អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​៖បើ​ដោះស្រាយ​ព្រំដែន​ជាមួយ​វៀតណាម​មិនបាន​គឺ​នឹង​ឡើង​ទៅ​តុលាការ​អន្តរជាតិ

រដ្ឋាភិបាល​កម្ពុជា​នៅ​ចុង​ក្រោយ​នេះ​ បាន​ផ្ញើ​កំណត់​ទូត​ទៅ​កាន់​ប្រទេស​វៀតណាម​សារ​ជាថ្មី​ម្តង​ទៀត​ ក្នុង​រឿង​ព្រំដែន​នៅ​ក្នុង​ស្រុក​កោះ​ធំ ​ខេត្ត​កណ្តាល។​ រឿង​ព្រំដែន​បាន​ធ្លាយ​ឆ្លង​តាំង​ពី​ខេត្ត​ត្បូង​ឃ្មុំ ​ខេត្ត​រតនៈគីរី ឥឡូវ​បន្ត​រហូត​ដល់​ខេត្ត​កណ្តាល​ជា​បន្ត​ទៀត។ ទន្ទឹម​នឹង​នេះ ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ភាព​ទន់ភ្លន់​ស្រប​ច្បាប់​ជាមួយ​វៀតណាម​ជា​បន្ត​ទៀត ប៉ុន្តែ​បើ​ដោះស្រាយ​មិន​ចេញ​ កម្ពុជា​នឹង​យក​ករណី​ព្រំដែន​នេះ​ទៅ​ប្តឹង​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ​សារជា​ថ្មី។

ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថាតទូត​វៀតណាម​របស់​ក្រុម​ខ្មែរ​កម្ពុជា​ក្រោម​ នា​ពេល​កន្លង​មក​
ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថាតទូត​វៀតណាម​របស់​ក្រុម​ខ្មែរ​កម្ពុជា​ក្រោម​ នា​ពេល​កន្លង​មក​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​រវាង​កម្ពុជា​ និង​វៀតណាម គឺ​ជា​ជម្រើស​ចុងក្រោយ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក​ផៃ ស៊ីផាន។ អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​រូប​នេះ​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​បន្ថែម​ថា​ការ​អនុវត្ត​តាម​តុលាការ​អន្តរជាតិ​នេះ ​គឺ​ជា​បន្ទាត់​នយោបាយ​របស់​កម្ពុជា​ក្នុង​ការ​ថែរក្សា​ទំនាក់​ទំនង​រវាង​ប្រទេស​ជិតខាង​ មិន​ថា​ថៃ​ ឬ​វៀតណាម​នោះ​ទេ​ព្រោះ​ថា​ បញ្ហា​ព្រំដែន​គឺ​ជា​កិច្ចការ​អន្តរជាតិ​ដែល​កើតឡើង​ពី​កិច្ច​សហការ​ជាមួយ​ប្រទេស​ជិត​ខាង។ ហើយ​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​គោលការណ៍​ប្រើ​ហិង្សា​ចំពោះ​កិច្ចការ​ព្រំដែន​នោះ​ដែរ​ ម្យ៉ាង​ទៀត កម្ពុជា​នឹង​នៅ​តែ​ប្រកាន់​ឥរិយាបទ​ទន់ភ្លន់​ម៉ឺងម៉ាត់​ជា​បន្តទៀត។

ក្នុង​សំណុំ​រឿង​ព្រំដែន​ជាមួយ​វៀតណាម​នេះ​ កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ប្រទេស​វៀតណាម​តាំង​ពី​ការ​ជីក​រណ្តៅ​ក្នុង​ខេត្ត​រតនៈគីរី ហើយ​កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា​ម្សិលមិញ​ទៀត ​បាន​ផ្ញើ​កំណត់​ទូត​ប្រឆាំង​សារជាថ្មី​ម្តង​ទៀត​ក្នុង​ការ​សាង​សង់​ប៉ុស្តិ៍​យោធា​នៅ​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល។ ទីតាំង​នេះ​គឺ​ជា​ចំណុច​ដែល​មិន​ទាន់​ឯកភាព​គ្នា​រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ។ ប៉ុន្តែ​រដ្ឋាភិបាល​កុម្មុយនិស្ត​ក្រុង​ហាណូយ​មិន​ព្រម​បញ្ឈប់ ​ប៉ុន្តែ​បាន​ធ្វើ​ប៉ុស្តិ៍​យោធា​នោះ​ធំ​ជាង​មុន​ថែម​ទៀត​ផង។ ក្រសួង​ការបរទេស​កម្ពុជា​ បាន​បញ្ជាក់​ថា​គិត​ត្រឹម​ឆ្នាំ​២០១៣ រហូត​ដល់​ពេល​នេះ ​កម្ពុជា​បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​ចំនួន​៩​លើក​ទៅ​ហើយ។ ប៉ុន្តែ​ប្រទេស​វៀតណាម​មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​នោះទេ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ លោកយ៉ែម ប៉ុញ្ញឫទ្ធិ បាន​ហៅ​ទង្វើ​របស់​រដ្ឋាភិបាល វៀតណាម​ថា​ ជា​ទង្វើ​យ៉ាង​គឃ្លើន ​និង​បាន​រំលោភ​សន្ធិសញ្ញា​ដែល​បាន​ចុះ​កន្លង​មក។ លោក​បាន​ស្នើ​ឱ្យ​សភាជាតិ​បង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​មួយ​ដើម្បី​សើរើ​កិច្ចការ​ព្រំដែន​ជាមួយ​វៀតណាម​ឡើង​វិញ។ អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់​ថា ​កម្ពុជា​គួរ​ស្នើ​ទៅ​ដល់​សហប្រធាន​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ដើម្បី​ពិនិត្យ​ឡើង​វិញ​ផង​ដែរ។ ហើយ​ថា​កម្ពុជា​គួរ​ធ្វើ​កិច្ចការងារ​យ៉ាង​ដូចនេះ​តាំង​ពី​៣០​ឆ្នាំ​កន្លង​មក​ហើយ។

យ៉ាង​ណា​ក៏​ដោយ​លោក​ផៃ ស៊ីផាន អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​កំណត់​ទូត​ប្រឆាំង​តវ៉ា​ប្រទេស​វៀតណាម​ជា​បន្ត​បន្ទាប់​នេះ ​គឺ​ជា​សារ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ កម្ពុជា​បាន​បង្ហាញ​ពី​ឯករាជ្យភាព​របស់​ខ្លួន។ សូម​បញ្ជាក់​ថា​កម្ពុជា​ធ្លាប់​បាន​ប្តឹង​ប្រទេស​ថៃ​ម្តង​រួច​មក​ហើយ​ក្នុង​សំណុំ​រឿង​ព្រំដែន​តំបន់​ប្រសាទ​ព្រះវិហារ។ ហើយ​បើ​ដល់​ចំណុច​ចុងក្រោយ​ជាមួយ​វៀតណាម​នេះ​ទៀត​ គឺ​ជា​លើក​ទី​២​ដែល​កម្ពុជា​នឹង​អាច​ប្រើ​យន្តការ​ស្រប​ច្បាប់​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ