អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​ គ្មាន​គម្រោង​ស្នើ​បារាំង​ធ្វើ​បត្យាប័ន​លោក​សម រង្ស៊ី​

គិត​មក​ដល់​ពេលនេះ ​គឺ​មាន​រយៈពេល​ជិត​មួយ​ខែ​ហើយ ​ដែល​លោកសម រង្ស៊ី​ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​យក​មក​អនុវត្តទោស​នៅក្នុង​ពន្ធនាគារ​តាម​អំណាច​ដីកា​របស់​តុលាការ​ក្រុង​ភ្នំពេញ​។ ​ទោះជា​បែបនេះក្តី​ ក្រសួង​មហាផ្ទៃ​កម្ពុជា​ បាន​គូស​បញ្ជាក់​ថា ​ខ្លួ​​ន​មិនមាន​គម្រោង​ស្នើសុំ​រដ្ឋាភិបាល​បារាំង ​ដើម្បី​ធ្វើ​បត្យា​ប័ន​បញ្ជូន​លោក​សម រង្ស៊ី​ មក​អនុវត្ត​ទោស​នៅក្នុង​ប្រទេស​កម្ពុ​ជា​នោះ​ទេ​។​

លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​
លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

បញ្ហា​សញ្ជាតិ ​គឺ​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ​មិន​មាន​ចេតនា​ក្នុង​ការ​ស្នើសុំ​រដ្ឋាភិបាល​បារាំង ​ដើម្បី​ធ្វើ​បត្យាប័ន​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​យកមក​អនុវត្ត​ទោស​នៅក្នុង​ប្រទេស​កម្ពុជា​។ ​លោកខៀវ ​សុភ័គ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​ថា ​ការ​ស្នើ​រដ្ឋាភិបាល​បារាំង ​ធ្វើ​បត្យាប័ន​លោកសម រង្ស៊ី​ វា​គឺ​ជារឿង​អត់​ប្រយោជន៍ ​និង​មិន​ជោគជ័យ​នោះទេ ​ព្រោះថា​ រដ្ឋាភិបាល​បារាំង​នឹង​មិនយល់ព្រម​តាម​ការ​ស្នើ​របស់​កម្ពុជា​ឡើយ ​ក្រោម​ហេតុផល​ថា ​លោកសម រង្ស៊ី ​ជា​ជនជាតិ​បារាំង​។ ​
 

រដ្ឋាភិបាល​កម្ពុជា​ និង​ បារាំង ​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ស្តីពី​បត្យាប័ន​រវាងគ្នា​និងគ្នា​នៅក្នុង​អំឡុង​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ទៅ​បំពេញទ​ស្សនៈ​កិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​បារាំង​កាល​ពី​ចន្លោះ​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៧ ​ខែតុ​លា ​ឆ្នាំ​២០១៥​។ បើ​ទោះបី​ជា​បាន​ចុះ​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយគ្នា​ក៏ពិតមែន​ ប៉ុន្តែ​សម្រាប់​លោកខៀវ សុភ័គ​ វា​នៅតែ​មិន​អាច​ធ្វើអ្វី​បាន​ដដែល។​ ផ្ទុយមកវិញ ​ប្រសិនបើ​លោកសម រង្ស៊ី ​កាន់​សញ្ជាតិ​តែមួយ​នោះ ​អាជ្ញាធរ​កម្ពុជា​នឹង​ស្នើ​ប​ត្យាប័ន​ទៅ​កាន់​ប្រទេស​ណាទាំ​ង​អស់ដែ​ល​ប្រមុខ​គណបក្សប្រឆាំង​រូប​នេះ​ស្ថិត​នៅ​។ យ៉ាងណាក៏ដោយ ​បើ​តាម​លោកខៀវ សុភ័គ ​នៅពេលនេះ​អាជ្ញាធរ​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅតែពី​រង់ចាំ​ចាប់ខ្លួន​លោកសម រង្ស៊ី​ ក្រោយ​ពី​លោក​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​តែ​ប៉ុណ្ណោះ។​
 

លោកសម រង្ស៊ី​ ប្រមុខ​គណបក្ស​ប្រឆាំង​កម្ពុជា​ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចេញដីកា​បង្គាប់​ឲ្យចាប់​ខ្លួន​យកមក​អនុវត្ត​ទោស​កាល​ពីថ្ងៃទី១៣ ​ខែវិច្ឆិកា​នៅក្នុង​សំណុំរឿង​បរិហាកេរ្ត៍​លោក​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​។ ​រំលង​បាន​បីថ្ងៃ ​លោកសម រង្ស៊ី ​ក៏ត្រូវ​បាន​គណៈកម្មាធិកា​អចិន្ត្រៃយ៍​​រដ្ឋសភា​សម្រេច​ដកសិទ្ធិ​ បុព្វសិទ្ធិ​ និង ​សមាជិកភាព​សភា​ថែមទៀត។​ បន្ទាប់​មក​ លោក​ក៏​ត្រូវ​បាន​​តុលាការក្រុងភ្នំពេញ​​ចេញ​ដីកា​​ឲ្យ​ចូល​បំភ្លឺ​នៅក្នុង​សំណុំរឿង​ពីរ​ដាច់ដោយឡែក​ពីគ្នា​​បន្ថែម​ទៀត ​​គឺ​​ករណី​​សមគំនិត​​ជាមួយ​​លោកហុង ​សុខហួរ​​ រឿង​​បន្លំឯកសារ​​ព្រំដែន​​រវាង​កម្ពុជា​-វៀតណាម​ និង ​ករណី​បរិហាកេរ្តិ៍​លោក​ហេង សំរិន ​ប្រធាន​រដ្ឋសភាខ្មែរ​។ ​ចំពោះ​រឿងរ៉ាវ​ទាំងអស់​នេះ ​លោក​សម រង្ស៊ី ​ដែលកំ​ពុង​ស្ថិត​ឯបរទេសនោះ ​បាន​ចាត់ទុក​ថា ​គឺ​ជារឿង​កំប្លែង​នយោបាយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ