អានតួអត្ថបទ
កម្ពុជា

សមត្ថកិច្ច​ស្រុក​កោះ​ធំ រារាំង​មិន​ឲ្យ​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ចុះ​ទៅ​ពិនិត្យ​ព្រំដែន​នៅ​ច្រក​ព្រែក​ស្បូវ

សមត្ថកិច្ច​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល បាន​រារាំង​មិន​ឲ្យ​ក្រុមតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដឹក​នាំ​ក្រុម​ការងារ​ចុះ​​​ទៅ​សិក្សា និង​ពិនិត្យ​មើល​ព្រំដែន​កម្ពុជា​វៀតណាម ត្រង់​ចំណុច​ច្រក​ព្រែក​ស្បូវ ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល​នោះ​ទេ​​។ ជា​ចំណុច​ដែលមិន​ទាន់​ឯកភាព​គ្នា​រវាង​កម្ពុជា​និង​វៀតណាម ប៉ុន្តែ​​វៀតណាម​បែរ​ជា​គគ្លើន​សាង​សង់​​ប៉ុស្តិ៍​យោធា​ទ្រង់ទ្រាយ​ធំ​​នៅ​ទី​នោះ​ទៅ​វិញ​។ ដំណើរ​ចុះ​ទៅ​កាន់​ព្រំដែនរបស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង នៅ​ថ្ងៃ​សៅរ៍​នេះ ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​ព្រះ​សង្ឃ ប្រជាពលរដ្ឋ និង​​យុវជន ជា​ច្រើន​​នាក់​​ផង​ដែរ​។

សមត្ថកិច្ច​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ចុះ​ត្រួត​ពិនិត្យ​ចំណុច​ព្រែក​ស្បូវ ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល
សមត្ថកិច្ច​ហាម​ឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ចុះ​ត្រួត​ពិនិត្យ​ចំណុច​ព្រែក​ស្បូវ ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល រូបភាព​ពី​បណ្ដាញ​សង្គម Facebook
ផ្សាយពាណិជ្ជកម្ម

ក្បួន​រថយន្ត​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះ​សង្ឃ យុវជន និង​ប្រជាពលរដ្ឋ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល រារាំង មិន​ឲ្យ​ចូល​ទៅ​កាន់​ចំណុច​ច្រក​ព្រែក​ស្បូវ ដែល​វៀតណាម​កំពុង​តែ​សាង​សង់​ប៉ុស្តិ៍​យោធា នោះ​ទេ​។ ការរារាំង​ហាម​ឃាត់​នេះ ធ្វើ​ឡើង​ជា​ច្រើន​កន្លែង និង​ច្រើន​ដំណាក់​កាល ដោយ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ ដែល​មាន​ប្រដាប់​ដោយ​ខែល​និង​ដំបង​ផង​។

បើ​ទោះ​ជា​មាន​ការ​រារាំង​​ក៏​ដោយ ក៏​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក រៀល ខេមរិន្ទ្រ ដែល​បាន​ដឹក​នាំ​ដំណើរ​នេះ សម្រេច​ធ្វើ​ដំណើរ​ថ្មើរ​ជើង ទៅ​កាន់​ចំណុច​គោលដៅ​។ លោក រៀល ខេមរិន្ទ្រ បាន​គូស​បញ្ជាក់​ថា ការ​ហាម​ឃាត់ និង​ទំនាស់​ពាក្យ​សម្ដី​បាន​កើត​ឡើង​ក៏​ពិត​មែន ក៏​ប៉ុន្តែ​មិន​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ឬ​របួស​ស្នាម​ដល់​ក្រុម​ការងារ និង​ប្រជាពលរដ្ឋ​ដែល​រួម​ដំណើរ​ឡើយ​។

គួរ​ជម្រាប​ជូន​ថា ដំណើរ​ចុះ​ទៅពិនិត្យ​មើល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ត្រង់​ចំណុច​ច្រក​ព្រែក​ស្បូវ ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការបរទេស​កម្ពុជា ទើប​តែ​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​កាន់​វៀតណាម​។ ជា​កំណត់​ទូត​តវ៉ា ដើម្បី​ឲ្យ​វៀតណាម​បញ្ឈប់​ការ​សាងសង់ប៉ុស្តិ៍យោធានៅជាប់​ភូមិ​​ព្រែក​ស្បូវ។ ជា​​ទីតាំង ដែលមិនទាន់ឯកភាពគ្នារវាងប្រទេសជិតខាងទាំងពីរ។ ប៉ុន្តែបើ​ទោះ​បី​ជា​មាន​ការ​ស្នើ​សុំ​ពី​កម្ពុជា​ជា​ច្រើន​លើក​ច្រើន​សា​ហើយ​ក៏​ដោយ ក៏​រដ្ឋាភិបាល​កុម្មុយនិស្ត​ក្រុង​ហាណូយ​​មិន​​បាន​​ខ្វាយ​ខ្វល់​ពី​សំណើ​របស់​កម្ពុជា​នោះ​ទេ​។ វៀតណាម​ថែម​ទាំង​បានកសាង​ប៉ុស្តិ៍យោធានោះធំជាងមុនថែមទៀតផង។

នៅ​ចំពោះ​មុខ​ចំណាត់​ការ​ការទូត​របស់​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ្រ បាន​សម្ដែង​ការ​សាទរ និង​គាំទ្រ​។ ប៉ុន្តែ​បើ​តាម​​តំណាង​រាស្ត្រ​រូប​នេះ​ រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ចាត់​វិធានការ​ម៉ឺង​ម៉ាត់​ជាង​នេះ ចំពោះ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។ លោក​បាន​ផ្ដល់​ជា​អនុសាសន៍​ ឲ្យ​រដ្ឋាភិបាល​កម្ពុជា នាំ​យក​បញ្ហា​នេះ ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​។

យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ភាព​ទន់​ភ្លន់​ស្រប​ច្បាប់​ជាមួយ​ប្រទេស​វៀតណាម​ជា​បន្ត​ទៀត​។ ប៉ុន្តែ​បើ​ដោះស្រាយ​មិន​ចេញ ទើប​កម្ពុជា​​​យក​ករណី​ព្រំដែន​នេះ ទៅ​ប្ដឹង​ដល់​តុលាការ​យុត្តិធម៌​អន្ដរជាតិ​សា​ជា​ថ្មី​៕ 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ