អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​នយោបាយ​មួយ​ចំនួន​ប្រកាស​ចុះ​ជួយ​ជនរង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង

គណបក្ស​នយោបាយ​តូចៗ​មួយ​ចំនួន​បាន​ប្រកាស​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​ជន​គ្រោះ​ដោយ​​សារ​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​ខេត្ត​មួយ​ចំនួន ដោយ​មិន​ផ្សារ​ភ្ជាប់​នឹង​ការ​ឃោសនាពី​គោល​នយោបាយ​របស់​គណបក្ស​ឡើយ។ តាមរយៈ​សកម្មភាព​នេះ​មន្ត្រី គ.ជ.ប បានអះ​អាង​ថា គណបក្ស​នយោបាយ​ត្រូវ​តែ​បែង​ចែក​ឲ្យ​បាន​ច្បាស់​ចំពោះ​ការ​ផ្ដល់​អំណោ​យ​នោះ​ថា​ ធ្វើ​ឡើង​នៅ​ក្នុង​សកម្មភាព​មនុស្ស​ធម៌ មិន​មែន​ជា​ការ​ទិញ​សន្លឹក​ឆ្នោត​។

រូបភាព៖ ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន
រូបភាព៖ ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន @​រដ្ឋ​បាល​ខេត្ត​កំពង់​ស្ពឺ
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាពង្ស បាន​អះអាង​ថា​ក្រោយ​បញ្ចប់​​ការ​ឃោសនា​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ជា​ទី​ដែល​រង​គ្រោះ​ខ្លាំង​ដោយ​សារ​ទឹក​ជំនន់ គណបក្ស​លោក​នឹង​ធ្វើ​ការ​ចែក​អំណោយ​ជា​ស្បៀង​ទៅ​កាន់​ពលរដ្ឋរង​គ្រោះ​ក្នុង​នាម​ជាខ្មែរ​ដូច​គ្នា។ បើ​តាម​លោក សុខ សុវណ្ណវឌ្ឍនាសាពង្ស រូប​លោក​នឹង​ដោះ​មួក​និង​អាវបក្ស​ចេញ ដើម្បី​ផ្ដល់​អំណោយ​ទៅ​ពលរដ្ឋ។ សកម្មភាព​នេះ​ត្រូវ​បាន​លោក​ប្រធាន​បក្ស​ខ្មែរ​ក្រោក​អះអាង​ថា ធ្វើឡើងមិន​មែន​ដើម្បី​ប្ដូរ​យក​សន្លឹក​ឆ្នោត​ពីប្រជាពលរដ្ឋ​នោះទេ។ នេះ​បើ​តាម​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក។​

ដោយឡែក សកម្មភាព​ផ្ដល់​អំណោយ​របស់​គណបក្ស​យុវជន​កម្ពុជា​វិញ ត្រូវ​បាន​ទប់​ស្កាត់​​​ដោយ​អាជ្ញាធរ​ខេត្ត​កំពង់​ស្ពឺ ក្រោម​ហេតុផល​ថា​ផ្ទុយ​ពី​ច្បាប់​បោះ​ឆ្នោត។ ប្រឈ​មបញ្ហានេះ គណបក្ស​យុវជន​ក៏​សម្រេច​ចិត្ត​លើក​ពេល​ផ្ដល់​អំណោយ​មនុស្សធម៌​នេះ នៅក្រោយ​ការបោះ​ឆ្នោត​វិញ។ ប៉ុន្តែ​គណបក្ស​យុវជន​កម្ពុជា​បាន​បដិសេធ​ថា ការ​ផ្ដល់​អំណោយ​របស់​គណបក្ស​លោក​មិន​មែន​ជា​ការ​ទិញ​ទឹក​ចិត្ត​ឡើយ ដោយ​គ្រាន់​ជា​សកម្ម​ភាព​មនុស្ស​ធម៌​ជួយ​ជន​រង​គ្រោះ​ព្រោះ​ទឹក​ជំនន់​តែ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​លោក ឆុម ចាន់ថន អគ្គលេខាធិការ​គណបក្ស​យុវជន​កម្ពុជា។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ប្រធាន​គណបក្ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច លោក ហួន រាជចំរើន ចាត់​ទុក​​ថា​​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​គឺ​ជា​កាតព្វ​កិច្ច​របស់​រដ្ឋាភិ​បាល​ទេ​។ ការ​ផ្ដល់​អំណោយ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ត្រូវ​បាន​លោក ហួន រាជចំរើន ចាត់​ទុក​ថា សកម្មភាព​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចង់​បាន​ការ​គាំទ្រ​ពីពលរដ្ឋ​ប៉ុណ្ណោះ។ ផ្អែក​តាម​សភាពការណ៍​គ្រោះ​ទឹក​ជំនន់ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សម្រេច​ផ្អាក​ការ​ឃោសនា​នៅ​តំបន់​លិច​ទឹក តែ​បន្ត​ចែក​ខិត​បណ្ណ​បក្ស​នៅ​ខេត្តកណ្ដាល។

ជុំវិញ​សកម្មភាព​នៃ​ការ​ផ្ដល់​អំណោយ​បូករួម​នឹង​ដំណើរ​ការ​ឃោសនា​នេះ គ.ជ.ប ស្នើឲ្យ​បណ្ដា​គណបក្ស​នយោបាយ​បែង​ចែក​ដាច់​រវាង​ការ​ទិញ​ទឹក​ចិត្ត និង​សកម្មភាពមនុស្ស​ធម៌។ លោក សោម សូរីដា អគ្គ​លេខា​ធិការ​រង​គ.ជ.ប បាន​គូស​បញ្ជាក់​ថា ប្រសិន​អំ​ណោ​យ​ធ្វើ​​ឡើង​ដោយ​ការ​ផ្សារ​ភ្ជាប់​នឹង​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន នោះ​វា​នឹង​ក្លាយ​រឿង​ខុស​ច្បាប់។ ប៉ុន្តែ​បើ​គ្រាន់​តែ​ជំនួយ​មនុស្ស​ធម៌ លោក សោម សូរីដា អំពាវនាវ​ឲ្យ​អាជ្ញា​ធរ​ជួយ​សម្រប​សម្រួល​តាម​លទ្ធភាព​ជាក់​ស្ដែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ