លោក សម រង្ស៊ី អំពាវនាវឲ្យ លោក ហ៊ុន សែន ប្ដូររបៀបដឹកនាំដើម្បីគេចផុតទណ្ឌកម្មEU
ក្រោយចេញសេចក្ដីប្រកាសព័ត៌មានមួយថ្ងៃរបស់គណៈកម្មាការសហភាពអឺរ៉ុបជុំវិញនិរន្តភាពនៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជាលោកសមរង្ស៊ីអតីតមេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃទី១៣ខែកក្កដា ម្សិលមិញបានចេញមុខ អំពាវនាវឲ្យលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ប្ដូររបៀបដឹកនាំនយោបាយដើម្បីគេចផុតការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហភាពអឺរ៉ុប(EU)។ ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចគូសបញ្ជាក់ថា លោក សម រង្ស៊ី គ្មានសិទ្ធិមកបង្គាប់បញ្ជារដ្ឋាភិបាលឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៩
របបនយោបាយដែលលោក សម រង្ស៊ី ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរចេញនោះគឺការវិលត្រឡប់មកដើរតាមផ្លូវប្រជាធិបតេយ្យតាមរយៈ ការផ្ដល់សេរីភាពដល់អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោតដែលមានលក្ខណៈសេរីនិងយុត្តិធម៌ពិតប្រាកដមួយដោយមានការចូលពីអតីតគណបក្សសង្គ្រោះជាតិឡើងវិញ។ នេះបើតាមការថ្លែងរបស់ លោក សម រង្ស៊ី លើបណ្ដាញសង្គមហ្វេសបុកកាលពីថ្ងៃទី១៣កក្កដា។
សម្រាប់លោក សម រង្ស៊ី បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនប្ដូររបៀបដឹកនាំនយោបាយនាពេលបច្ចុប្បន្ន នោះសហគមអន្តរជាតិ ពិសេសមហាអំណាច គេនឹងចាប់ផ្ដើមអនុវត្តវិធានការមួយចំនួនរួមមានៈ វិធានការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម ដើម្បីបង្ខំឲ្យលោក ហ៊ុន សែន វិលត្រឡប់មកដើរតាមផ្លូវប្រជាធិបតេយ្យ។លោកបញ្ជាក់ថា វិធានការនេះសំដៅមកលើ លោក ហ៊ុន សែន មិនមែនប្រជារាស្ត្រខ្មែរ ឬអ្នកនយោនបាយខ្មែរឡើយ ។
ឆ្លៀតពេលនេះ លោក សម រង្ស៊ី ក៏បានរិះគន់នយោបាយសេដ្ឋកិច្ចរដ្ឋាភិបាលកម្ពុជាថាបរាជ័យ តាមរយៈពលរដ្ឋចំណាកស្រុក យុជនគ្មានការងារធ្វើ ផលិតផលកសិកម្ម គ្មានទីផ្សារ ឬបង្ខំចិត្តលក់ក្នុងតម្លៃទាប។
ប៉ុន្តែយ៉ាងណាក៏ដោយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា លោក សម រង្ស៊ី គ្មានតួនាទីអ្វីមកបង្គាប់បញ្ជារដ្ឋាភិបាលឲ្យធ្វើតាមការនឹកឃើញរបស់ខ្លួនឡើយ។
គួរកត់សម្គាល់ថា ការលូកមាត់របស់លោក សម រង្ស៊ី ធ្វើឡើងភ្លាមៗបន្ទាប់ពីគណៈកម្មាការសហភាពអឺរ៉ុប បានព្រមានដកកម្ពុជាចេញពីគម្រោងអនុគ្រោះពន្ធ(EBA) ក្រោយពីហភាពអឺរ៉ុប បញ្ចប់បេសកកម្មស្វែងរកការពិតនៅកម្ពុជា រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ខែកក្កដា។
ជុំវិញជំហរកម្ពុជាជាមួយតំណាងសហភាពអឺរ៉ុបនៅពេលនេះត្រូវបាន លោក សុខ ឥសាន អះអាងជាថ្មីថា ការអនុគ្រោះពន្ធ ឬមិនបន្តអនុគ្រោះពន្ធនៅកម្ពុជាបានផ្សាភ្ជាប់នឹងលក្ខខណ្ឌការងារកម្មករនិយោជិកបូករួមលក្ខខណ្ឌនយោបាយ។ ចំពោះលោក សុខ ឥសាន បើកម្ពុជាមានការរំលោភសិទ្ធិមនុស្ស ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជាមែននោះ ម្លេះរបបនេះមិនមាននិរន្តភាពមកដល់បច្ចុប្បន្នទេ ហើយថា ការគោរពសិទ្ធិមនុស្សជាផ្នែកសំខាន់នៃលក្ខខណ្ឌអនុគ្រោះពន្ធនៅកម្ពុជាដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ