អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចុះ​រុះ​រើ​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​អង្គរ

ការ​រីករាល​ដាល​នូវ​សំណង់​ខុស​ច្បាប់​ក្នុង​តំបន់​រមនីយដ្ឋាន​អង្គរ ធ្វើ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ព្រួយ​បារម្ភ​។ នៅ​ក្នុង​សេចក្ដី​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក អាជ្ញាធរ​អប្សរា​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​សំណង់​ខុស​ច្បាប់​ទាំង​នោះ​រុះ​រើ​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត​ជា​បន្ទាប់​។ បើ​ពុំ​ដូច្នោះ​ទេ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចុះ​រុះ​រើ​ជំនួស​។

ប្រាសាទ​អង្គរវត្ត​ នៅ​សៀមរាប កម្ពុជា
ប្រាសាទ​អង្គរវត្ត​ នៅ​សៀមរាប កម្ពុជា Wikipedia
ផ្សាយពាណិជ្ជកម្ម

សកម្មភាព​រំលោភ​សាងសង់ ចាក់​ដី​បំពេញ​ខុស​ច្បាប់​ក្នុង​តំបន់​១ និង​តំបន់​២ នៃ​រមនីយដ្ឋាន​អង្គរ កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់​ពី​ថ្ងៃ​ទី​២០​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២​មិថុនា​។ របាយការណ៍​ក្រុម​ការងារអាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ថា គ្រាន់​តែ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​នេះ មាន​សកម្មភាព​សាងសង់ ចាក់​បំពេញ​ដី​ខុស​ច្បាប់​សរុប​ចំនួន​ជាង​៥០០​ករណី ក្នុង​នោះ​ក៏​មាន​ផង​ដែរ ការ​រំលោភ​សាងសង់​កៀក​នឹង​កំផែង​ប្រាសាទ​បន្ទាយ​ក្ដី​។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាង​ថា សំណង់​ខុស​ច្បាប់​ទាំង​នេះ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការងារ​ថែ​រក្សា ការពារ និង​អភិរក្ស​រមនីយដ្ឋាន​អង្គរ​។ អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ដែល​សហគមន៍​អន្ដរជាតិ​ក៏​ដូច​ជា​អង្គការ​យូណេស្កូ តែង​តែ​ចាត់​ទុក​ជា​គំរូ​លើ​វិស័យ​ថែ​រក្សា​ការពារ​បេតិកភណ្ឌ​។ ​អាជ្ញាធរ​ជាតិ​អប្សរា​​ បន្ថែម​ថា សកម្មភាព​ខុស​ច្បាប់​ទាំង​នេះ អាច​នឹង​រំខាន​ដល់​ការ​ព្យាយាម​ដាក់​បញ្ចូល​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ចំនួន​ទៀត ជា​រមនីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ​។

ក្នុង​ន័យ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ដល់​ម្ចាស់​សំណង់​និង​ម្ចាស់​ដី​ចាក់​បំពេញ​ខុស​ច្បាប់​ទាំង​អស់​ក្នុង​តំបន់​១​និង​តំបន់​២​នៃ​រមនីយដ្ឋាន​អង្គរ ឲ្យ​រុះ​រើ​សំណង់​ទាំង​អស់​នោះ​វិញ​ដោយ​ស្ម័គ្រ​ចិត្ត​។ ប្រសិន​បើ​ម្ចាស់​សំណង់​មិន​ផ្ដល់​កិច្ច​សហការ​ទេ អាជ្ញាធរ​អប្សរា​ថា ​នឹង​ចុះ​ទៅ​រុះ​រើ​ដោយ​ខ្លួន​ឯង ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប។

គួរ​ជម្រាប​ដែរ​ថា តំបន់​១​និង​តំបន់​២​នៃ​រមនីយដ្ឋាន​អង្គរ ត្រូវ​បាន​កំណត់​ក្នុង​ព្រះ​រាជក្រឹត្យ​លេខ​០០១​នស ជា​តំបន់​ដែល​ត្រូវ​​ការពារ​ក្នុង​កម្រិត​ខ្ពស់​បំផុត​។ ត្រូវ​ការពារ​ក្នុង​កម្រិត​ខ្ពស់​ព្រោះ តំបន់​ទាំង​ពីរ​នេះ ក្រាល​​គ្រប​ដណ្ដប់​ដោយ​ប្រាសាទ​បុរាណ​និង​សំណល់​បុរាណ​វិទ្យាជា​ច្រើន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ