អានតួអត្ថបទ
កម្ពុជា

សាលាក្រុង​​ថា ​នឹង​​ដោះ​ស្រាយ​​បញ្ហា​​បុរី​កីឡា​​ឲ្យ​​ចប់​​នៅ​ក្នុង​​ឆ្នាំ​​ថ្មី​​នេះ​

សាលា​រាជធានី​ភ្នំពេញ ​បាន​​អះអាងថា​ នឹង​​ស្វែង​រក​​ដំណោះ​ស្រាយ ​ដើម្បី​​បញ្ចប់​​បញ្ហា​​ជម្លោះ​ដីធ្លី​​ដ៏​រ៉ាំ​រ៉ៃ​​នៅ​​តំបន់​​បុរី​កីឡា​​ឲ្យ​​ចប់​សព្វគ្រប់​​នៅ​ក្នុង​​អំឡុង​​ឆ្នាំ​ថ្មី​២០១៥​ នេះ​។ ​ការ​អះអាង​​នេះ ​បាន​ធ្វើ​​ឡើង​​ស្រប​​ពេល​ដែល​​អ្នក​ភូមិ​បុរី​កីឡា​​ប្រមាណ​​ជាង​៣០ ​នាក់​​នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ​ បាន​មក​​តវ៉ា​​ដាក់​​ញត្តិ​​នៅ​​សាលា​រាជធានី​ភ្នំពេញ ​និង​​រដ្ឋសភាជាតិ ​ដើម្បី​​ឲ្យ​​ស្ថាប័ន​​ទាំង​នេះ​​រក​​ដំណោះ​ស្រាយ​​ជូន​​ពួកគេ​។​​ យ៉ាងណាក៏ដោយ ​អ្នក​ភូមិ​​បុរី​កីឡា ​មិន​មាន​​ជំនឿ​​ចំពោះ​​លើក​ឡើង​​របស់​​សាលា​រាជធានី​ភ្នំពេញ​​នេះ​នោះ​ទេ​។

អ្នក​ភូមិ​បុរីកីឡា ​តវ៉ា​ដាក់​ញត្តិ​នៅ​សា​លា​រាជធានីភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​មករា​ ឆ្នាំ២០១៥​
អ្នក​ភូមិ​បុរីកីឡា ​តវ៉ា​ដាក់​ញត្តិ​នៅ​សា​លា​រាជធានីភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​មករា​ ឆ្នាំ២០១៥​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

លោក​ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​បារាំង​អន្តរជាតិ​ថា សាលា​រាជធានី​ភ្នំពេញ ​មានបំណង​ចង់​បញ្ចប់​បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​តំបន់​បុរី​កីឡា​ឲ្យ​ចប់​ក្នុងពេលឆាប់ៗ  ពោលគឺ​ចង់​បញ្ចប់​បញ្ហា​ទាំងនោះ​នៅក្នុង​អំឡុង​ឆ្នាំ២០១៥នេះ​តែម្តង។​ ការ​លើកឡើង​របស់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​នេះ ​គឺ​ធ្វើឡើង​ស្របពេល​ដែល​បញ្ហា​ជម្លោះដីធ្លី​ដ៏​រ៉ាំ​រ៉ៃ​នៅក្នុង​តំបន់​បុរី​កីឡា​មិនទាន់​ត្រូវបាន​ដោះស្រាយ​បញ្ចប់ និង​ចំ​ពេលដែល​អ្នកភូមិ​បុរី​កីឡា​ប្រមាណ​ជាង ៣០នាក់​ធ្វើ​ការតវ៉ា​ដាក់​ញត្តិ​នៅ​សាលារាជធានី​ភ្នំពេញ និង​រដ្ឋសភាជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី០២ មករា ឆ្នាំ២០១៥។ ជាការ​តវ៉ា​រំលឹក​ដល់​ខួប​បី​ឆ្នាំ​នៃ​ការបណ្តេញចេញ និង ឈូសឆាយ​កម្ទេច​លំនៅឋាន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​បុរី​កីឡា​ដោយ​អាជ្ញាធរ និង​ក្រុមហ៊ុន ផាន អ៊ី​មិច។

គួររំលឹកថា ​បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​តំបន់​បុរី​កីឡា​នេះ បាន​កើតឡើង​កាល​ពី​អំឡុង​ដើមឆ្នាំ២០១២​កន្លងទៅ ដោយ​អាជ្ញាធរ និង​ក្រុមហ៊ុន ផាន អ៊ី​មិច​បាន​ឈូស​បំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ និង​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ទាំង​បង្ខំ​ចេញពី​តំបន់​បុរី​កីឡា។ ជា​បន្តបន្ទាប់ អ្នកភូមិ​បុរី​កីឡា បានចេញ​ធ្វើការ​តវ៉ា​នៅមុខ​សាលារាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគេ។ ហើយ​កាលពី​ខែសីហា​ឆ្នាំ២០១៤ ​សាលារាជធានី​ភ្នំពេញ​បាន​បើក​វេទិកាសាធារណៈ​មួយដោយ​អនុញ្ញាត​ឲ្យ​អ្នកភូមិ​បុរី​កីឡា ដែល​មិនទាន់បាន​ដោះស្រាយ​បញ្ហាដីធ្លី ឡើង​បញ្ចេញមតិ​និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​នានា។ ​សាលាក្រុង​បាន​បង្កើត​គណៈកម្មការ​មួយ ដោយមាន​ការចូលរួម​ពី​អង្គការ​សង្គមស៊ីវិល​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ ​។​ក្រោយមក អង្គការសង្គមស៊ីវិល​បាន​ដកខ្លួន​ចេញ​វិញ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​នោះ​មិនអាច​ដំណើរការ​ទៅមុខ​បាន។

ក៏ប៉ុន្តែ​ នៅពេលនេះ​អង្គការសង្គមស៊ីវិល​ទាំងនោះ ​បានមក​ចូលរួម​ជាមួយ​គណៈកម្មកា​រដោះ​ស្រាយ​ទំនាស់​ដីធ្លី​នៅ​បុរី​កីឡា​នោះ​វិញ ហើយ​សាលារាជធានី​ភ្នំពេញ​នឹង​ពន្លឿន​ការដោះស្រាយ​បញ្ហា​ឲ្យ​ចប់​ក្នុងពេលឆាប់ៗខាងមុខនេះ​។ ​នេះ ​បើតាម​ការ​លោក​ឡុង ឌីម៉ង់​ដដែល។ ​

យ៉ាងណាក៏ដោយ ​អ្នកភូមិ​បុរីកីឡា ​មិនមាន​ជំនឿ​លើ​ការអះអាង​របស់​សាលារាជធានី​ភ្នំពេញ​នេះនោះ​ទេ។ អ្នកស្រី​ឆាយ គឹមហ៊ន ​តំណាង​អ្នកភូមិ​បុរីកីឡា បាន​លើកឡើង​ថា ​សាលារាជធានី​ភ្នំពេញ​ ធ្លាប់បាន​សន្យា​ពន្លឿន​ការដោះស្រាយ​របៀបនេះ​ជា​ច្រើនដង​មកហើយ ប៉ុន្តែ​មិនដែល​ធ្វើបាន​ដូច​ការសន្យា​នោះឡើយ។ អ្នកស្រី ​បន្តថា​ បើ​ចង់​ឲ្យ​អ្នកភូមិ​បុរី​កីឡា​មាន​ជំនឿ​ចិត្ត​នោះ ទាល់តែ​សាលារាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​មាន​លទ្ធផល​ជាក់ស្តែង។

ទោះជា​បែបនេះ​ក្តី សម្រាប់​លោក​សៀ ភារម្យ នាយក​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ហាក់​មាន​ជំនឿ​លើ​សាលា​រាជធានី​ភ្នំពេញ​ដោយ​លោក​លើកឡើងថា​ ប្រសិនបើ​សាលា​រាជធានី​ភ្នំពេញ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ដោះស្រាយ​បញ្ហា​នោះ បញ្ហា​ជម្លោះដីធ្លី​នៅក្នុង​តំបន់​បុរីកីឡា​នេះ អាច​នឹង​ដោះស្រាយ​បញ្ចប់​នៅពេលណា​ក៏បាន។

លោក​ឡុង ឌីម៉ង់ បាន​គូសបញ្ជាក់ថា សាលា​រាជធានី​ភ្នំពេញ ចង់​បញ្ចប់​បញ្ហា​ទាំងនោះ​ឲ្យ​បាន​ឆាប់​ដែល​អាចធ្វើ​ទៅបាន ដើម្បី​មាន​ពេលវេលា​ទៅ​អភិវឌ្ឍ​តំបន់​សហគមន៍​ក្រីក្រ​ផ្សេងទៀត​នៅក្នុង​រាជធានី​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ