អានតួអត្ថបទ
កម្ពុជា

សត្វ​ចិញ្ចឹម​លក្ខណៈ​ពាណិជ្ជកម្ម ត្រូវ​មាន​អត្តសញ្ញាណ​សម្គាល់

សត្វ​គ្រប់​ប្រភេទ ដែល​ចិញ្ចឹម​ជា​លក្ខណៈ​ពាណិជ្ជកម្ម ត្រូវ​តែ​មាន​អត្តសញ្ញាណ​សម្គាល់។ នេះ​បើ​តាម​ច្បាប់​ថ្មី​ស្តី​សុខភាព​សត្វ ដែល​ប្រកាស​ផ្សព្វ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​សីហា​នេះ។ ការ​កំណត់​អត្តសញ្ញាណ​សត្វ​នឹង​ជួយ​ការពារ​ការ​នាំ​ចូល​សត្វ​ខុស​ច្បាប់​ពី​ប្រទេស​ជិត​ខាង។

រូបភាពតំណាង៖ សត្វ​គោ​ប្រាម៉ាន់​ របស់​អូស្ត្រាលី​ទាំង​ជិត​៣​ពាន់​ក្បាល ​នឹង​ត្រូវ​នាំ​ចេញ​ពី​នាវា​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ ​ទៅ​ដាក់​នៅ​កសិដ្ឋាន​របស់​ក្រុមហ៊ុន ​SLN Meat ​Supplies ​នៅ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​។
រូបភាពតំណាង៖ សត្វ​គោ​ប្រាម៉ាន់​ របស់​អូស្ត្រាលី​ទាំង​ជិត​៣​ពាន់​ក្បាល ​នឹង​ត្រូវ​នាំ​ចេញ​ពី​នាវា​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ ​ទៅ​ដាក់​នៅ​កសិដ្ឋាន​របស់​ក្រុមហ៊ុន ​SLN Meat ​Supplies ​នៅ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​។
ផ្សាយពាណិជ្ជកម្ម

មាត្រា​ទី​៣០ នៃ​ច្បាប់​ស្តីពី​សុខភាព​សត្វ​តម្រូវ​ឲ្យ​អង្គភាព​ជំនាញ ដែល​ធ្វើ​ការងារ​ខាង​ផលិតកម្ម និង​បសុព្យា​បាល​ត្រូវ​រៀបចំ​កសាង​សមត្ថភាព និង​យន្តការ​នានា ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​ប្រព័ន្ធ​អត្តសញ្ញាណ​កម្ម​សត្វ និង​ប្រព័ន្ធ​តាម​ដាន​ប្រភព​សត្វ។ ការ​កំណត់​អត្ត​សញ្ញាណ​សត្វ​នេះ គឺ​ធ្វើ​ឡើង​ ដើម្បី​គ្រប់​គ្រង​ការ​នាំ​ចេញ នាំ​ចូល​សត្វ​ពី​ប្រទេស​ជិត​ខាង។ នេះ​បើ​តាម​លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​សីហា។

ការ​កំណត់​អត្តសញ្ញាណ​សត្វ​នេះ ក៏​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បញ្ជាក់​ម្ចាស់​កម្មសិទ្ធិ​សត្វ គ្រប់​គ្រង​ការ​ចិញ្ចឹម​ ការ​បង្កាត់​ពូជ​សត្វ ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង​ និង​ការពារ​សុខភាព​មនុស្ស និង​សត្វ។ នេះ​បើ​តាម​មាត្រា​២៩។

លោក​បន្ថែម​ថា​ការ​កំណត់​អត្តសញ្ញាណ​នេះ ក៏​នឹង​ធ្វើ​ឡើង​ចំពោះ​សត្វ ដែល​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ។ ចំណែក​នីតិវិធី​នៃ​ការ​ធ្វើ​អត្តសញ្ញាណ​កម្ម​សត្វ ត្រូវ​កំណត់ ដោយ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម។ យ៉ាង​ណាមិញ លោក​ឡោ រស្មី​ មិន​បាន​បញ្ជាក់​ថា​ពេល​ណា​ការ​ធ្វើ​អត្តសញ្ញាណកម្ម​សត្វ​នឹង​ត្រូវ​ដំណើរ​ការ​នោះ​ទេ ប៉ុន្តែ​លោក​ថា​កន្លង​មក​ក្រសួង​កសិកម្ម​ធ្លាប់​បាន​គិត​គូ​លើ​បញ្ហា​នេះ​ម្តង​រួច​មក​ហើយ។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា យល់​ថា​ការ​កំណត់​អត្តសញ្ញាណ​សត្វ​ គឺ​ជា​រឿង​ល្អ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​មិន​មាន​នោះ​ទេ។ លោក​បន្ថែម​ថា​ បើ​ការ​កំណត់​អត្តសញ្ញាណ​សត្វ​នេះ​ធ្វើ​ទៅ​លឿន​ នោះ​កាន់​តែ​ល្អ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ឈាន​ជើង​ចូល​ក្នុង​សមាហរណកម្ម​អាស៊ាន។

កន្លង​មក​ប្រទេស​កម្ពុជា​ធ្លាប់​បាន​នាំចូល​សត្វ​ពី​ប្រទេស​ដទៃ​ ដូចជា​សត្វ​ជ្រូក និង​សត្វ​គោ​ជាដើម ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក ប៉ុន្តែ​ការ​នាំ​ចូល​ទាំង​នោះ បាន​បង្ក​ឲ្យ​ផល​ប៉ះពាល់​មួយ​ចំនួន​ទៅ​លើ​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក ដូចជា​ការ​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្លង​ជា​ដើម។

គួរ​រំលឹក​ជូន​ថា ច្បាប់​ដែល​មាន​២២​ជំពូក និង​ប្រើ​ពេល​៨​ឆ្នាំ​ក្នុង​ការ​បង្កើត ត្រូវ​បាន​រដ្ឋសភា​អនុម័ត កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ឆ្នាំ​២០១៥។​ ច្បាប់​នេះ​មាន​គោល​បំណង​ធានា​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ ការពារ​សុខភាព​មនុស្ស សុខ​ភាព​សត្វ សុខុមាល​ភាព​សត្វ និង​ការពារ​បរិស្ថាន បង្ការ​ទប់​ស្កាត់ និង​លុប​បំបាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​សត្វ ការពារ​ធនធាន​សត្វ និង​ពូជ​សត្វ​របស់​ជាតិ ធានា​និរន្តភាព​នៃ​ការ​ផ្គត់ផ្គង់​ផលិត​ផល​សត្វ​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក និង​ការ​នាំ​ចេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ