អានតួអត្ថបទ
កម្ពុជា

បក្ស​​ប្រជាជន​​ក្រើន​រំឭក​​ឲ្យ​​ខ្មែរ​​ត្រូវ​​ដឹង​គុណ​​ថ្ងៃ៧មករា​

ដូច​រៀងរាល់​ឆ្នាំ នៅ​​ថ្ងៃទី៧​មករា ​ឆ្នាំ​២០១៥​នេះ ​គណបក្ស​​ប្រជាជន​​កម្ពុជា​ បាន​​ប្រារព្ធ​​មិ​ទ្ទិញ​​ដ៏​ធំ​​មួយ​​ដើម្បី​​រំឭក​​ខួប​​ទី៣៦ ​នៃ​​ទិវា​​ជ័យជំនះ​ ៧មករា ​របស់​ខ្លួន​។ ​ព្រឹត្តិការណ៍​​នេះ ​បាន​ធ្វើ​​ឡើង ​នៅ​​ស្នាក់​កណ្តាល​​គណបក្ស​​ប្រជាជន​​ក្នុង​​ទីក្រុង​​ភ្នំពេញ និង​នៅ​ស្នាក់ការ​តាម​បណ្តា​ខេត្ត​នានា។ គណបក្សកាន់អំណាច បាន​ស្វាគមន៍ ចំពោះ​សាលក្រម​វិនិច្ឆ័យ​ទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម ដែល​បាន​កាត់ក្តី កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៤ កន្លងទៅ និង​បាន​ក្រើនរំឭក​ជាថ្មីទៀត​ឲ្យ​ពលរដ្ឋ​ខ្មែរ ត្រូវតែ​ដឹងគុណ​ជាដាច់ខាត ដល់​ថ្ងៃ ៧មករា ឆ្នាំ១៩៧៩។

លោកហ៊ុន​សែន និងលោកហេង សំរិន លែងព្រាប​ក្នុង​ពិធី​រំលឹក​​​ខួប​​​ទី៣៦ ​​នៃ​​​ទិវា​​​ជ័យជំនះ​​ ៧មករា​
លោកហ៊ុន​សែន និងលោកហេង សំរិន លែងព្រាប​ក្នុង​ពិធី​រំលឹក​​​ខួប​​​ទី៣៦ ​​នៃ​​​ទិវា​​​ជ័យជំនះ​​ ៧មករា​ RFI/ Chiv Channa
ផ្សាយពាណិជ្ជកម្ម

ទិវា​ជ័យជំនះ ៧មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា បានចាប់ផ្តើម​ធ្វើឡើង នៅវេលា​ម៉ោង ៧ព្រឹក​ថ្ងៃ ៧មករា​នេះ ដោយមាន​ការចូលរួម​ជា​អធិបតី​ពី​ប្រមុខ​ដឹកនាំ​គណបក្សកាន់អំណាច គឺ​លោក​ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អនុប្រធាន​បក្ស ប៉ុន្តែ អវត្តមាន​លោក​ជា ស៊ីម ប្រធាន​បក្ស។ ក្រៅពី​ប្រមុខ​ដឹកនាំ​បក្ស ក៏មាន​ផងដែរ សមាជិក និង​ពលរដ្ឋ​អ្នកគាំទ្រ​ថ្ងៃ៧មករា ចូលរួម​យ៉ាងច្រើន​កុះករ។

ថ្លែង​សន្ទរកថា នៅក្នុង​មិ​ទ្ទិញ នា​ព្រឹក​ថ្ងៃទី៧មករា​នេះ លោក​ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​សាទរ​ចំពោះ​សាលក្រម​វិនិច្ឆ័យ​ទោស ចំពោះ​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម ២រូប កាលពី​ខែសីហា ឆ្នាំ២០១៤កន្លងទៅ។ លោ​កថា​នេះ គឺជា​របត់​មួយ​ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ប្រជាជន​កម្ពុជា។

ជាមួយគ្នានេះ​ផងដែរ លោក​ហេង សំរិន ក៏បាន​បញ្ជាក់​ជាថ្មី​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ត្រូវតែ​ដឹងគុណ​ថ្ងៃ​រំដោះ ៧មករា ថា​ជា​ថ្ងៃកំណើត​ទី២ របស់​កម្ពុជា។ លើសពីនេះ កម្ពុជា ក៏​គួរ​ត្រូវ​ដឹងគុណ ដល់​វីរ​យុទ្ធជន​នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ប្រយុទ្ធ និង​ធ្វើ​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន​បំផុត ដើម្បី​រំដោះប្រទេស​កម្ពុជា ពី​របប​ប្រល័យពូជសាសន៍ និង​ការពារ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន។

ប៉ុន្តែ អត្ថន័យ​ថ្ងៃ៧មករា នៅតែ​ជា​ប្រធានបទ​នៃ​ជម្លោះ​នយោបាយ​ក្តៅគគុក​ដដែល។ មួយថ្ងៃ​មុនពេល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​នេះ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោកគង់ គាំ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ចាត់ទុក​ថ្ងៃ៧មករា​ថា​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ចូល​ឈ្លានពាន​ប្រទេស​កម្ពុជា។

លោក គង់ គាំ បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា ៧មក​រាជា​ទំព័រ​ដ៏​ខ្មៅ​ងងឹត​ជានិច្ច​នៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដោយសារតែ​កងទ័ព​វៀតណាម​ម្ភៃ​កងពល ដែលមាន​ពលទាហាន​ប្រមាណ ១២ម៉ឺន​នាក់​បាន​ចូលលុកលុយ​កម្ពុជា។ ដូច្នេះ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី អះអាងថា មិន​ទទួលស្គាល់​ថ្ងៃ៧មករា ថា​ជា​ថ្ងៃ​សំខាន់​របស់​កម្ពុជា​ឡើយ។ ប៉ុន្តែ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ អ្នកប្រឆាំង៧មករា គឺជា​សម្ព័ន្ធភាព​របស់​ខ្មែរក្រហម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ