អានតួអត្ថបទ
កម្ពុជា

សភា​​បើក​ផ្លូវ​​ឲ្យ​​ប្រធាន​​ក្រុម​​ភាគតិច​​មាន​​ឋានៈ​​ស្មើ​​នាយករដ្ឋមន្ត្រី​

រដ្ឋសភា​ជាតិ​​នៅ​​ថ្ងៃ​ទី១៩​ធ្នូ​​នេះ ​បាន​​បើក​​កិច្ច​ប្រជុំ​​អនុម័ត​​មាត្រា​​៤៨​ថ្មី​​ពីរ​​ស្តី​ពី​​ការ​បង្កើត​​ប្រធាន​​ក្រុម​តំណាងរាស្ត្រ​​ភាគតិច​​ក្នុង​​សភា​​ដែល​ជា​​ដៃ​គូ​​ជាមួយ​​ប្រមុខ​​រដ្ឋាភិបាល​ និង​​មាន​​ឋានៈ​​ស្មើ​​នាយករដ្ឋមន្ត្រី​។​ គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​មាន​​សំឡេង​​ភាគតិច​​នៅ​​សភា ​មិន​ទាន់​​រើស​​តំណាង​​របស់​ខ្លួន​​នោះ​ទេ​។

លោកសម រង្ស៊ី ​ផ្តល់​បទសម្ភាស​ដល់​អ្នកកាសែត​ ក្រោយ​ប្រជុំ​អនុម័ត​មាត្រា៤៨ថ្មីពីរ​ស្តីពី​ការ​បង្កើត​ប្រធាន​ក្រុមតំណាង​រាស្ត្រ​ភាគតិច​ក្នុង​សភា​
លោកសម រង្ស៊ី ​ផ្តល់​បទសម្ភាស​ដល់​អ្នកកាសែត​ ក្រោយ​ប្រជុំ​អនុម័ត​មាត្រា៤៨ថ្មីពីរ​ស្តីពី​ការ​បង្កើត​ប្រធាន​ក្រុមតំណាង​រាស្ត្រ​ភាគតិច​ក្នុង​សភា​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

សេចក្តីស្នើច្បាប់​បង្កើតឱ្យមាន​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​នៅ​សភា មាន​ឋានៈ​នាយករដ្ឋមន្ត្រី​ត្រូវបាន​អនុម័ត​ជា​ឯកច្ឆន្ទ​ហើយ​ព្រឹក​ថ្ងៃ​សុក្រ​ទី១៩ធ្នូ​នេះ។ សមាជិកសភា​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១០២រូប​លើ១០២បាន​បោះឆ្នោត​លើកដៃ​រួមគ្នា​ជា​ឯកច្ឆន្ទ។ ជាការ​សម្រេច​ឱ្យមាន​វិសោធនកម្ម​មាត្រា៤៨ថ្មី​ពី​រក្នុង​ជំពូក​ទី១២ នៃ​បទបញ្ជាផ្ទៃក្នុង​របស់​ស​ភា។

ការបោះឆ្នោត​គាំទ្រ​វិសោធន​កម្មនេះ មាន​វត្តមាន​លោកសម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិនមាន​វត្តមាន​​ចូលមក​បោះឆ្នោត​គាំទ្រ​នោះទេ។ ខណៈ​ដែល​ការព្រមព្រៀង​វិសោធនកម្ម​បង្កើត​ឲ្យមាន​ដៃគូរ​ពិភាក្សា​ពី​បក្សប្រឆាំង​នោះ គឺ​កើតចេញពី​កិច្ចប្រជុំ​កំពូល​ផ្ទាល់​រវាង​លោកនាយក​រដ្ឋមន្ត្រី អនុប្រធាន​គណបក្ស​ប្រជាជន និង​លោកសម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ៨វិច្ឆិកា​កន្លងទៅ។

ថ្លែង​ក្រោយ​កិច្ចប្រជុំសភា​លោកសម រង្ស៊ី បាន​បញ្ជាក់ថា ការសម្រេច​អនុម័ត​នេះ គឺជា​របត់​នយោបាយ​ថ្មី​មួយ​ក្នុងសង្គម​កម្ពុជា ពីព្រោះថា​បក្ស​កាន់អំណាច​ចាប់ផ្តើម​ទទួលស្គាល់​តួនាទី​បក្សប្រឆាំង​ក្នុង​រដ្ឋសភា។ ហើយ​នេះ​នឹង​បញ្ចៀស​នូវ​វប្បធម៌​កំចាត់​គ្នា ផ្ទុយទៅវិញ​អ្នកនយោបាយ​គ្រប់ភាគី​នឹង​រួមគ្នា​ពិភាក្សា​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ។ ប្រធាន​គណបក្សប្រឆាំង៤អាណត្តិ​រូបនេះ បានការ​ពារ​ថា “ការ​វិសោធនកម្ម​ច្បាប់​នេះ គឺ​មិនមែនជា​ការគិត​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​គណបក្ស​ណាមួយ ឬក៏​ដើម្បី​ដោះស្រាយ​បញ្ហា​តានតឹង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ"។

សូមបញ្ជាក់ថា ក្រោយ​វិសោធនកម្ម​រួច ប្រការ៤៨ថ្មី​ពីរ នឹង ប្តូរ​ទៅជា​ប្រកា៤៨ថ្មី។ សំណើ​វិសោធនកម្ម​ដែល​អាន​ដោយ​លោក​ប៉ែន បញ្ញា ប្រធាន​គណៈកម្មកា​នីតិ​កម្ម និង​យុត្តិធម៌​បានឱ្យដឹងថា ប្រធាន ក្រុមតំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ​ក្រៅ​រដ្ឋាភិបាល ដែលមាន​អាសនៈ​ចាប់ពី ២៥ភាគរយ​ឡើងទៅ មានឈ្មោះ​ហៅថា ប្រធាន​ក្រុម​មតិ​ភាគតិច នៅ​រដ្ឋ​សភា។ ប្រធាន​ក្រុម​មតិ​ភាគតិច​ជា​គូសន្ទនា​ជាមួយនឹង​ប្រមុខ​រាជរដ្ឋាភិបាល ទាក់ទង​ទៅនឹង​បញ្ហា​ប្រទេសជាតិ។ ប្រធាន​ក្រុម​មតិ​ភាគតិច មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។ ដោយឡែក​តំណាង​រាស្ត្រ​នៃ​គណបក្សនយោបាយ​ដែលមាន​អាសនៈ​ចាប់ពី៥ភាគរយ ឬ៣កៅអី​ឡើងទៅ​នឹងត្រូវ​រៀបចំ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្សនយោបាយ តាម​គណបក្ស​និមួយ។ ហើយ​មាន​ប្រធាន​មួយរូប។

យ៉ាងណាក៏ដោយ​បេក្ខភាព​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគតិច​នៅ​រដ្ឋសភា ត្រូវបាន​គេ​មើលឃើញថា​អាចជា​លោក សមរង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ក្លាយជា​ដៃគូរ​សន្ទនា និង​មាន​ឋានៈ​ស្មើនឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ប៉ុន្តែ​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធថា​គណបក្ស​មិនទាន់​សម្រេច​បេក្ខភាព​ប្រធាន​របស់ខ្លួន​នៅឡើយ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ