អានតួអត្ថបទ
កម្ពុជា

បក្ស​​កាន់​អំណាច និង​​បក្ស​ប្រឆាំង មាន​​សុទិ​ដ្ឋិ​និយម​ដូច​​គ្នា​​​នៅ​ឆ្នាំ២០១៥

ខណៈដែល​ឆ្នាំ២០១៥នឹង​ចូល​មកដល់​ថ្ងៃស្អែក​នេះ រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើងថា ឆ្នាំ២០១៥ឆ្នាំ​ថ្មី នឹង​នាំមក​នូវ​សញ្ញាណ​វិជ្ជមាន​ចំពោះ​សង្គមជាតិ​កម្ពុជា។ វិជ្ជមាន​ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ បញ្ហាដីធ្លី និង​បញ្ហា​យុត្តិធម៌​ជាដើម។

លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ចាប់​ដៃ​គ្នា​ញញឹម ក្រោយ​កិច្ច​ប្រជុំ​កំពូល ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤
លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ចាប់​ដៃ​គ្នា​ញញឹម ក្រោយ​កិច្ច​ប្រជុំ​កំពូល ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​សុទិដ្ឋិ​និយម​ចំពោះ​ឆ្នាំ២០១៥ ដែលជា​ឆ្នាំ​នាំមក​នូវ​ការអភិវឌ្ឍ​សង្គម និង​វប្បធម៌​ន​សន្ទនា​រវាង​រវាង​បក្សប្រឆាំង និង​រដ្ឋាភិបាល និងយុត្តិធម៌សង្គម។ តាមរយៈ​លិខិត​អបអរ​ឆ្នាំ​២០១៥​ លោកនាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​សម្តែង​ជំនឿ​ទុកចិត្ត​ថា ឆ្នាំ២០១៥នេះ នឹង​នាំមក​នូវ​វិបុលភាព វ​ឌ្ឍន​ភាព និង​កាលានុវត្តភាពថ្មីៗដល់​ប្រទេសជាតិ តាមរយៈ​ការយកចិត្តទុកដាក់​លើ​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច ដែល​រួ​មាន​ជាអាទិ៍ វិស័យ​កសិកម្ម ឧស្សាហកម្ម​កាត់ដេរ ទេសចរណ៍ និង​វិស័យ​សំណង់។

លោកនាយក​រដ្ឋមន្ត្រី​ដែលជា​អនុប្រធាន​គណបក្ស​ប្រជាជន​ដែរនោះ បាន​បន្តថា ដើម្បី​បង្កើន និង​បន្ត​ពង្រឹង​ការរីកចម្រើន​ រដ្ឋាភិបាល​ផ្តោត​ជា​អទិភាព លើ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ បណ្តុះ​បណ្តាល​​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន និង​ពង្រឹង​អភិបាលកិច្ច​ល្អ​តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​ជាដើម។ យ៉ាណា​ក៏ដោយ​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​​លើកឡើង​ពី​សក្តានុពល និង​សមិទ្ធផល​ដែល​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច ដូចជា​ការរក្សា​កំណើនសេដ្ឋកិច្ច៧ភាគរយ​ក្នុង​មួយឆ្នាំ ការកាត់បន្ថយ​ភាពក្រីក្រ​១ភាគរយ​ក្នុង​មួយឆ្នាំ​ដែល​បច្ចុប្បន្ន​ភាពក្រីក្រ​នៅ​កម្ពុជា មានតែ១៨ភាគរយ​តែប៉ុណ្ណោះ។ 

ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ រំពឹងថា ឆ្នាំ២០១៥ឆ្នាំ​ថ្មី​នេះ វប្បធម៌​សន្ទនា​រវាង​អ្នកនយោបាយ​បក្សប្រឆាំង ​និង​បក្ស​កាន់អំណាច​នឹង​ចាប់​ផ្តើមចេញ​ជា​ផ្លែផ្កា តាមរយៈ​ការទទួលស្គាល់​អំណាច និង​ឥទ្ធិពល​នៃ​ក្រុម​សមាជិកសភា​ភាគតិច​ដែលជា​ដៃគូរ​សន្ទនា​ជាមួយនឹង​ប្រមុខ​រដ្ឋាភិបាល។នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​កិច្ចការ​សាធារណៈ​លោកស្រី មួរ សុខ​ហួរ​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ពុធ​នេះ។

បើទោះបីជា​មិនទាន់មាន​សេចក្តីថ្លែងការណ៍​ជូន​ជនរួមជាតិ​នៅឡើយ ប៉ុន្តែ​ប្រធាន​កិច្ចការ​សាធារណៈ​រូបនេះ បាន​បន្តថា បញ្ហា​ចម្រូងចម្រាស់​ក្នុងសង្គម ដូចជា​បញ្ហាដីធ្លី បញ្ហា​អយុត្តិធម៌​​ក្នុងសង្គម នឹង​ត្រូវបាន​ដោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​តាមរយៈ​កិច្ចការងារ​របស់​គណៈ​កម្ម​ការ​សភា ដែលមាន​គណបក្សប្រឆាំង​កាន់កាប់។ ហើយ​ឆ្នាំ២០១៥ខាងមុខនេះ កម្ពុជា​នឹងមាន​ច្បាប់ និង​ស្ថាប័ន​បោះឆ្នោតជាតិ​ថ្មី​មួយ​ដែល​សុ​ក្រឹត និង​យុត្តិធម៌ តាមរយៈ​កំណែទម្រង់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខិតខំ​។ មួយវិញទៀត លោកស្រី​មួរ សុខ​ហួរ ក៏មាន​សុទិដ្ឋិ​និយម​ដែរ​ថា ឆ្នាំ២០១៥​ខាង​មុខ​នេះ បញ្ហា​នៃ​ការចាប់​ដាក់ពន្ធនាគារ​នៃ​សកម្មជន​​គណបក្សប្រឆាំង និងសកម្មជន​​ដីធ្លី ក៏​អាច​ត្រូវបាន​ដោះស្រាយ​ផងដែរ។

ខុសពី​រដ្ឋាភិបាល​ដែល​រំលឹក​ពី​វឌ្ឍនភាព​សង្គម​ក្នុង​ឆ្នាំ​ចាស់ ២០១៤ បក្សប្រឆាំង បាន​លើកឡើងថា ឆ្នាំ២០១៤ គឹជា​ឆ្នាំ​សោកសៅ ព្រោះតែ​មានការ​បាញ់សម្លាប់​បាតុករ​ក្នុង​អំឡុង​ពេល​​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ការចាប់​ដាក់ពន្ធនាគា​រ​តំណាងរាស្ត្រ​នៃ​គណបក្សប្រឆាំង​ជាដើម។

យ៉ាងណាក៏ដោយ សម្រាប់​ឆ្នាំ២០១៥ឆ្នាំ​ថ្មី​នេះ បើទោះបីជា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ពី​សុទិ​ដ្ឋិ​និយម​ពីរ​ទិដ្ឋភាព​ក៏ដោយ ប៉ុន្តែវា​ត្រូវបាន​គេ​មើលឃើញថា​ជា​ដំណើរការ​ឆ្ពោះទៅកាន់​វឌ្ឍនភាព​សង្គម និង​សុខដុមរមនា​ក្នុងសង្គម​តែមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ