អានតួអត្ថបទ
កម្ពុជា

លោកហ៊ុន សែន​ និង​លោកសម រង្ស៊ី ​គ្មាន​គម្រោង​ជួប​គ្នា​នៅ​បារាំង​ ខណៈ​កម្តៅ​នយោបាយ​នៅ​ក្តៅ​

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​នឹង​ចាកចេញ​ពី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​៣ថ្ងៃ​នៅ​បារាំង​ចាប់​ពី​ថ្ងៃ​ទី​២៥ ​ដល់​ថ្ងៃទី​២៧ ​ខែ​តុលា ​។ ​វត្តមាន​របស់​ប្រមុខរដ្ឋាភិបាល​កម្ពុជា​នៅ​បារាំង​ក្នុង​ថ្ងៃ​ស្អែក​នេះ ​គឺ​ស្រប​ពេល​ដែល​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​កំពុង​ស្ថិត​នៅ​ទីនោះ​ដែរ​។ ​ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ទាំងពីរ​ បាន​បញ្ជាក់​ថា​ ប្រមុខ​បក្ស​កាន់​អំណាច​ និង​ ប្រឆាំង ​មិន​មាន​គម្រោង​ជួប​គ្នា​ឡើយ បើទោះបី​ស្ថានភាព​នយោបាយ​ឡើង​កម្តៅ​វិញ​នៅ​ពេល​ថ្មីៗ​នេះ។​

លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

“មិនមាន​តម្រុយ​​ណាមួយ​នៃ​ការ​ណាត់​ជួប​គ្នា​រវាង​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ និង ​គណបក្ស​សង្រ្គោះជាតិ​នៅក្នុង​ប្រទេស​បារាំង​នោះ​ឡើយ”​។ ​នេះគឺ​ជាការ​អះអាង​ដូចគ្នា​របស់​អ្នកនាំ​ពាក្យ​គណបក្ស​​ជាប់ឆ្នោត​ទាំងពីរ​នៅ​ថ្ងៃសៅរ៍​ ទី២៤ ​តុលា។​ ​បើទោះបី​គ្មាន​គម្រោងជួ​បគ្នា​ដោយ​ផ្ទាល់​ ក៏ប៉ុន្តែ​លោកយ៉ែម ប៉ុញ្ញឫទ្ធិ​ អ្នកនាំ​ពាក្យ​គណបក្ស​សង្រ្គោះជាតិ ​បាន​បញ្ជាក់​ថា ​លោក​សម រង្ស៊ី ​និង​ លោក​ហ៊ុន សែន ​អាច​នឹង​ទាក់ទង​គ្នា​​តាម​​រយៈ​សារ​​អេឡិច​ត្រូនិក​​។
 

គួរជំរាបជូន​ថា ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​នឹង​បំពេញ​ទស្សនកិច្ច​រយៈពេលបីថ្ងៃ​នៅក្នុង​ប្រទេស​បារាំង​តប​តាម​ការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​ហ្រ្វង់ស្វ័រ ហូឡង់​(Francois Hollande)​ ចាប់​ពី​ថ្ងៃទី​២៥ ​ដល់​ថ្ងៃទី​២៧ ​ខែ​តុលា។ ​វត្តមា​ន​របស់​លោកហ៊ុន សែន ​នៅក្នុង​ប្រទេស​បារាំង​នេះ ​គឺ​ស្រប​ពេល​ដែល​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​កំពុង​ស្ថិត​នៅទីនោះដែរ​។ ​លោកសម រង្ស៊ី​ បាន​ទៅកាន់​ប្រទេស​បារាំង​តាំង​ពី​ថ្ងៃ​ទី​១២ ​ខែ​តុលា ​ឆ្នាំ​២០១៥ ​ដើម្បី​ទៅជួប​សកម្មជន​ និង​អ្នកគាំទ្រ​របស់​ខ្លួន​។

ជាការ​កត់សម្គាល់ ​នៅ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ​បាន​ឡើង​កម្តៅ​ជា​ថ្មី។​ គឺ​ជា​ការ​ឡើង​កម្តៅ ​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​វាយប្រហារ​ទៅ​លើ​ការ​រិះគន់​របស់​លោក​សម រង្ស៊ី ​ដែល​បាន​បង្អាប់​តម្លៃ​​នៃ​សញ្ញាបត្រ ​និង ​ប្រព័ន្ធ​អប់រំ​នៅក្នុង​ស្រុក​ខ្មែរ​។ គឺ​ការ​ឆ្លើយឆ្លង​គ្នា​អំពី​រឿង​ប្រព័ន្ធ​អប់រំ​នេះ​ហើយ ​បាន​ឈាន​ទៅ​ដល់​លោក​ហ៊ុន សែន អង្អុល​មុខ​លោក​យ៉ែម ប៉ុញ្ញឫទ្ធិ​ នៅក្នុង​អំឡុង​ពេល​ប្រជុំ​រដ្ឋសភា​ទៀត​ផង​។
 

ទោះជាយ៉ាងណា ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្រ្គោះជាតិ​ បាន​គូស​បញ្ជាក់​ដូចគ្នា​ថា ​នេះ​មិន​អាច​កំទេច​វប្បធម៌​សន្ទនា​ដែលប​ង្កើត​ឡើង​ដោយ​ប្រមុខ​បក្ស​ទាំងពីរ​បានទេ​។ ​លោក​សុខ ឥសាន​ អ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​វេទិកា​តុមូល​វិទ្យុ​បារាំង​អន្តរជាតិ​កាល​ពីសុ​ក្រ​ បាន​លើក​ឡើង​ថា ​ទោះបី​មាន​ការ​ផ្លោង​សារ​នយោបាយ​ដាក់គ្នា​ទៅវិញ​ទៅមក​ក៏ដោយ ​ក៏ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​វប្បធម៌​សន្ទនា​បាត់បង់​ជីវិត​ឡើយ។​ ចំណែក​លោកយឹម សុវណ្ណ ​អ្នកនាំ​ពាក្យ​គណបក្ស​សង្រ្គោះជាតិ​វិញ ​មាន​ជំនឿថា​ វប្បធម៌​សន្ទនា​នឹង​មាន​ជីវិត​ជាអមតៈ​ ។ ​អ្នក​នាំពា​ក្យ​ទាំង​ពីរ ​បាន​លើកឡើង​ដូច្នេះ ​ក៏ព្រោះ​តែ​មើល​ឃើញ​ថា ​វប្បធម៌​សន្ទនា​បាន​ធ្វើឲ្យ​គណបក្ស​ទាំងពីរ​សម្រេច​បាន​កិច្ចការ​ជាតិធំ​ៗ​ជាមួយគ្នា​នា​ពេល​កន្លង​មក​ដូចជា ​ការ​រួមគ្នា​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ និង ​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​ក្នុង​ពេលថ្មីៗ​កន្លង​ទៅ​នេះ​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ