អានតួអត្ថបទ
កម្ពុជា

កង​រាជ​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​​ប្រទេស​ បញ្ឈរ​ជើង​​ប៉េអឹម​៦​នាក់​​​

បន្ទាប់ពី​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង១០ថ្ងៃ គណៈកម្មការ​ចំពោះ​កិច្ច​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រកឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង និង​ត្បូងឃ្មុំ​ចំនួន១២នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើហិង្សា​លើ​អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​នៅក្នុង​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី១៩ មីនា។ នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ គណៈកម្មការ​ចំពោះ​កិច្ច បាន​បញ្ជាក់ថា កម្លាំង​កងរាជអាវុធហត្ថ​ចំនួន៦ នាក់​ក្នុងចំណោម១២នាក់​នេះ​ត្រូវបាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ឈរ​ជើង និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​រួចរាល់​ហើយ។

លោក​ស៊ិន សុផានី​ ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​បង្ហាញ​ពី​សកម្មភាព​កម្លាំង​កងរាជ​អាវុធ​ហត្ថ​​ខេត្ត​ព្រៃវែង​ និង​ខេត្ត​ត្បូងឃ្មុំ​ដែល​បាន​ប្រព្រឹត្ត​លើ​អ្នក​បើកបរ​រថយន្ត​ដឹក​ស្រូវ​
លោក​ស៊ិន សុផានី​ ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​បង្ហាញ​ពី​សកម្មភាព​កម្លាំង​កងរាជ​អាវុធ​ហត្ថ​​ខេត្ត​ព្រៃវែង​ និង​ខេត្ត​ត្បូងឃ្មុំ​ដែល​បាន​ប្រព្រឹត្ត​លើ​អ្នក​បើកបរ​រថយន្ត​ដឹក​ស្រូវ​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានសម្រេច​ផ្អាក​មុខងារ​បណ្តោះអាសន្នរ​បស់​ប៉េអឹម​ក្រោម​ឱវាទ​របស់ខ្លួន​ចំនួន៦នាក់។ គឺជា​ការផ្អាក បន្ទាប់ពី​រកឃើញថា ពួកគេ​ទាំងនោះ បាន​ប្រើប្រាស់​អំពើហិង្សា​យ៉ាង​ឃោរឃៅ​ទៅលើ​អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​ចំនួន​ពីរ​នាក់​នៅក្នុង​ខេត្តព្រៃវែង​កាលពី​យប់​ថ្ងៃទី១៩ មីនា​កន្លងទៅ។ ប៉េអឹម​ទាំងនោះ គឺ​នៅក្នុង​ខេត្តព្រៃវែង​ចំនួន៣ នាក់ និង​ខេត្ត​ត្បូងឃ្មុំ​ចំនួន៣នាក់។

លោក​ស៊ិន សុ​ផានី ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បាន​ចុះទៅ​ស្រាវជ្រាវ​សំណុំ​រឿងនេះ បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​ថា ការសម្រេច​ផ្អាក​មុខងារ​បណ្តោះអាសន្ន​នេះ គឺ​ដើម្បី​ទុក​ផ្លូវ​ឲ្យ​តុលាការ​ដោះស្រាយ​សំណុំ​រឿងនេះ​ទៅតាម​ផ្លូវច្បាប់។

សូមបញ្ជាក់​ជូន​ថា ដើមចម​ដែល​នាំ​ឲ្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈានទៅដល់​ការ​បញ្ឈរជើង​មន្ត្រី​របស់ខ្លួន​ទាំងនេះ ដោយសារ​មាន​ករណី​ហិង្សា​មួយ​បាន​កើតឡើង​នៅក្នុង​ខេត្តព្រៃវែង។នោះ គឺ​កាលពី​យប់​ថ្ងៃទី១៩ មីនា​កន្លងទៅ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ រួមទាំង​កងកម្លាំង​នគរបាល​ផ្សេងទៀត បាន​ឃាត់​រថយន្ត​ដឹកស្រូវ​មួយគ្រឿង ដោយសារ​បាន​បើក​គេច​ពី​ជញ្ជីង​ចល័ត​របស់​សមត្ថកិច្ច។ ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​ចម្រុះ​បាន​ប្រើប្រាស់​អំពើហិង្សា​យ៉ាង​ឃោរឃៅ​លើ​អ្នកបើកបរ ដោយបាន​ចងដៃ ជាន់​ក្បាល ដាក់ច្រវ៉ាក់​ជើង និង វាយដំ​យ៉ាងដំណំ។ ក្រោយពី​កើតហេតុ បណ្តាសារ​ព័ត៌មាន និង​បណ្តាញ​សង្គម​ហ៊ុ​ស​បុក បាន​ផ្សព្វផ្សាយ​ជាច្រើន​ពី​ទង្វើ​ដ៏​សាហាវយង់ឃ្នង​នោះ។ ការណ៍​នេះ បានធ្វើ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ជាបន្ទាន់​មួយ ដើម្បី​ស៊ើបអង្កេត​ស្វែងរក​ការពិត។ ការពិត គឺ​មន្ត្រី​កង​រាជ​អាវុធ​ខេត្តព្រៃវែង​ចំនួន៥នាក់ និង ខេត្ត​ត្បូងឃ្មុំ​ចំនួន៧នាក់ ត្រូវបាន​រកឃើញថា ជាប់​ព័ន្ធ​នឹង​ការប្រើប្រាស់​អំពើហិង្សា​នោះ។

បើតាម លោក​ស៊ិន សុ​ផានី ពួកគេ​ទាំង១២នាក់ ត្រូវបាន​រកឃើញ​នូវ​កំហុស​មួយចំនួន​រួមមាន​ដូចជា បាន​អនុវត្ត​ផ្ទុយ​ពី​ក្រមសីលធម៌ អនុវត្ត​ខុសច្បាប់​ស្តីពី​លក្ខ​ខ​ន្តិ​ក​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ប្រព្រឹត្ត​ខុស​នឹង​អនុ​ក្រិ​ត្យ​របស់​រដ្ឋាភិបាល​ស្តី​ពីបទ​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ ប្រព្រឹត្ត​ខុស​នឹង​ច្បាប់ព្រហ្មទណ្ឌ និង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ។

ក្រៅពី​បញ្ឈរជើង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង និង​ត្បូងឃ្មុំ​ទាំង៦នាក់ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏បាន​ដាក់វិន័យ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​នៃ​ខេត្ត​ទាំងពីរ​ចំនួន៦នាក់​ទៀតផង​ដែរ។ ក្នុងនោះ២ នាក់​ត្រូវធ្វើ​ការអប់រំ​ឡើងវិញ និង ៤នាក់​ទៀត ត្រូវ​ស្តីបន្ទោស​ជា​លាយលក្ខណ៍អក្សរ។

យ៉ាងណាក៏ដោយ លោក​ស៊ិន សុ​ផានី បាន​គូសបញ្ជាក់ថា មន្ត្រី​កងរាជអាវុធហត្ថ​ទាំង៦នាក់​នោះ ត្រូវបាន​ឃាត់ខ្លួន​បញ្ចូនទៅ​តុលាការខេត្ត​ព្រៃវែង​រួចរាល់​ហើយ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់។ ចំណែក​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​មិនមែនជា​កម្លាំង​កងរាជអាវុធហត្ថ នឹងត្រូវ​សាមី​ស្ថាប័ន​​ដាក់វិន័យ និង​ដោះស្រាយ​តាមផ្លូវ​តុលាការ​ដូចគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ