គួរបើកវចនានុក្រមខ្មែរ ឲ្យបានញឹកញាប់ដូចបើកវចនានុក្រមភាសាបរទេស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៧
តើលោកអ្នកមានវចនានុក្រមខ្មែរនៅផ្ទះដែរឬទេ? បើមាន តើលោកអ្នកនាងបើកផ្ទៀងការសរសេររបស់ខ្លួនញឹកញាប់ប៉ុណ្ណាដែរ នៅពេលសរសេរអត្ថបទជាភាសាខ្មែរ? នៅក្នុងសង្គមខ្មែរ ការប្រើប្រាស់វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៅក្នុងការសរសេរប្រចាំថ្ងៃ នៅតែមានកម្រិតនៅឡើយ។ នេះគឺជាបច្ច័យសំខាន់មួយដែរ ដែលធ្វើឲ្យការសរសេរនៅក្នុងភាសាខ្មែរជួបវិបត្តិ។
នៅក្នុងវិស័យអក្សរសាស្ត្រខ្មែរ មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ។ មិនចាំបាច់និយាយដល់ការប្រកាន់យកនិន្នាការផ្សេងគ្នាក្នុងការប្រើប្រាស់ព្យាង្គតម្រួតនិងព្យាង្គរាយទេ គ្រាន់តែការសរសេរខុសអក្ខរាវិរុទ្ធនៅក្នុងសង្គមខ្មែរសព្វថ្ងៃ ក៏គេសង្កេតឃើញថាកំពុងតែជួបវិបត្តិរួចទៅហើយ។ ការសរសេរខុសអក្ខរាវិរុទ្ធកើតមាននៅគ្រប់កន្លែងទាំងអស់ មិនថានៅតាមផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម អត្ថបទដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ ឬនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
វិបត្តិអក្ខរាវិរុទ្ធសម្រាប់ភាសាខ្មែរ កើតឡើងដោយសារបច្ច័យសំខាន់មួយចំនួន។ បច្ច័យសំខាន់ទី១ ដែលគេមិនអាចប្រកែកបានឡើយ គឺបណ្ដាលមកពីកម្សោយចំណេះដឹងផ្នែកអក្សរសាស្ត្រនៃមនុស្សខ្មែរ។ ទី២ គឺភាពធ្វេសប្រហែសមិនបានផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងមិនសូវឲ្យតម្លៃអក្សរជាតិ។
ជាទូទៅ នៅពេលសរសេរអត្ថបទជាភាសាខ្មែរ មនុស្សខ្មែរភាគច្រើនមិនបានយកចិត្តទុកដាក់សរសេរឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធដែលកំណត់ក្នុងវចនានុក្រមខ្មែរឡើយ។ ខុសប្លែកពីការសរសេរអត្ថបទជាភាសាបរទេស ដែលជាទូទៅត្រូវប្រឹងផ្ទៀងផ្ទាត់ខ្លាចខុសអក្សរ។ នេះក៏ដោយសារតែទម្លាប់អាង៖ អាងថាខ្លួនជាខ្មែរ មិនដែលសរសេរខ្មែរខុស។ ហើយប្រសិនបើសរសេរខុស ក៏ទំនងជាមិនសូវខ្មាសគេដូចសរសេរអក្សរបរទេសខុសដែរ។
នៅតាមបណ្ដាញសង្គម គេឃើញមានកំហុសអក្ខរាវិរុទ្ធកើតមានជារឿយៗ។ អ្នកខ្លះប្រើ «ដែរ» ជា «ដែល» ឬបញ្ច្រាស់មកវិញ។ អ្នកខ្លះសរសេរពាក្យ «សួស្ដី» ដាក់ «រ»។ មួយចំនួនទៀត សូម្បីតែថ្ងៃ «ព្រហស្បតិ៍» ក៏នៅមិនទាន់សរសេរបានត្រឹមត្រូវដែរ។ តើនេះមិនមែនជារឿងគួរឲ្យអាសូរទេឬ? នៅពេលដែលពាក្យសាមញ្ញធម្មតាៗដូច្នេះ ត្រូវជនជាតិខ្មែរ ដែលមានភាសានិងអក្សរជាតិផ្ទាល់ខ្លួន ធ្វេសប្រហែស ឬមើលរំលងមិនព្រមសរសេរឲ្យបានត្រឹមត្រូវ ខណៈដែលខ្មែរមានវចនានុក្រមតាំងពីឆ្នាំ១៩៦៧មក ហើយវចនានុក្រមនេះត្រូវបានធ្វើទំនើបកម្មជាវចនានុក្រមអេឡិកត្រូនិកតាំងពីឆ្នាំ២០០៩ផងដែរ?
វចនានុក្រមខ្មែរ គឺជាឈ្មោះសៀវភៅគោលអក្សរសាស្ត្រខ្មែរដ៏ធំមួយ ដែលកើតមុនគេបង្អស់ ក្នុងប្រទេសកម្ពុជា។ សៀវភៅនេះ មាន១៨៨៨ទំព័រ ប្រជុំដោយមេពាក្យវេយ្យាករណ៍ និងគោលក្បួនខ្នាតទាំងឡាយ សម្រាប់ពង្រីកភាសា និងអក្សរសាស្ត្រខ្មែរ។ មេពាក្យទាំងនោះ សរសេរតាមលំដាប់ព្យញ្ជនៈ ស្រៈ និងមានការពន្យល់ន័យសេចក្ដីផង។ មេពាក្យខ្លះ ប្រាប់ពីប្រភព សូរ និងរបៀបប្រើប្រាស់ពាក្យថែមទៀត។ គម្រោងរៀបចំបង្កើតវចនានុក្រមខ្មែរ មែនទែនទៅត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ១៩១៥មកម្ល៉េះ ដោយមានការចូលរួមពីអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរជាច្រើន។
ក្នុងចំណោមនោះ មានតែសម្ដេចព្រះសង្ឃរាជ ជួន ណាត តែមួយអង្គគត់ ដែលបានស្រាវជ្រាវនិងធ្វើការងារនេះជាប់លាប់តាំងពីដំបូងរហូតដល់បានសម្រេចបោះពុម្ពជាចុងក្រោយ នៅឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨ មុនពេលព្រះអង្គចូលទិវង្គតមួយឆ្នាំ។
សម្ដេចព្រះសង្ឃរាជ ជួន ណាត បានលើកឡើងថា វចនានុក្រមដែលបោះពុម្ពនៅឆ្នាំ១៩៦៧ បើប្រៀបធៀបទៅនឹងផ្លូវ ក៏មានឋានៈត្រឹមតែប្រហែលនឹងថ្នល់លំ ដែលបានចាក់រាយក្រួសបាយក្រៀមស្ដើងៗប៉ុណ្ណោះ ពុំទាន់មានឋានៈស្មើនឹងថ្នល់ដែលចាក់ជ័រយ៉ាងក្រាស់រលើបរលង់នៅឡើយទេ។ ជាការពិត ហេតុតែបានបោះផ្សាយតាំងពីជិត៥០ឆ្នាំមុន វចនានុក្រមខ្មែរ នៅមិនទាន់មានលក្ខណៈសម្បូរបែបគ្រប់គ្រាន់សម្រាប់សង្គមខ្មែរបច្ចុប្បន្ននៅឡើយទេ។ ប៉ុន្តែការណ៍នេះ មិនគួរជាហេតុដែលកូនខ្មែរជំនាន់ក្រោយមើលរំលង មិនឲ្យតម្លៃ មិនបើកមើលផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអក្ខរាវិរុទ្ធនៅពេលសរសេរអត្ថបទជាភាសាខ្មែរឡើយ។
សម្ដេច ជួន ណាត បានប្រើពេលអស់៥៣ឆ្នាំ ដើម្បីបង្កើតវចនានុក្រមខ្មែរច្បាប់ដែលកូនខ្មែរកំពុងប្រើប្រាស់សព្វថ្ងៃ។ កូនខ្មែរជំនាន់ក្រោយ ប្រសិនបើពុំបានរួមចំណែកអ្វីគួរឲ្យកត់សម្គាល់នៅក្នុងវិស័យអក្សរសាស្ត្រទេ យ៉ាងហោចណាស់គួរតែសរសេរអក្សរកុំឲ្យខុស។ ការសរសេរអក្សរខុស គឺជាការបំផ្លាញអក្សរសាស្ត្រខ្មែរ ដែលបុព្វបុរសខ្មែរខិតខំចងក្រង បន្សល់ទុកឲ្យប្រើប្រាស់តាំងពីអតីតកាល។ ហើយដើម្បីសរសេរអក្សរខ្មែរឲ្យត្រូវជ្រុង ត្រូវតាមអក្ខរាវិរុទ្ធ ប្រជាជនខ្មែរជាពិសេសយុវជន គួរបើកវចនានុក្រមខ្មែរឲ្យបានញឹកញាប់ ដូចបើកវចនានុក្រមភាសាបរទេស។ វចនានុក្រមខ្មែរ មានដាក់លក់យ៉ាងទូលំទូលាយនៅលើទីផ្សារ។ ច្បាប់ជាអេឡិចត្រូនិក មានដាក់ឲ្យទាញយកដោយឥតគិតថ្លៃនៅលើគេហទំព័រវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ