អានតួអត្ថបទ
កម្ពុជា

អ្នកវិភាគ​សង្គម​៖ ​សមាជិក​ គ.ជ.ប​ ចូលរួម​​សកម្មភាព​​សង្គម​​គ្មាន​​បញ្ហា​​អ្វី​​នោះ​ទេ​

លោក​កែម ឡី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការចូលរួម​កិច្ចការ​សង្គម​គឺ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា ហើយ​ទិវា​ពលកម្ម​​អន្តរជាតិ​កាលពីពេលថ្មីៗនេះ គឺជា​កិច្ចការ​សង្គម ដែល​វា​មិនមែនជា​កិច្ចការ​ឃោសនា​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។ ដូច្នេះ​ការចូលរួម​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​របស់លោក រ៉ុង ឈុន វា​មិនមាន​បញ្ហា​អ្វី​ទាស់ខុស​អ្វី​នោះទេ។

លោករ៉ុង ឈុន សមាជិក​គ.ជ.ប​ថ្មី​
លោករ៉ុង ឈុន សមាជិក​គ.ជ.ប​ថ្មី​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

អ្នកវិភាគ​នយោបាយ និង​ព្រឹត្តិការណ៍​សង្គម​កម្ពុជា លោក​កែម ឡី បាន​យល់ឃើញ​ចំពោះ សកម្មភាព​ចូលរួម​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​របស់លោក​រ៉ុង ឈុន កាលពី​ថ្ងៃទី១ ឧសភា ថា​ប្រសិនបើ ទិវា​អន្តរជាតិ​វា​ជា​កិច្ចការ​សង្គម នោះ​មិនត្រូវ​រិត​ត្បិត​ទេ។ ប៉ុន្តែ ប្រសិនបើ​ច្បាប់​ចែងថា សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មិនអាច​ចូលរួម​ក្នុង​សកម្មភាព​គណបក្សនយោបាយ និង​ក្នុង​កិច្ចការ​សង្គម​ទេ នោះ​សមាជិក​ទាំងអស់​មិនត្រូវ​ចូលរួម​ឡើយ។ លោក​បន្តថា​យើង​គ្រប់គ្នា​ត្រូវតែ​គោរព​ច្បាប់ ប៉ុន្តែ​ច្បាប់​ត្រូវតែមាន​ភាពស្មើគ្នា​ឲ្យ​ត្រូវ​តាម​ស្តងដារ។

សកម្មភាព​របស់លោក រ៉ុង ឈុន ត្រូវបាន​លោក សួស យ៉ា​រ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា បង្ហាញ​ពី​ទំនាស់​ផលប្រយោជន៍ និង​ប៉ះពាល់​ដល់​តម្លៃ គ.ជ.ប។ ចំណែក​លោក​រុង ឈុន បាន​បញ្ជាក់ថា  លោក​គ្រាន់តែ​ទៅ​ឃ្លាំមើល និង​ឈរ​ពី​ចម្ងាយ​តែប៉ុណ្ណោះ ហើយ​លោក​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​ទៀតថា ពេលនោះ​គឺជា​ពេល​ក្រៅ​ម៉ោង​រដ្ឋបាល។
គួរ​ជម្រាប​ថា កាលពី​ថ្ងៃទី ១ឧសភា​ម្សិលមិញ លោក រ៉ុង ឈុន ដែលជា​សមាជិក​មួយរូប​រប​ស់គ.ជ.ប បាន​ទៅមុខ​រដ្ឋសភាជាតិ ស្របពេល​ដែលមាន​ក្បួន​ដង្ហែ​របស់​សហជីព​និង​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពលកម្ម​អន្តរជាតិ។

ចំណែក​លោក ស៊ិ​ក ប៊ុន​ហុក ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា សកម្មភាព​របស់លោក រុង ឈុន ដែលជា​សមាជិក​គ.ជ.ប គឺជា​សកម្មភាព​ដែល​មិន​ធ្លាប់មាន​ទេ​សម្រាប់​សមាជិក​គ.ជ.ប។ លោក​ចាត់ទុកថា​នេះ គឺជា​សកម្ម​ភាពខុសប្រក្រតី។ ហើយ នៅ​ថ្ងៃ​ច័ន្ទ ទី៤ លោក​នឹងដាក់​បញ្ហា​នេះ ជា​កម្មវត្ថុ​មួយ​ក្នុងការ​ប្រជុំ ហើយ​ចំពោះ​លទ្ធផល​យ៉ាងណា​នោះ គឺ គ.ជ.ប នឹង​សម្រេច​នៅ​ថ្ងៃ​ច័ន្ទ ទី។​ លោក​បន្ថែមថា ប្រសិនបើ​រកឃើញ​កំហុស គ.ជ.ប គឺ​គ្រាន់តែ​ប្រមាន​តែប៉ុណ្ណោះ ហើយ​គ្មាន​ការបណ្តេញ​សមាជិក​របស់លោក​ចេញ​នោះទេ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ