អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទៅ​មើល​ព្រំដែន​ខេត្ត​ស្វាយរៀង ក្រោម​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ

ដូច​ការ​គ្រោង​ទុក នៅ​ថ្ងៃ​អាទិត្យ​ទី​១៩​កក្កដា​នេះ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​ប្រជាពលរដ្ឋ យុវជន និង​ព្រះសង្ឃ សរុប​ទាំង​អស់​ប្រមាណ​២​ពាន់​នាក់ ដើម្បី​ទៅ​ពិនិត្យ​​បង្គោល​ព្រំដែន​លេខ​២០២ និង​២០៣​។ បង្គោល​ព្រំដែន លេខ​២០២ និង​២០៣ ដែល​ស្ថិត​នៅ​ស្រុក​កំពង់រោទិ៍​ខេត្ត​ស្វាយរៀង​។ គួរ​កត់​សម្គាល់​ថា ដំណើរ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​លើក​នេះ គ្មាន​ការ​ប៉ះ​ទង្គិច​ហិង្សា​ណា​មួយ​កើត​ឡើង​ទេ ព្រោះ​មាន​ការ​សម្រប​សម្រួល និង​ការ​ការពារ​សន្តិសុខ ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​។

លោករៀល ខេមរិន្រ្ទ​ រង​របួស​អំឡុង​ពេល​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋកម្ពុជា​ និង​វៀតណាម​នៅ​ចំណុច​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​
លោករៀល ខេមរិន្រ្ទ​ រង​របួស​អំឡុង​ពេល​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋកម្ពុជា​ និង​វៀតណាម​នៅ​ចំណុច​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​ @Real Camerin
ផ្សាយពាណិជ្ជកម្ម

ថ្វី​ត្បិត​តែ​បាន​ទៅ​ដល់​តំបន់​ព្រំដែន​កម្ពុជា​វៀតណាម នៅ​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​ហើយ​ក្ដី ក៏​នៅ​ក្នុង​ចំណោម​អ្នក​ចូល​រួម​ជាង​២​ពាន់​នាក់​នោះ មាន​ប្រជាពលរដ្ឋ​តែ​១០០​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅពិនិត្យ​មើល​​បង្គោល​ព្រំដែន​លេខ​២០២ និង​២០៣​។

 

គួរ​រំលឹក​ថា ការ​ចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​វៀតណាម​បាន​រំលោភ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា ដោយ​សាងសង់​ផ្លូវ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២០២ និង​២០៣​។ លោក រៀល ខេមរិន្ទ្រ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ដឹក​នាំ​ការ​ចុះ​ពិនិត្យ​ព្រំដែន​លើក​នេះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​ថា សកម្មភាព​ឈូសឆាយ​ផ្លូវ​របស់​វៀតណាម នៅ​ក្បែរ​បង្គោល​ព្រំដែន គឺ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។ ​គ្រឿង​ចក្រ​ដែល​ប្រើ​សម្រាប់​ការ​ឈូស​ឆាយ​ផ្លូវ​នោះ​ទៀត​សោត ក៏​នៅ​តែ​មាន​វត្តមាន​​ត្រង់​កន្លែង​សាង​សង់​ផ្លូវ​ផង​ដែរ​​។

លទ្ធផល​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០២ និង​២០៣ របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់​នៅ​ថ្ងៃ​អាទិត្យ គឺ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​អ្វី​ដែល​អនុរដ្ឋមន្ដ្រី​ការបរទេស​វៀតណាម អះអាង​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​។ អនុរដ្ឋមន្ដ្រី​ការ​បរទេស​វៀតណាម ដែល​បាន​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ថា បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​សាង​សង់​ផ្លូវ​នោះ​ហើយ​។

លោក ជាម ចន្នី តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ធំ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ក្នុង​ដំណើរ​ត្រឡប់​មក​ពី​ស្រុក​កំពង់រោទិ៍ ​ខេត្ត​ស្វាយរៀង​វិញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ត​ទៅ​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេស​សល់ ជា​ពិសេស​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។
ជា​ការ​កត់​សម្គាល់ ដំណើរ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​លើក​នេះ គ្មាន​ការ​ប៉ះ​ទង្គិច​ហិង្សា​ណា​មួយ​កើត​ឡើង​ទេ។ គ្មាន​អំពើ​ហិង្សា ព្រោះ​មាន​ការ​សម្រប​សម្រួល និង​ការ​ការពារ​សន្តិសុខ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​។

ការ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​និង​ប្រជាពលរដ្ឋ​ខ្មែរ​នា​ពេល​នេះ ធ្វើ​ឡើង​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការ​ចុះ​ស៊ើប​អង្កេត​របស់​ក្រុម​ការងារ​ពិសេស​កម្ពុជា វៀតណាម លើ​បញ្ហា​អំពើ​ហិង្សា​រវាង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​។ ក្រុមការងារពិសេសបានឯកភាពគ្នាលើបញ្ហា​មួយ​ចំនួន ជា​អាថិ៍ ប្តេជ្ញា​មិន​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា ដូច​កាល​ចុង​​ខែ​​មិថុនា​កន្លង​​ទៅ​។ និង​​ឯកភាព​គោរព​រួមគ្នា​នូវរាល់សន្ធិសញ្ញា​កិច្ច​ព្រម​ព្រៀង ដែលបានចុះហត្ថលេខាហើយ ព្រម​ទាំង​សេចក្តីប្រកាសព័ត៌មានរួមកម្ពុជា-វៀតណាម ថ្ងៃទី ១៧មករា ឆ្នាំ​​១៩៩៥៕

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ