លោកយឹម សុវណ្ណ៖បោះឆ្នោតគឺបញ្ចៀសសង្គ្រាម មិនមែនបង្កើតសង្គ្រាមទេ
លោកយឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យផង បានថ្លែងឲ្យដឹងនៅព្រឹកនេះថា ការបោះឆ្នោត គឺដើម្បីជាការបញ្ជៀសសង្គ្រាម មិនមែនបង្កើតសង្គ្រាមនោះទេ។ ទោះបីការលើកឡើងនេះមិនសំដៅទៅចំអ្នកណាក្តី ក៏ប៉ុន្តែគេអាចដឹងយ៉ាងច្បាស់ថា វាគឺជាការឆ្លើយតបទៅការព្រមានពីកើតមានសង្គ្រាមជាបន្តបន្ទាប់សំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៧
នៅក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់របស់គណបក្សសង្គ្រោជាតិ ប្រចាំរាជធានីភ្នំពេញនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ឧសភា លោកយឹម សុវណ្ណ បានគូសបញ្ជាក់ដោយសម្តីម៉ាត់ៗដូច្នេះថា បោះឆ្នោតត្រូវការជីវិត បោះឆ្នោតត្រូវការសេរីភាពនិងរកមធ្យោបាយដើម្បីស្វែងរកសុភមង្គលជូនគ្រួសារ មិនមែនបោះឆ្នោតដើម្បីសង្គ្រាមទេ។ លោកយឹម សុវណ្ណ បានសង្កត់ធ្ងន់បន្ថែមទៀតថា បើធ្វើសង្គ្រាមដដែលគឺគេអត់ចាំបាច់រៀបចំឲ្យមានការបោះឆ្នោតឡើយ ហើយតាំងតែពីឆ្នាំ១៩៩៣រហូតមកដល់ពេលនេះ ដោយសារតែការបោះឆ្នោតនេះហើយទើបបានជាមិនមានសង្គ្រាមកើតឡើង។ ក្នុងន័យនេះ សម្រាប់លោកយឹម សុវណ្ណ ការបោះឆ្នោត គឺដើម្បីបញ្ជៀសសង្គ្រាម។
ការគូសបញ្ជាក់របស់លោកយឹម សុវណ្ណនេះ បានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាប្រមុខគណបក្សប្រជាជនកម្ពុជាបានព្រមានជាថ្មីទៀតពីការកើតមានសង្គ្រាមនៅក្រោយការបោះឆ្នោត។ កាលពីថ្ងៃទី១០ ឧសភាកន្លងទៅ គឺនៅក្នុងពិធីអបអរសាទរខួប១០ឆ្នាំនៃទិវាអតីតយុទ្ធជនកម្ពុជា លោកហ៊ុន សែន ដែលមិនមែនជាលើកទី១ បានព្រមានជាថ្មីថា បើគណបក្សប្រជាជនកម្ពុជាមិនដឹកនាំប្រទេសទេនោះ សង្គ្រាមនៅកម្ពុជា ប្រាកដជាកើតមានជាថ្មី។ បើតាមលោកនាយករដ្ឋមន្ត្រី សង្គ្រាមមិនមែនកើតចេញតែមកពីអាវុធនោះទេ តែក៏កើតចេញពីមាត់របស់អ្នកអប់រំនយោបាយផងដែរ។
សម្រាប់លោកយឹម សុវណ្ណ ដែលជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកថា សង្គ្រាមអាចនឹងកើតឡើងបែបណាបើព្រះមហាក្សត្រមិនប្រកាសសង្គ្រាមផង ហើយផ្ទុយទៅវិញ ព្រះអង្គបានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតថែមទៀត។
សូមបញ្ជាក់ថា ព្រះមហាក្សត្រកម្ពុជាព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី តាមរយៈព្រះរាជសារមួយបានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៤ មិថុនា ខាងមុខនេះឲ្យគ្រប់ៗគ្នា ដោយកុំឲ្យមានព្រួយបារម្ភពីការគាបសង្កត់ ការគម្រាមកំហែង ឫសម្លុតពីជនណាម្នាក់ឫបក្សណាមួយឲ្យសោះ។ ព្រះមហាក្សត្រ ទ្រង់ក៏ថែមទាំងអំពាវនាវឲ្យពលរដ្ឋខ្មែរប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ជៈដែលមានទំនុកចិត្តទៅលើបេក្ខណាម្នាក់ និងគណបក្សណាមួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ