អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ពលរដ្ឋ​ជាង​១ពាន់​គ្រួសារ​ដែល​ជម្លៀស​ពី​ទឹក​ជំនន់នៅស្ទឹងត្រែង​ធ្វើ​ដំណើរទៅ​បោះ​ឆ្នោតដូច​ពលរដ្ឋ​ទូទៅ

ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ដែល​ជម្លៀស​ពី​ស្ថានភាព​ជំនន់ ដោយ​សារ​តែ​ការ​បាក់​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ឡាវ​នោះ បាន​ទៅ​ចូល​រួម បោះឆ្នោត​ជា​ធម្មតា បើ​ទោះ​ជា​ប្រឈម​នឹង​ស្ថានភាព​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ជាង​គេ​ក៏​ដោយ។ ទន្ទឹមនឹង​នេះ​ការិយាល័យ​ចំនួន៩ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ចំនួន៣ ក្នុង​ខេត្ត​ស្ទឹងត្រែង​ក៏​ត្រូវបាន​ប្ដូរ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ដែល​ស្ងួត អាច​ដំណើរ​ការ​បោះឆ្នោត​បាន​ដែរ។ 

រូបភាព៖ ទិដ្ឋភាពទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែង​នា​ពេល​កន្លង
រូបភាព៖ ទិដ្ឋភាពទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែង​នា​ពេល​កន្លង @ក្រសួងធនធានទឹក
ផ្សាយពាណិជ្ជកម្ម

លោក ម៉ែន គង់ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង​បាន​អះ​អាង នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​កក្ក​ដា​​នេះ​ថា ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ រស់​នៅ​ស្រុក​សៀមប៉ាង ស្រុកសេសាន និង​ក្រុង​ស្ទឹង​ត្រែង ដែល​បាន​ជម្លៀស​មក​រស់​នៅ​កន្លែង​ទី​ទួល​សុវត្ថិភាព​បណ្ដោះ​អាសន្នគឺ​បាន​​ចេញ​ទៅ​បោះឆ្នោត​ជា​ធម្មតា​ព្រោះ​បញ្ហា​ទឹក​ជំនន់​មិន​មែន​ជា​ឧបសគ្គ​ឡើយ។ មិន​ជា​ឧបសគ្គ​ព្រោះ ទី​តាំង​បោះ​ឆ្នោត​រៀប​ចំ​ឡើង​តម្រូវ​សម្រាប់​ពួក​គាត់​ពោល​គឺ​មិនឆ្ងាយ​ប៉ុន្មាន​ឡើយ​ពី​កន្លែង​ដែល​ពលរដ្ឋ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន។

លោក ម៉ែន គង់ គូស​បញ្ជាក់​ថា ទី​រួម​ខេត្ត​ស្ទឹង​ត្រែង​តែ​ម្ដង​ពលរដ្ឋ​បាន​ចេញ​ទៅ​បោះ​ឆ្នោត​​​​ស្ទើរ​តែ​គ្រប់គ្នា សម្រាប់​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ ខណៈ​ការិយា​ល័យ​បោះ​ឆ្នោត​នៅ​ខេត្ត​ស្ទឹង​ត្រែង​មាន​ចំនួន​២២៧។​

អំពី​ស្ថានភាព​ទឹក​ជំនន់​ជា​ទូទៅ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ត្រូវ​បាន​អ្នក​នាំ​ពាក្យ​អះអាង​ថា​កម្ពស់​ទឹក​ឋិត​នៅ​ទ្រឹង​គឺ​ជាង​១២​ម៉ែត្រ បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ តាម​រយៈ​កម្ពស់​ទឹក​នេះ​គឺ​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​នៅ​ឡើយ​ទេ។

ដោយ​ឡែក​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម​លោក ចាន់ យុត្ថា បានអះ​អាង​ថា សម្រាប់​ទឹក​ទន្លេ​សេកុង​ដែល​បាន​រង​ជំនន់​ដោយ​សារ​តែ​ការ​បាក់​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​ប្រទេស​ឡាវ​នោះ នៅ​ពេល​នេះ​បានចាប់​ផ្តើម​ស្រក​ជា​បណ្តើរៗ​ហើយ។ បើតាម​លោកចាន់ យុត្ថាដដែល យ៉ាង​យូរ​បំផុត​នៅ​រសៀល​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួននៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នឹង​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋាន​របស់​ខ្លួន​វិញ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ