព​​ប្រឆាំង​​អំពើពុករលួយ​​ពន្យល់​។​

មន្ត្រី​​ប្រឆាំង​​អំពើ​ពុករលួយ​១០២​នាក់​​រៀន​​ច្បាប់​​ព្រៃឈើ​​និង​​វិធី​​រឹបអូស​​វត្ថុតាង​​បទល្មើស​​ព្រៃឈើ​
មន្ត្រី​​ប្រឆាំង​​អំពើ​ពុករលួយ​១០២​នាក់​​រៀន​​ច្បាប់​​ព្រៃឈើ​​និង​​វិធី​​រឹបអូស​​វត្ថុតាង​​បទល្មើស​​ព្រៃឈើ​ @ACU website
ផ្សាយពាណិជ្ជកម្ម

លោក ទូច ស៊ុន​ណា​រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​សន្តិសុខ​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពន្យល់​ដូច្នេះ​ថា៖ «ការបណ្ដុះបណ្តាល​នេះ​គ្រាន់តែ​ជា​ចំណេះដឹង​ទេ មិនមែន​មានន័យថា​មក​ពិភាក្សាគ្នា​ដើម្បី​ជជែក​គ្នា​អ​ពី​អន្តរាគមន៍​ទៅវិញទៅមក​ទេ គឺ​បណ្ដុះបណ្តាល​ជា​ចំណេះដឹង​ឱ្យ​យល់​អំពី​ផ្នែក​ច្បាប់​ព្រៃឈើ​តែ​ប៉ុណ្ណឹង​ទេ»

បើតាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលជា​អ្នករៀបចំ​វគ្គ​បណ្ដុះបណ្តាល​រយៈពេល២ថ្ងៃនេះ ការសិក្សា​ច្បាប់​ស្តីពី​ព្រៃឈើ និង​អំពី​នីតិវិធី​រឹបអូស​វត្ថុតាង​ក្នុង​បទល្មើស​ព្រៃឈើ មាន​គោលបំណង​សំខាន់​ពីរ​ដូចខាងក្រោម៖

ទី១គឺ​បង្ហាញ​អំពី​ប្រភេទ​ព្រៃឈើ​នៅ​កម្ពុជា​ដែលមាន​ព្រៃ​ប​ម្រុ​ក​ទុក​អចិន្ត្រៃយ៍​និង​ព្រៃ​ឯកជន ព្រមទាំង​បង្ហាញ​អំពី​ការហាមឃាត់​ការប្រមូល​ផល អនុផល​ព្រៃឈើ ថ្លៃ​សួយ​សារ និង​បុព្វលាភ​លើ​ផល​និង​អនុផល​ព្រៃឈើ ក៏ដូចជា​វិធានការ​គ្រប់គ្រង​សកម្មភាព​ព្រៃឈើ រួមទាំង​នីតិវិធី​ដោះស្រាយ​បទល្មើស​ព្រៃឈើ និង​ការអនុវត្ត​សាលក្រម​របស់​តុលាការ។

ទី២គឺ​បង្ហាញ​ពី​ការ​រឹបអូស​វត្ថុតាង​ក្នុង​បទល្មើស​ព្រៃឈើ ដោយ​អនុលោម​តាមច្បាប់​ស្តីពី​ព្រៃឈើ ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន។ បើតាម​ច្បាប់​ស្តីពី​ព្រៃឈើ វត្ថុតាង​នៃ​បទល្មើស​ព្រៃឈើ​រួមមាន​ផល​អនុផល​ព្រៃឈើ ផល​ប្រមាញ់ ដែលជា​វត្ថុ​ពិត​នៃ​បទល្មើស សម្ភារៈ​បរិក្ខារ និង​មធ្យោបាយ​ដឹកជញ្ជូន​ដែល​ប្រើប្រាស់​ក្នុងការ​ប្រព្រឹត្ត​បទល្មើស។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់ថា ក្នុងខណៈពេល​កំពុង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ល្មើស​ឬ​ផល​ប្រមាញ់​ល្មើស គេ​ត្រូវ​ចាប់ខ្លួន​អ្នកបើកបរ​មធ្យោបាយ​ដឹកជញ្ជូន​ដែល​គ្មាន​ម្ចាស់​នៅ​ជាមួយ ជា​បណ្ដោះអាសន្ន ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ស៊ើបអង្កេត​រក​ជនល្មើស​និង​អ្នកសមគំនិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ