អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឥរិយាបថ​​អ្នក​នយោបាយ​អាមេរិក​ចំពោះ​លទ្ធផលការ​​បោះ​ឆ្នោត ជា​គំរូ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៨​វិច្ឆិកា បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ក្ដៅ​នៅ​កម្ពុជា ដែល​ប្រជាពលរដ្ឋ​និង​អ្នក​នយោបាយ​ទាំង​អស់​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ក្រៅ​ពី​តាមដាន​ការ​បោះ​ឆ្នោត អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​លើក​ឡើង​ថា ឥរិយាបទ​នៃ​អ្នក​នយោបាយ​អាមេរិក​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត គឺ​ជា​មេរៀន​ដែល​អ្នក​នយោបាយកម្ពុជា​គួរ​រៀន​សូត្រ​និង​យក​គំរូ​តាម​។

ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៨​វិច្ឆិកា បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ក្ដៅ​នៅ​កម្ពុជា ដែល​ប្រជាពលរដ្ឋ​និង​អ្នក​នយោបាយ​ទាំង​អស់​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។
ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៨​វិច្ឆិកា បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ក្ដៅ​នៅ​កម្ពុជា ដែល​ប្រជាពលរដ្ឋ​និង​អ្នក​នយោបាយ​ទាំង​អស់​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ REUTERS/Andrew Kelly
ផ្សាយពាណិជ្ជកម្ម

ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ថ្វី​ត្បិត​តែ​នៅ​ឆ្ងាយ​ឆ្លង​ទ្វីប​ពី​កម្ពុជា ប៉ុន្តែការ​បោះ​ឆ្នោត​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​និង​យក​ចិត្ត​តាម​ដាន​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​អ្នក​នយោបាយ​នៅ​កម្ពុជា​។ ហើយ​ដូច​រៀងរាល់​អាណត្តិ​ដែរ អ្នក​វិភាគ​​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​តែង​តែជំរុញ​ឲ្យ​កម្ពុជា ទាញ​យកមេរៀន​​ល្អ​ៗ​ពី​ការ​បោះ​ឆ្នោត​នៅ​អាមេរិកមក​អនុវត្ត​តាម ខណៈ​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ថ្មី​នៅ​ឆ្នាំ​២០១៨​ខាងមុខ​នេះ​ហើយ​។ តើវា​ជា​ការ​ពិត​ឬ​ដែល​ថា ការ​បោះ​ឆ្នោត​នៅ​​អាមេរិក​មានមេរៀន​ល្អ​ៗ​​​ដែល​កម្ពុជាអាច​រៀនសូត្រ​យក​គំរូ​តាម​បាន​?

ថ្វី​ត្បិត​តែ​អាមេរិក​ជា​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ជាង​២០០​​​​ឆ្នាំ​ហើយ​ក៏​ពិត​មែន ប៉ុន្តែការ​ប្រកួត​ប្រជែង​នយោបាយ​រវាង​អ្នក​នយោបាយ​នៅអាមេរិក ហាក់ស្ថិត​នៅ​ឆ្ងាយ​ពី​ភាព​ចំណាស់​របស់​ខ្លួនណាស់ ​ដោយ​ចំពោះ​នៅ​ក្នុង​អាណត្តិ​នេះ​តែ​ម្ដង​។ ទាំង​លោក​ស្រី ហ៊ីឡារី គ្លីនតុន និង​លោក ដូណាល់ ត្រាំ ដែល​ជា​បេក្ខភាព​ប្រធានាធិបតី បាន​យក​រឿង​ផ្ទាល់​ខ្លួន​ទៅ​វាយ​ប្រហារ​គ្នា​នៅ​លើ​វេទិកា​ជជែក​ជា​សាធារណៈ ដោយ​ក្នុង​នោះ លោក​ស្រី​គ្លីនតុន បាន​គាស់​កកាយ​រឿងអាស្រូវ​ផ្លូវ​ភេទ​របស់​​លោក​ត្រាំ ម្ដងហើយ​ម្ដង​ទៀត​​។ ចំណែក​លោក​ត្រាំ​ឯ​ណោះ​វិញ តែង​តែ​ចោទ​លោក​ស្រី​ហ៊ីឡារី គ្លីនតុន ថា​ជា​មនុស្ស​មិន​ស្មោះ​ត្រង់​។ រឿង​អាស្រូវ​អ៊ីមែល​របស់​លោកស្រី​គ្លីនតុនដែល​​ផ្ទុះ​ឡើង​បន្ត​បន្ទាប់ ក៏​ជា​ប្រធានបទ​នៃ​ការ​វាយ​ប្រហារ​របស់​លោក​ត្រាំ​ផង​ដែរ​។

ក្រៅ​ពី​ការ​លើក​យក​រឿង​ផ្ទាល់​ខ្លួន​ទៅ​វាយ​ប្រហារ​គ្នា​របស់​អ្នក​នយោបាយ សារព័ត៌មាន​អាមេរិក​ក៏​បាន​បង្ហាញ​ពី​ភាព​លម្អៀង​មិន​ធ្លាប់​មាន នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដែរ​។ លោក​ត្រាំ បាន​កត់​សម្គាល់​យ៉ាង​ដូច្នេះ ហើយ​វាទំនង​ជា​មិន​ខុស​អ្វី​ពី​តថភាព​ពិត​ជាក់​ស្ដែង​​ឡើយ​។ សារព័ត៌មាន​ភាគ​ច្រើន​លើស​លុប​បាន​ដើរ​តួ​ជា​អ្នក​ផ្ដល់​កម្លាំង​ចិត្ត​ដល់​លោក​ស្រី​គ្លីនតុន សរសេរ​លើក​សរសើរ​លោក​ស្រី​គ្រប់​សព្វ​បែប​យ៉ាង។ ចំណែក​លោក​ត្រាំ​វិញ ត្រូវ​សារព័ត៌មាន​ទាំងអស់​នោះ សរសេរ​បង្អាប់ បង្កាច់​បង្ខូច​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​​ខ្លះ ហ៊ាន​ដល់​ទៅ​អំពាវនាវ​ឲ្យ​ទស្សនិកជន​របស់​ខ្លួន កុំ​បោះ​ឆ្នោត​ឲ្យ​លោក​ត្រាំ​ថែម​ទៀត​ផង​។

មក​ដល់​ត្រឹម​ណេះ គេ​ប្រហែល​ជា​ត្រូវ​សួរ​ត្រឡប់​ទៅ​វិញ​ ថា​តើ​ទាំង​នេះ​ឬ​ជា​មេរៀន​ដែល​កម្ពុជា​គួរ​រៀន​ពី​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​?

ជា​ការពិត ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ដែល​ទើប​តែ​កន្លង​ផុត​នេះ មិន​ល្អ​ឥត​ខ្ចោះឡើយ​។ ប៉ុន្តែ​ លទ្ធិប្រជាធិបតេយ្យ​នៅអាមេរិក​ដែល​មាន​អាយុ​ជាង​២០០​ឆ្នាំ​ទៅ​ហើយ​នោះ នៅ​តែ​មាន​មេរៀន​​ល្អ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​យក​គំរូ​តាម ជា​ពិសេស​ទាក់ទិន​នឹង​​ឥរិយាបទ​របស់​អ្នក​នយោបាយ​អាមេរិក​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​។ នោះ​គឺ​តម្លាភាព និង​ភាព​ជា​កីឡា​ករ​របស់​អ្នក​នយោបាយ​។

ចាប់​តាំងពី​ការ​ប្រកាស​លទ្ធផល គ្មាន​ឡើយ​ការ​ចោទ​ប្រកាន់​គ្នា​ពី​រឿង​លួច​បន្លំ​សន្លឹក​ឆ្នោត និង​គ្មាន​ឡើយ​ការ​តវ៉ា​ប្រឆាំង​ជំទាស់​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​។ ក្រោយ​ចាញ់​ការ​បោះ​ឆ្នោត លោក​ស្រី ហ៊ីឡារី គ្លីនតុន បាន​ទូរសព្ទ​ទៅ​អបអរ​សាទរ​ជ័យ​ជំនះ​របស់​លោក​ដូណាល់ ត្រាំ ចំណែក​លោក​ដូណាល់ ត្រាំ ក៏​បាន​ថ្លែង​អំណរគុណ និង​ដឹង​គុណ​ចំពោះ​ការងារ​ដែល​លោក​ស្រី គ្លីនតុន បាន​ធ្វើ​សម្រាប់​អាមេរិក​នា​ពេល​កន្លង​មក​។ នេះ​គឺ​ជា​មេរៀន​ដ៏​ល្អ ដែល​អ្នក​នយោបាយ​ខ្មែរ​គួរ​យក​គំរូ​តាម​។

ពិត​ហើយ​ថា ស្ថានភាព​នៅ​សហរដ្ឋ​អាមេរិក​ខុស​ពី​ស្ថានភាព​នៅ​កម្ពុជា​។ ការ​បោះ​ឆ្នោត​នៅ​អាមេរិក ត្រូវ​បាន​រៀបចំ​ឡើង​ខុស​ពី​កម្ពុជា​។ ហើយ​បេក្ខជន​ប្រធានាធិបតី​អាមេរិក ក៏​មិន​ធ្លាប់​បាន​ប្រឡូក​នៅ​ក្នុង​ឆាក​នយោបាយកម្ពុជា​ដែរ​។ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា កម្ពុជា​មិន​អាច​រៀន​សូត្រ​និង​ទាញ​យក​ចំណុច​ល្អ​ពី​ប្រទេស​អាមេរិក​មក​អនុវត្ត​បាន​ទាល់​តែ​សោះ​ដែរ​។ អ្នក​នយោបាយ​ខ្មែរ គួរ​តែ​ទាញ​យក​មេរៀន​ល្អ​ៗ​មួយ​ចំនួន​ពី​​អ្នក​នយោបាយ​របស់​អាមេរិក មក​អនុវត្ត​តាម​។ ការ​អនុវត្ត​តាម​ទាំង​ស្រុង ជា​ការ​ពិត គឺ​មិន​អាច​ទៅ​រួច​ឡើយ។ ប៉ុន្តែ​អ្នក​នយោបាយ​អាច​យក​មក​ដុស​ខាត់ កែ​សម្រួល ឲ្យ​សម​ស្រប​ទៅ​តាម​បរិបទ និង​ស្ថានភាព​របស់​កម្ពុជា​។

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គេ​ទទួល​ស្គាល់​ថា អ្នក​នយោបាយ​នៅ​កម្ពុជា​ចាប់​ផ្ដើម​ចាស់​ទុំ​ជាង​មុន​។ បើ​ទោះ​ជា​មាន​ភាព​រកាំរកូស​មិន​ឈប់​ឈរ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ អ្នក​នយោបាយ​ខ្មែរ​ធ្លាប់​បាន​ចូល​តុ​ចរចា​ជជែក​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ ដោយ​ឈរ​លើគោលការណ៍​​វប្បធម៌​សន្ទនា​។ ជាវប្បធម៌​សន្ទនា​ដែល​គ្រប់​គ្នា ទាំង​ប្រជាពលរដ្ឋ​និង​សហគមន៍​អន្ដរជាតិ អបអរ​សាទរ​និង​លើក​ទឹក​ចិត្ត​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ភាព​ត្រូវ​រ៉ូវ​គ្នាមួយ​រយៈ​ពេល​ខ្លី​ ហើយ​ស្រាប់​តែ​ត្រឡប់​មកហែកហួរ​​គ្នា​វិញ​ដដែល គឺ​​មិន​មែន​ជា​រឿង​ល្អ​ឡើយ​។

ដូច្នេះ អ្នក​នយោបាយ​ខ្មែរ គួរ​តែ​កែ​ប្រែ​ឥរិយាបទ​ទាំង​នេះ​ចោល ជំនួស​មក​វិញ​នូវ​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ ទឹក​ចិត្ត​ជា​កីឡាករ ដែល​ហ៊ានស៊ី​ហ៊ាន​សង​។ ភាព​មិន​ចុះ​សម្រុង​គ្នា​គ្រប់​បញ្ហា និង​គ្រប់​កាលៈទេសៈ ដែល​មិន​អាច​ដោះ​ស្រាយ​នៅ​លើ​តុ​រួម​គ្នា​បាន គឺ​ជា​សញ្ញា​ដ៏​គ្រោះ​ថ្នាក់​ណាស់​សម្រាប់​ស្ថិរភាព​នយោបាយ​និង​ការ​អភិវឌ្ឍ​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ