អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​២ ទោះ​បីមាន​ការ​រ៉ៅឆាន​ពី​ក្រុម​និស្សិត

នៅ​ព្រឹក​ថ្ងៃ​​សៅរ៍​​នេះ គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​រៀបចំ​សន្និបាត​ក្រុមប្រឹក្សាជាតិ​លើក​ទី២​របស់​​ខ្លួន នៅ​​សង្កាត់​​ព្រែក​​លាប ខណ្ឌ​​ជ្រោយ​​ចង្វារ ជាយ​ក្រុង​ភ្នំពេញ ដោយ​​មាន​​ការ​​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​និង​សមាជិក​គណបក្ស​មក​ពី​​ទូ​ទាំង​​ប្រទេស សរុប​​ប្រមាណ​១ពាន់​៥រយ​នាក់​។ នៅ​​ក្បែរ​​កន្លែង​​ប្រារព្ធ​​ពិធី​​នោះ គេ​កត់​​សម្គាល់​​ឃើញ​​ក្រុម​​យុវជន​​ជាង​​១០​នាក់ ដឹកនាំ​​ដោយ​លោក ស្រី ចំរើន ប្រើ​​ឧគ្ឃោសនសព្ទ​​ស្រែក​​ទាមទារ​​ឲ្យ​​លោក កឹម សុខា បក​ស្រាយ​​រឿង​​ខ្សែ​អាត់​​សំឡេង។ ប៉ុន្តែ​​នៅ​ទី​​បំផុត ក្រុម​​និស្សិត​​ត្រូវ​​បាន​​កម្លាំង​​សមត្ថកិច្ច​​ស្នើ​​ឲ្យ​​ចាក​ចេញ​​ពី​​ទី​​នោះ ដើម្បី​​បញ្ចៀស​​អំពើ​​ហិង្សា​​ជា​​យថាហេតុ។

លោក កឹម សុខា និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គោរព​ទង់​ជាតិ បើក​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​២ ថ្ងៃ​ទី​២៦ មីនា ២០១៦
លោក កឹម សុខា និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គោរព​ទង់​ជាតិ បើក​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​២ ថ្ងៃ​ទី​២៦ មីនា ២០១៦ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្វី​រារាំង​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី២​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​បាន​ទេ។ ក្រុម​និស្សិត​ដឹកនាំ​ដោយ​លោក ស្រី ចំរើន ដែល​តាម​ទៅ​រ៉ៅឆាន​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ​លើក​នេះ បាន​ត្រឹម​តែ​ឈរ​ស្រែក​ដាក់​ឧគ្ឃោសនសព្ទ​នៅ​ខាង​ក្រៅ​វេទិកា ទាមទារ​ឲ្យ​លោក កឹម សុខា ចេញ​មក​បក​ស្រាយ​រឿង​ខ្សែ​អាត់សំឡេង​តែ​ប៉ុណ្ណោះ​។

ក្រុម​និស្សិត ត្រូវ​បាន​រុំព័ទ្ធ​និង​រុញ​ច្រាន​ដោយ​ក្រុម​សន្តិសុខ​និង​អ្នក​គាំទ្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​សូវ​សប្បាយ​ចិត្ត និង​ចង់ឲ្យ​ក្រុម​និស្សិត​ចាក​ចេញ​ពី​ទី​នោះ​។ នៅ​ទី​​បំផុត ក្រុម​និស្សិត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយ​ចង្វារ​ស្នើ​ឲ្យ​ចាក​ចេញ ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ជា​យថាហេតុ បើ​ទោះ​បី​ជា​លោក ស្រី ចំរើន ដែល​ជា​អ្នក​ដឹកនាំ​ក្រុម​និស្សិត បញ្ជាក់​អំពី​ការ​តវ៉ា​ដោយ​សន្តិវិធី​ក៏​ដោយ។

នៅ​ក្នុង​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​២​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពេញ​មួយ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ សមាជិក​និង​ថ្នាក់ដឹក​នាំ​គណបក្ស​បាន​មក​ជួប​ជុំ​គ្នា ស្ដាប់​សារ​ស្វាគមន៍​របស់​លោក កឹម សុខា ដែល​ចូល​រួម​សន្និបាត​ដោយ​ផ្ទាល់ និងលោក សម រង្ស៊ី ដែល​ចូល​រួម​តាម​វីដេអូ​ខនហ្វឺរេន។ ក្រៅ​ពី​នោះ ប្រធាន​គណៈកម្មការ​ចំនួន​៣​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ប្រធាន​គណៈកម្មការ​នាយក លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ប្រតិបត្តិ លោក យឹម សុវណ្ណ និងប្រធាន​គណៈកម្មការ​វិន័យ លោក អ៊ូ ច័ន្ទឫទ្ធិ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពី​សកម្មភាព​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​របស់​ខ្លួន​ជា​បន្ត​បន្ទាប់។

រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ សមទ្ធិផល​ដែល​គណៈកម្មការ​ទាំង​បី​សម្រេច​បាន គឺ​ការ​បង្កើត​គណៈកម្មការ​ជំនាញ​ចំនួន​១០ ស្រប​តាម​ចំនួន​គណៈកម្មការ​ជំនាញ​នៅ​រដ្ឋសភា។ គណៈកម្មការ​ជំនាញ​ទាំង​១០​នេះ មាន​ភារកិច្ច​ស្រាវ​ជ្រាវ ប្រមូល​ឯកសារ និង​រៀប​ចំ​គោល​នយោបាយ ដាក់​ជូន​ថ្នាក់​ដឹកនាំ​គណបក្ស និង​សមាជិក​សភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ ការងារ​ទូទៅ​ដំណើរ​ការ​ល្អ ប៉ុន្តែលោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​នាយក ថា សមាជិក​របស់​ខ្លួន​ច្រើន​តែ​ខក​ខាន​មិន​បាន​ចូល​រួម​ប្រជុំ​ឲ្យ​បាន​ទៀង​ទាត់​ រៀងរាល់៣ខែម្ដង។
សមិទ្ធិផល​សំខាន់​មួយ​ចំនួន​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ដែរ គឺ​ការ​ធ្វើ​បាតុកម្ម​អហិង្សា រហូត​ទាល់​តែ​មាន​ការ​រុះរើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ការ​ទទួល​បាន​ភ្លើង​ខៀវ​ឲ្យ​បង្កើត​ទូរទស្សន៍​ព្រះ​អាទិត្យ​នៅ​ឆ្នាំ២០១៤ និង​ក្រោយ​មក​ទិញ​ដី​សម្រាប់​ស្ថានីយ​ទូរទស្សន៍​នៅ​ចុង​ឆ្នាំ​២០១៥។

បន្ទាប់​ពី​នេះ គឺ​នៅ​ពេល​រសៀល សន្និបាត​ត្រូវ​ពិភាក្សា​កំណត់​ទិស​ដៅ និង​គោល​នយោបាយ​របស់​គណបក្ស​សម្រាប់​ពេល​ពីរ​ឆ្នាំ​ខាង​មុខ ក៏​ដូច​ជា​ពិភាក្សា​និង​អនុម័ត​លើ​សំណើ​របស់​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ ដូច​មាន​ចែង​នៅ​ក្នុង​របៀប​វារៈ​កម្មវិធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ