អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឆ្នាំ​២០១៥ ​ជា​​ដំណាក់កាល​​ដ៏​​លំបាក​​ថ្មី​​សម្រាប់​​គណបក្ស​​ទាំងពីរ​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​​ចុង​ឆ្នាំ ​២០១៣​មក ​រហូត​ដល់​​ដំណាច់ឆ្នាំ​ ២០១៤ ​អាច​​ចាត់​ទុក​ថា​​ជា​​ឆ្នាំ​​ប្រវត្តិ​សាស្ត្រ​​មួយ​​សម្រាប់​​ឆាក​នយោបាយ​​កម្ពុជា​​ដែល​​បាន​​ស្គាល់​​ការ​វិវឌ្ឍ​​នយោបាយ​​ដ៏​​ជ្រាលជ្រៅ​​មួយ​។ ​គណបក្ស​ប្រឆាំង​​បាន​​កើន​​សំឡេង​​យ៉ាង​ខ្លាំង​​ដែល​​ធ្វើ​​ឲ្យ​​គណបក្ស​​ប្រជាជន​កម្ពុជា​​ដែល​​កាន់​អំណាច​​ជាង​៣០ឆ្នាំ​​បាន​​ស្គាល់​​ការ​ស្រុត​ចុះ​​ប្រជាប្រិយភាព​​យ៉ាងខ្លាំង​​ដែរ​។​ វិបត្តិ​​នយោបាយ​​ក្រោយ​​ការ​បោះឆ្នោត​​ក៏​បាន​​ដុត​​កម្តៅ​​ឆាក​នយោបាយ​​រយៈពេល​​ពេញ​​មួយ​ឆ្នាំ​។ ​ប៉ុន្តែ​ ឆ្នាំ​ ២០១៥ ​ដែល​​ចូល​មក​​ដល់​ពេល​នេះ​​នឹង​​ក្លាយ​ជា​​ឆ្នាំ​​ដ៏​​លំបាក​​ម្តង​ទៀត​​សម្រាប់​​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​។

ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះជាតិ​នៅក្នុង​ឆ្នាំ​២០១៣កន្លង​មក​
ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះជាតិ​នៅក្នុង​ឆ្នាំ​២០១៣កន្លង​មក​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មហា​បាតុកម្ម​ដ៏​កក្រើក​ទីក្រុង​ភ្នំពេញ ការប្រឈមមុខគ្នា​យ៉ាង​តានតឹង​រហូត​កើតមាន​អំពើហិង្សា​បង្ហូរឈាម និង​សង្គ្រាមពាក្យសម្តី​គ្រោតគ្រាត​រវាង​គណបក្សធំៗទាំងពីរ​បាន​កន្លងផុត​ទៅហើយ។ ចុងឆ្នាំ ២០១៤ និង​ដើមឆ្នាំ ២០១៥នេះ ស្ថានការណ៍​នយោបាយ​បាន​ស្ងប់ស្ងាត់។ ប៉ុន្តែ វា​ស្ងប់ស្ងាត់​តែ​ខាងក្រៅ​តែ​កំពុងពុះ​កញ្ជ្រោល​ខ្លាំង​នៅ​ផ្នែក​ខាងក្នុង​ពោលគឺ​ឆ្នាំ ២០១៥ ដែល​ចូលមក​ដល់ពេលនេះ​គឺជា​ដំណាក់កាល​ដ៏​ក្តៅគគុក​និង​ដ៏​លំបាក​សម្រាប់​ផ្ទៃក្នុង​គណបក្សនីមួយ។

សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ឆ្នាំ ២០១៥ ជា​ឆ្នាំ​ដែល​គណបក្ស​នេះ​ត្រូវ​ឆ្លងកាត់​ព្យុះ​បោកបក់​យ៉ាងខ្លាំង​បន្ទាប់ពី​បាន​ស្គាល់​សន្ទុះ​ប្រជាប្រិយភាព​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ ។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្រឈម​នឹង​បញ្ហាសំខាន់​បី​នៅ​ចំពោះមុខ៖ ទី១គឺ​បញ្ហា​ផ្ទៃក្នុង​ដែល​កំពុង​រង្គោះរង្គើ, ទី២គឺ​ការរក្សា​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​បរិបទ​ដែល​បញ្ហា​មួយចំនួន​នៅតែ​ជា​ចំណុច​ប្រឈម​តានតឹង​នៅឡើយ និង​ទី៣គឺ ការ​ទប់ខ្លួន​ពី​សម្ពាធ​នៃ​ចលនានយោបាយ​ថ្មី​ដែល​កំពុងតែ​លេចឡើង។ បញ្ហា​ទាំងបី​ដែល​កើតឡើង​ក្នុងពេល​តែមួយ​ពិតជា​មិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​គណបក្សប្រឆាំង​ទទួល​អំណ​ឆ្នាំ​ថ្មី​ដោយ​រីករាយ​បានទេ។

ងាក​ទៅ​មើល​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ឆ្នាំ ២០១៥ ក៏​ជា​ឆ្នាំ​សាកល្បង​ដ៏​សំខាន់​មួយទៀត​ដែរ​សម្រាប់​នយោបាយ​កំណែទម្រង់​របស់ខ្លួន។ ដូចដែល​គេ​បានដឹង​រួចហើយ​ថា ការបោះឆ្នោត​កាលពី​ខែកក្កដា​ឆ្នាំ ២០១៣ ប្រៀបបាន​នឹង​រលក​យក្ស​ស៊ូណាមិ​ដែល​វាយ​បោកបក់​ពេញទំហឹង​ទៅលើ​គណបក្ស​នេះ។ បក្ស​កាន់អំណាច​ជាង៣០ឆ្នាំ​បាន​ស្គាល់​ការស្រុតចុះ​ប្រជាប្រិយភាព​យ៉ាងគំហុគ​គួរ​ឲ្យ​ព្រួយបារម្ភ។ ក្នុងទិសដៅ​ស្តា​ប្រជាប្រិយភាព​របស់ខ្លួន រដ្ឋាភិបាល​បក្ស​កាន់អំណាច​បានដាក់​ចេញ​កំណែទម្រង់​ស៊ីជម្រៅ​ជាច្រើន។ ប៉ុន្តែ រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅនេះ នយោបាយ​កំណែទម្រង់​នេះ​នៅ​មិនទាន់​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ។

សេវាកម្ម​សាធារណៈ​នៅតែ​មិនគួរ​ជាទី​ពេញចិត្ត​របស់​ពលរដ្ឋ។ ប្រព័ន្ធយុត្តិធម៌​នៅតែ​ជាដើម​ចម​នៃ​ការតវ៉ា​របស់​ជនរងគ្រោះ​ជាច្រើន។ អំពើពុករលួយ បញ្ហាដីធ្លី គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ រវាង​ទីក្រុង​និង​ជនបទ និង​បទល្មើស​ព្រៃឈើ។ល។ សុទ្ធសឹង​ជា​ចំណុចក្តៅ​ដែល​បង្ក​ការមិនសប្បាយចិត្ត​រប​ស់​ពលរដ្ឋ​ម្ចាស់ឆ្នោត។ តាមពិត​បញ្ហា​ទាំងនេះ​ជា​រឿង​ដែល​បន្សល់​ពី​ឆ្នាំ​ចាស់​ជា​យូរណាស់​មកហើយ​តែ​ដោះស្រាយ​មិនទាន់​ចេញ។ ប៉ុន្តែ ការបោះឆ្នោត​មិន​រង់ចាំ​កំណែទម្រង់​ដ៏​យឺតយ៉ាវ​នេះ​ទេ។

ម្យ៉ាងទៀត ស្ថានការណ៍​នយោបាយ​បាយ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ខុសពី​ឆ្នាំ​ចាស់។ ខុសគ្នា​នៅត្រង់ថា កាលពីមុន គណបក្សកាន់អំណាច​អាច​រំភើយ​បាន​ព្រោះ​សម្អាងថា ខ្លួន​មិន​ងាយ​មាន​គូបដិបក្ខ​ណា​ផ្តួល​បានឡើយ។ ប៉ុន្តែ ឆ្នាំ​ថ្មី​នេះ ស្ថានការណ៍​មិន​អនុញ្ញាត​ឲ្យ​គណបក្សកាន់អំណាច​ធ្វើ​ព្រងើយ​ដូច​ពីមុន​បាន​ទៀតឡើយ។ អំណឹះតទៅ​គឺជា​ពេលវេលា​ដ៏​មានតម្លៃ​បំផុត​ដែល​គណបក្សនយោបាយ​ត្រូវ​បង្ហាញ​សមត្ថភាព​ដោះស្រាយ​បញ្ហា ពីព្រោះ​នេះ​ជា​វិញ្ញាសា​ស្លាប់​រស់ក្នុង​ការដណ្តើម​ប្រជាប្រិយភាព​សម្រាប់​ការបោះឆ្នោត​លើក​ក្រោយ។

ដូច្នេះ គ្មាន​គណបក្ស​ណាមួយ​ទាំង​បក្ស​កាន់អំណាច ទាំង​បក្សប្រឆាំង​អសកម្ម​នៅ​ចំពោះមុខ​បញ្ហា​រាប់រយ​ជំពូក​ដែល​ខ្លួន​កំពុងតែ​ប្រឈម​នោះឡើយ។ និយាយ​តាមបែប​ផ្សេង ឆ្នាំ ២០១៥ និង​ឆ្នាំ​ខាងមុខ​ទៀត គឺជា​ពេលវេលា​ក្តៅគគុក​សម្រាប់​ឆាកនយោបាយ​ប្រទេស​កម្ពុជា។ ភាព​ក្តៅគគុក​នេះ ប្រសិនបើ​វា​កើតឡើង​ក្នុង​ក្របខណ្ឌ​នៃ​វប្បធម៌​សន្ទនា​ដូចដែល​កំពុង​កើតឡើង​នៅពេលនេះ​គឺជា​ការល្អប្រសើរ។ ប៉ុន្តែ ប្រសិនបើ​វា​បែរជា​ក្តៅ​រហូតដល់​ដុត​រោល​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ធំ​ទាំងពីរ​ឲ្យ​រលាយ​ទៅវិញ​នោះ ស្ថានការណ៍​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ជាមិនខាន។

សរុប​មកវិញ ឆ្នាំ ២០១៥ នេះ​មិន​គ្រាន់តែ​ជា​ពេលវេលា​ដែល​គណបក្ស​ទាំងពីរ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈមរៀងៗខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏ត្រូវ​ខំ​ថែរក្សា​កិច្ចព្រមព្រៀង​នយោបាយ​កុំ​ឲ្យ​ក្លាយជា​វិបត្តិ​សាជាថ្មី​ផងដែរ។ តើ​គណបក្សកាន់អំណាច​អាច​សម្រេច​កំណែទម្រង់​របស់ខ្លួន​បាន​កម្រិតណា? តើ​បក្ស​សង្គ្រោះ​ជាតិ​អាច​រក្សា​សន្ទុះ​របស់ខ្លួន​ទៅមុខទៀត​បានដែរ​ឬទេ? តើ​ចលនានយោបាយ​ថ្មី​ដែល​កំពុង​ចាប់កំណើត​នៅពេលនេះ​មាន​វាសនា​យ៉ាងដូចម្តេច? ទាំងនេះ​ជា​សំណួរ​ដែល​គេ​អា​ចរក​ចម្លើយ​ឃើញបណ្តើរៗក្នុងអំឡុង​ឆ្នាំ ២០១៥ នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ