ACU បញ្ជូនមន្រ្តីអាដហុក ៤ រូប និង អគ្គលេខាធិការរង គជប ម្នាក់ ទៅតុលាការ
អង្គភាពប្រឆាំងអំពើពុករលួយ នៅល្ងាចថ្ងៃទី ៣០ ខែ មេសា នេះ បានបញ្ជូន មន្រ្តីអង្គការអាដហុក ចំនួន ៤ រូប និង អគ្គលេខាធិការរង គជប ម្នាក់ ទៅកាន់តុលាការ ដើម្បីឲ្យតំណាងអយ្យការបន្តនិតិវិធីជាបន្តទៀត។ នេះបើតាមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ មន្ត្រីសង្គមស៊ីវិលចំនួន៤រូប និងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត១រូប ត្រូវបានACU សម្រេចឃាត់ខ្លួន និង បញ្ជូនសំណុំរឿងទៅតុលាការ ដោយចោទប្រកាន់ថាមានពាក់ព័ន្ធនឹងអំពើពុករលួយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:២៩
ជុំវិញសំណុំរឿងមន្ដ្រីសង្គមស៊ីវិលចំនួន ៤ រូប និងអគ្គលេខាធិការរង គជប ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនតាំងពីថ្ងៃព្រហស្បតិ៍ រហូតមកទល់ពេលនេះ អង្គភាពប្រឆាំងពុករលួយ (ACU) បានបញ្ជូន ទៅតុលាការហើយ ដើម្បីឲ្យតំណាងអយ្យការបន្តការសួរនាំ និងមានវិធានការបន្តទៀត។ យ៉ាងណាក៏ដោយ មន្រ្តីទាំង ៥ រូប ត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយវិញ បន្ទាប់ពីការសាកសួរ។ ការបញ្ជូនមន្រ្តីទាំង ៥ នាក់ ទៅកាន់ តុលាការ ព្រោះតែ ការឃុំខ្លួននៃដំណើរការសួរនាំដល់រយៈពេល៤៨ម៉ោង ដូច្នេះត្រូវមកបង្ហាញមុខនិងបំពេញសំណុំបែបបទចំពោះមុខព្រះរាជអាជ្ញា រួចនាំត្រឡប់ទៅវិញ ។
សូមបញ្ជាក់ថា ការសម្រេចឃាត់ខ្លួន និង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នេះ ធ្វើឡើងបន្ទាប់ពីការសាកសួររយៈពេល២ថ្ងៃ ជុំវិញការចោទប្រកាន់របស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលថា មន្រ្តីសង្គមស៊ីវិលណែនាំនាងឱ្យនិយាយកុហកប្រាប់សមត្ថកិច្ច ពីទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា។
គួរជម្រាបជូនផងដែរថា កាលពីយប់ថ្ងៃសុក្រម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយបានអនុញ្ញាតឲ្យក្រុមគ្រួសារចូលសួរសុខទុក្ខអ្នកដែលត្រូវឃុំខ្លួន។ នៅព្រឹកថ្ងៃសៅរ៍នេះ អង្គការអាដហុកបានព្យាយាមស្នើសុំឲ្យមេធាវីចូលជួបជាមួយអ្នកទាំង៥ ប៉ុន្តែមិនត្រូវបាន ACU អនុញ្ញាតឡើយ។
បុគ្គលទាំង៥រូបដែលត្រូវបានឃាត់ខ្លួនទុកនៅ ACU រួមមានលោក នី ចរិយា អគ្គលេខាធិការរង គជប និងមន្ដ្រី៤រូបមកពីសមាគមអាដហុក មានជាអាថិ៍៖ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង ដា និងលោកស្រី លឹម មុនី។ អ្នកទាំង៥ត្រូវបាន ACU រកឃើញថា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ៕
អត្ថបទដោយ៖ សរ ពិសី
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ