អានតួអត្ថបទ
កម្ពុជា

លោក ហេង សំរិន៖ សភា​នឹង​ទទួលយក​ការផ្តល់​យោបល់​ពី​គ្រប់ភាគី

   ដូច​ការគ្រោងទុក​រដ្ឋ​សភាជាតិ​នៅ​ព្រឹក​ថ្ងៃទី៨ កក្កដា​នេះ បាន​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់សមាគម​និង​អង្គកា​មិនមែន​រដ្ឋាភិបាល។ សិក្ខាសាលា​នេះ ចូល​រួម​ដោយ​​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គម​ស៊ីវិល​មួយចំនួន រួមទាំង​អង្គទូត​ប្រចាំ​នៅ​កម្ពុជា ប៉ុន្តែ​លោក​កឹម សុខា អនុប្រធាន​សភា និង​ជា​អនុប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិលតវ៉ា​ប្រឆាំង​នឹង​ច្បាប់​សហជីព ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​
ក្រុម​អង្គការ​សង្គម​ស៊ីវិលតវ៉ា​ប្រឆាំង​នឹង​ច្បាប់​សហជីព ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

«រដ្ឋសភា​នឹង​ទទួលយក​រាល់​មតិយោបល់​ពី​អ្នកចូលរួម​ទាំងអស់​លើ​ច្បាប់​ស្តីពី​អង្គការ​សង្គម​ស៊ីវិល​ ដើម្បី​ឱ្យមាន​ការវិវឌ្ឍ​ល្អប្រសើរ»។ នេះ​គឺជា​ការ​ថ្លែង​ពី​លោក ហេង សំរិន ប្រធានរដ្ឋសភា​មុន​ការពិភាក្សា​ក្នុង​សិក្ខាសាលា។ ប្រធានសភា​រូបនេះ បន្ថែមថា ច្បាប់​ស្តីពី​អង្គការ​និង​សង្គម​ស៊ីវិល គឺជា​យន្តការ​ស្របច្បាប់​របស់​អង្គការ​ក្រៅ​ស្រុក​និងក្នុង​​ស្រុកដែល​ដំណើរការ​នៅ​កម្ពុជា ​ព្រោះថា អង្គការក្រៅរដ្ឋាភិបាល គឺជា​ដៃគូរ​មិនអាច​ខ្វះ​បាន​ក្នុងសង្គមកម្ពុជា។ កម្ពុជា​ដែល​ដែលជា​ប្រទេស​នៅមាន​ការខ្វះខាត។ បន្ថែម​ពីលើ​នេះ ប្រធានសភា បាន​សង្កត់ធ្ងន់ថា​ច្បាប់ ​NGO គឺ​ស្របទៅតាម​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​ច្បាប់​ដែល​ចម្រូងចម្រាស់​នេះ គឺ​នឹង​លើកស្ទួយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្នុង​សិក្ខាសាលា​ដែលមាន​មនុស្ស​ប្រមាណ​ជាង៦០០នាក់​នេះ លោក​ឈាង វុន ប្រធាន​គណៈកម្មការ​ទី៥ របស់​រដ្ឋសភា លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ផែន និតិ​កម្ម និង​លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ​ជាអ្នក​​ដឹកនាំ​ការពិភាក្សា។ ការពិភាក្សា​មាន​សភាព​ស្វិត​ស្វា​ញ មានមក​គ្រប់​មជ្ឈដ្ឋាន​ ទាំង​គាំទ្រ​និង​ប្រឆាំង រួមទាំង​ការស្នើ​ឱ្យ​កែតម្រូវ ពី​អ្នកចូលរួម។ លោក ប៉ុល លឹម បាន​បញ្ជាក់ថា​ ការអនុវត្ត​ហួស​ដែន​សមត្ថកិច្ច​របស់​អង្គការ​មួយចំនួន ក៏​ជា​មូលហេតុ​ដែល​ជំរុញឱ្យមាន​ការបង្កើត​ច្បាប់​នេះ​ផងដែរ។ ច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​នេះ គឺមាន៩ជំពូក និង៣៩មាត្រា។

សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ជំហ​រួមគ្នា​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​ថ្មី​នេះ។ ​ប្រឆាំង​ក៏​ព្រោះតែ​ច្បាប់​នេះ គឺ​បាន​បំពាន​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា និង​សេចក្តីថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធមនុស្ស​របស់​អង្គការសហប្រជាជាតិ រួមទាំង​អនុសញ្ញា​អន្តរជាតិផ្សេងៗទៀត​ដែល​កម្ពុជា​បាន​ប្រទេស​ហត្ថលេខី។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិនបាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ បាន​អះអាងថា សមាជិក​ទាំង៥៥រូប គឺ​នឹងមិន​បោះឆ្នោត​លើកដៃ​អនុម័ត​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​ទេ។ លោក ឈាង វុន បាន​បញ្ជាក់ថា គណបក្ស​ទាំង​ពីរបាន​ផ្លាស់ប្តូរ​យោបល់​គ្នា និង​ពិភាក្សា​ចំនួន៤ដង។ បើតាម​លោក ឈាង វុន ច្បាប់​នេះ​គឺ​មិនអាច​បំពេញចិត្ត​មនុស្ស ១០០%នោះទេ ប៉ុន្តែ​ច្បាប់​ត្រូវតែមាន។

លោក សឿង សារឿន នាយក​ប្រតិបត្តិ​អង្គកា​នៃ​វេទិការ​អង្គការក្រៅរដ្ឋាភិបាល​ស្តីពី​ក​ម្ព​ជា​បានលើកឡើង​ក្នុង​សិក្ខាសាលា​ថា សង្គម​ស៊ីវិល​មិនអាច​ទទួលយកបាន​នោះទេ ព្រោះថា​មាន២៥មាត្រា ក្នុងចំណោម ៣៩មាត្រា ដែលមាន​ពាក្យពេចន៍​មិន​ច្បាស់លាស់ និង​ប្រាស់ចាក​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។ នាយក​ប្រតិបត្តិ​រូបនេះ បាន​អះអាងថា​លោក​គ្មាន​ជំនឿ​ង​ថា​រដ្ឋសភា​នឹង​យក​យោបល់​ពី​សង្គម​ស៊ីវិល​នោះទេ។ សម្រាប់​អង្គការ​របស់លោក ការធ្វើ​ពហិការ​មិន​ចូលធ្វើការ ការត្រៀម​មេធាវី​សម្រាប់​ប្តឹង​ទាស់​ជាមួយ​រដ្ឋាភិបាល​ក្នុងរ​ណី​ចាំបាច់ ក៏មាន​រួចហើយ​ដែរ​បើ​ច្បាប់​ថ្មី​នេះ​គ្មាន​ការកែប្រែ​នោះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ