អានតួអត្ថបទ
កម្ពុជា

ក្រសួង​​វប្បធម៌​​រក​ឃើញ​​ម្ចាស់​​ពានរង្វាន់​​រឿង​ខ្លី​​ថ្នាក់ជាតិ​​ជា​​លើក​ទីមួយ​

កម្មវិធី​ប្រកួតប្រជែង​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​ជា​លើកដំបូង​បង្អស់​នៅ​សាល​មហោស្រព​ចតុម្មុខ​ចាប់ពី​ថ្ងៃទី៤មករា​រហូតដល់​ថ្ងៃទី៧មករា បាន​បិទ​បញ្ចប់​ហើយ​កាលពី​យប់មិញ។ នៅ​ទីបំផុត ក្រសួង​វប្បធម៌​ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ​បាន​ចម្រាញ់​រកឃើញ​នូវ​ម្ចាស់​ជ័យលាភី​បី​រូប​តាមរយៈ​​សាច់រឿង​ខ្លី​ដ៏​មាន​អត្ថន័យ​បី​ផ្សេងគ្នា។

លោកស្រី​ភឿង សក្ខណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ផ្តល់​ពាន​រង្វាន់​ដល់​លោកលី ប៉ូឡែន ​ផលិតករ​រឿង​ទឹក​ក្រហម​
លោកស្រី​ភឿង សក្ខណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ផ្តល់​ពាន​រង្វាន់​ដល់​លោកលី ប៉ូឡែន ​ផលិតករ​រឿង​ទឹក​ក្រហម​ @​មហោស្រព​ភាព​យន្ត​ជាតិ​ខ្នាត​ខ្លី​
ផ្សាយពាណិជ្ជកម្ម

រឿង​ខ្លី​ចំនួន​បី​ដែល​បាន​ជាប់​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​នៅ​ឆ្នាំនេះ គឺ​លេខ១បាន​ទៅលើ​រឿង "ទឹក​ក្រហម" ដែល​ដឹកនាំ​ដោយ​លោក លី ប៉ូ​ឡែ​ន មាន​រយៈពេល​ជាង១៤នាទី។ ចំណែក​ចំណាត់ថ្នាក់​លេខ២វិញ បាន​ទៅលើ​រឿង"២០ដុល្លារ"របស់លោក​សាង ច័ន្ទ​វិសាល មាន​រយៈពេល​ជាង១២នាទី និង​ចំណាត់ថ្នាក់​លេខ​បី​គឺ​រឿង"សីលធម៌"របស់លោក​យឹម សុស​ត្យា ដែលមាន​រយៈពេល​ត្រឹមតែ​ជាង៥នាទី​ប៉ុណ្ណោះ។ សម្រាប់​ម្ចាស់​ជ័យលាភី​លេខ១ទទួលបាន​ពានមាស​មួយ​និង​ទឹកប្រាក់​ចំនួន៣០០០ដុល្លារ។ លេខ២ ទទួលបាន​ពានប្រាក់​មួយ និង​ទឹកប្រាក់​ចំនួន២០០០ដុល្លារ ហើយ​ចំណែក​លេខ៣ ទទួលបាន​ពានសំរិទ្ធ​មួយ​និង ទឹកប្រាក់​ចំនួន១០០០ដុល្លារ។

លោក​ស៊ិន ចន្ទ​សា​យ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​និង​ទស្សនីយភាព​របស់​ក្រសួង​វប្បធម៌​បានបញ្ជាក់​ឲ្យ​ដឹងថា ការប្រកួតប្រជែង​រឿង​ខ្នាត​ខ្លី​នេះ គឺ​គណៈកម្មការ​បាន​ចម្រាញ់​ជា​ពីរ​ដំណាក់កាល​លើ​រឿង​ទាំង១៨ដែល​ដាក់​ចូលរួម។ ដោយ​ដំបូង​ចម្រាញ់​យក៥រឿង និង​ចុងក្រោយ​ចម្រាញ់​យកតែ៣រឿង​ជា​ជ័យលាភី​តែម្តង។ បើតាម​លោក​ស៊ិន ចន្ទ​សា​យ៉ា ការជ្រើសរើស​រឿង​ខ្លី​ទាំងនេះ គឺ​ផ្អែក​ទៅតាម​ការវិនិច្ឆ័យ៦ចំណុច​គឺ សាច់រឿង ការដឹកនាំ បច្ចេកទេស​ថត ការកាត់ត បច្ចេកទេស​សំឡេង និង ការសំដែង​របស់​តួអង្គ​នៅក្នុង​រឿង។

សូមបញ្ជាក់ថា ការប្រកួតប្រជែង​រឿង​ខ្នាត​ខ្លី​នេះ គឺជា​លើកទីមួយ​ហើយ​ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ភាពយន្ត​និង​ទស្សនីយភាព​របស់​ក្រសួង​វប្បធម៌​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​មានដំណើ​រវិ​វត្ត​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ឲ្យ​ឈាន​ឆ្ពោះទៅរក​ការផលិត​ខ្សែភាពយន្ត​ខ្នាត​វែង ទាំង​រឿងកុន​ខ្នាត​វែង និង​រឿង​ដុំ​ជាភាគៗសម្រាប់​បញ្ចាំង​តាម​ទូរទស្សន៍។ បើតាម​ស៊ិន ចន្ទ​សា​យ៉ា​ដដែល នៅពេលនេះ ក្រសួង​វប្បធម៌​កំពុង​ពិចារណា​ក្នុង​ការរៀបចំ​ការប្រកួត​ប្រជែង​រឿង​ខ្លី​នេះ​ជា​លើក​ទី​ពីរ​នៅ​ចុង​ឆ្នាំ២០១៧នេះ ពោល គឺ​កំពុង​គិតថា គួររៀបចំ​បញ្ចូល​ជាមួយ​កម្មវិធី​ប្រកួតប្រជែង​រឿង​ខ្នាត​វែង​លើក​ទី៥នៅ​ដើមខែ​ធ្នូ​ឆ្នាំនេះ ឫ​ក៏​យ៉ាណា?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ