អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ក្រសួង​ការបរទេស​ជួយ​​ពលករ​ខ្មែរ​នៅ​​ថៃឲ្យបាន​ចូល​រួម​បោះ​ឆ្នោត

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​ក្រសួង​ការបរទេស​កម្ពុជា អន្តរាគមន៍​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ឲ្យ​បាន​ចូល​រួម​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ថ្ងៃ​ទី​៤​មិថុនា​ខាង​មុខ​។ នេះ​បើ​តាម​លិខិត​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ ដែល​ត្រូវ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជូន​ទៅ​កាន់​រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស កាល​ពី​ថ្ងៃ​ទី​៨​ឧសភា​។

ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្រង់​សេចក្ដី​រាយការណ៍​ពី​ពលករ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ថា ពួក​គាត់​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន ដែល​រារាំង​មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ដើម​ខែ​ក្រោយ​បាន​។ បញ្ហា​ទាំង​នោះ​រួម​មាន​៖ ទី​១​ ការ​លំបាក​ក្នុង​ការ​សុំ​ច្បាប់​ពី​ថៅកែ​ថៃ​នៅ​ថ្ងៃ​បោះ​ឆ្នោត​។ ទី​២៖ ការ​បង្ក​ការ​លំបាក​ពី​សំណាក់​អាជ្ញាធរ​នៅ​តាម​ច្រក​ព្រំដែន។ ទី​៣៖ តម្លៃ​ដ៏​ថ្លៃ​នៃ​ទិដ្ឋាការ​ការងារ​សម្រាប់​ពលករ​។ និង​​ទី​៤៖ គឺ​បណ្ណ​ការងារ​ពណ៌​ស៊ី​ជម្ពូ ដែល​មិន​ផ្ដល់​សិទ្ធិ​ឲ្យ​ពលករ​ចាក​ចេញ​ពី​ខេត្ត​ដែល​ខ្លួន​ធ្វើ​ការ ដើម្បី​ត្រឡប់​មក​ចូល​រួម​ការ​បោះ​ឆ្នោត​។

បើ​តាម​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ប្រសិន​បើ​បញ្ហា​ទាំង​អម្បាលម៉ាន​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​ទាន់​ពេល​វេលា​ទេ នោះ​ពលករ​ខ្មែរ​ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​នឹង​ត្រូវ​បាត់បង់សិទ្ធិចូល​រួម​​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាក់​ជា​ពុំ​ខាន​។ ជា​ការ​បោះ​ឆ្នោត​ដែល​អ្នក​តំណាងរាស្ត្រ​ចាត់​ទុក​ថា មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ដើម្បី​កែ​លម្អ​ប្រទេស​ជាតិ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​។

ក្នុង​ន័យ​នេះ ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន​៤រូប គឺ​លោក​ស្រី មួរ សុខហួរ លោក ជីវ កត្តា លោក ឡុង ប៊ុន្នី និង​លោក ដាង ចំរើន បាន​ស្នើ​ឲ្យ​រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​កម្ពុជា ពិភាក្សា​ជាមួយ​សមភាគី​ថៃ ដើម្បី​សំណូមពរ​ទៅ​កាន់​ថៅកែ​ថៃ ឲ្យ​អនុញ្ញាត​ច្បាប់​ដល់​ពលករ​ខ្មែរ​ចំនួន​៣​ថ្ងៃសម្រាប់​ការ​បោះ​ឆ្នោត​។ លើស​ពី​នេះ ក្រុម​អ្នក​តំណាង​រាស្ត្រ​ចង់​ឲ្យ​ក្រសួង​ការបរទេស ណែនាំ​ដល់​មន្ដ្រី​ច្រក​ព្រំដែន ឲ្យ​ជួយ​សម្រួល​ការ​ចូល​មក​បោះ​ឆ្នោត​របស់​ពលករ​ខ្មែរ​ឲ្យ​បាន​ងាយ​ស្រួល​និង​ឆាប់​រហ័ស​។

សូម​ជម្រាប​ជូន​ថា កន្លង​មក ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បានបង្ហាញ​ការ​​យក​ចិត្ត​ទុក​ដាក់​ណាស់​ចំពោះ​សិទ្ធិ​បោះ​ឆ្នោត​របស់​ពលករ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​នៅ​ប្រទេស​ថៃ​។ កាល​ពី​ឆ្នាំ​មុន លោក​ស្រី មួរ សុខហួរ តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ចុះ​ធ្វើ​យុទ្ធនាការ​ជំរុញ​ដោយ​ផ្ទាល់​នៅ​ប្រទេស​ថៃ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ត្រឡប់​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត​​។

តួ​លេខ​ចុង​ក្រោយ​របស់​ក្រសួង​ការងារ​កម្ពុជា​បង្ហាញ​ថា មាន​ពលករ​ខ្មែរ​យ៉ាង​ហោច​ណាស់​១​លាន​៦ម៉ឺន​​នាក់ ដែល​កំពុង​តែ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​។ ក្នុង​នោះ​ជាង​៣០​ម៉ឺន​នាក់ ជា​ពលករ​ស្រប​ច្បាប់ ៤៣​ម៉ឺន​នាក់​ជាពលករ​ស្រប​ច្បាប់​បណ្ដោះ​អាសន្ន​ និង​ជាង​៣០​ម៉ឺន​នាក់​ទៀត ជា​ពលករ​ដែល​គ្មាន​ឯកសារ​ការងារ​ស្រប​ច្បាប់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ