រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ទំហំពាណិជ្ជកម្មកម្ពុជាអាមេរិកកើនឡើងដល់៣,៣ពាន់លានដុល្លារ
នៅឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក បានកើនឡើងប្រមាណ២៧ភាគរយធៀបនឹងឆ្នាំ២០១៧។ ជាការកើនឡើងពី២,៦១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ មក ៣,៣ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០១៨។ នេះបើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករានេះ។ អ្នកវិភាគលើកឡើងថាទំហំពាណិជ្ជកម្មនេះ អាចនឹងបន្តកើនឡើងទៀតនៅឆ្នាំក្រោយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៦
តាមរយៈទំហំពាណិជ្ជកម្មខាងលើនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចាត់ទុកសហរដ្ឋអាមេរិក គឺជាទីផ្សារធំលំដាប់ទីពីររបស់កម្ពុជា។ នេះបើតាមការចុះផ្សាយក្នុងទំព័របណ្តាញសង្គមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងឱកាសកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងខេត្តសៀមរាបនាទីថ្ងៃទី២៨ ខែមករា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ GSP សម្រាប់ទំនិញកាបូបដាក់សម្ភារៈធ្វើដំណើរ និងជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការអភិវឌ្ឍច្បាប់, ការសិក្សាលទ្ធភាពអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម និងកម្មវិធីកសាងសមត្ថភាពផ្សេងទៀត។
លោក គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ អាចនឹងបន្តកើនឡើងតទៅទៀត ព្រោះគ្មានប្រទេសផ្សេងអាចផលិតលើសប្រទេសកម្ពុជានោះទេ ជាពិសេសគឺការផលិតកាបូប។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា ប្រសិនបើមានការដកការអនុគ្រោះពន្ធទូទៅ (GSP) នោះ ក៏មិនមានផលប៉ះពាល់ដល់ទំនិញកម្ពុជានាំទៅអាមេរិកដែរ។
បើតាមមេដឹកនាំសហជីព កម្ពុជាចំណេញពីការអនុគ្រោះពន្ធក្នុងការនាំចេញផលិតផលកាបូបទៅកាន់សហរដ្ឋអាមេរិកចន្លោះពី៣០០ទៅ៤០០លានដុល្លារអាមេរិកនៅក្នុងមួយឆ្នាំៗ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ០៩ មករា សមាជិកព្រឹទ្ធសភាអាមេរិកលោក ថិត គ្រូស (TED Cruz) មកពីគណបក្សសាធារណៈរដ្ឋនិងសមាជិកព្រឹទ្ធសភាម្នាក់ទៀត លោក គ្រីស ខូនស៍ (Chris Coons) មកពីគណបក្សប្រជាធិបតេយ្យ បានដាក់សេចក្តីស្នើច្បាប់ថ្មីមួយ ស្តីពី ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩ ដើម្បីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណាឡើងវិញ លើការផ្តល់ការអនុគ្រោះពន្ធទូទៅ (GSP) ដល់រដ្ឋាភិបាលកម្ពុជា។ សមាជិកព្រឹទ្ធសភាអាមេរិកទាំងពីររូបនេះ បានស្នើសុំឲ្យរដ្ឋបាលអាមេរិករបស់លោក ដូ ណាល់ត្រាំ ពិចារណាឡើងវិញ នូវការដកទាំងស្រុង ព្យួរ ឬកាត់បន្ថយការផ្តល់ការអនុគ្រោះពន្ធ ដែលផ្តល់ដល់កម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ