អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ចង់​នាំ​ខ្លា​ធំ ៧​ក្បាល​ពី​ឥណ្ឌា

បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​សន្និសីទ​លើក​ទី​៣ ស្តីពី​ការ​អភិរក្ស​សត្វខ្លា​ធំ​របស់​​រដ្ឋមន្ត្រី ១៣​ប្រទេស ក្នុង​តំបន់​អាស៊ី កាល​ពី​ពាក់​កណ្តាល​ខែ​មេសា​ តំណាង​ក្រសួង​កសិកម្ម​កម្ពុជា និង​ឥណ្ឌា បាន​ពិភាក្សា​គ្នា​ក្រៅ​ផ្លូវ​ការ​ថា គេ​មាន​ផែន​ការ​នាំ​យក​សត្វ​ខ្លាធំ​ចំនួន ៧​ក្បាល​ពី​ប្រទេស​ឥណ្ឌា​មក​កាន់​កម្ពុជា ក្នុង​ដំណាក់​កាល​ដំបូង។ ផែនការ​នេះ គឺ​ដើម្បី​ស្តារ​ចំនួន​សត្វ​ខ្លា​ធំ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​។ អង្គការ​ការពារ​សត្វ​ព្រៃ បាន​ស្វាគមន៍ និង​ត្រៀម​ខ្លួន​គាំទ្រ​ចំពោះ​គម្រោង​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​មាន​ការ​ពង្រឹង​ច្បាប់​ការពារ​សត្វ​ព្រៃ និង​ព្រៃឈើ​ឲ្យ​បាន​តឹង​រ៉ឹង​ជា​មុន​សិន។

WWF
ផ្សាយពាណិជ្ជកម្ម

តំណាង​ក្រសួង​កសិកម្ម​កម្ពុជា ដែល​បាន​ទៅ​ចូលរួម​ក្នុង​សន្និសីទ​លើក​ទី​៣ ស្តីពី​ការ​អភិរក្ស​សត្វ​ខ្លា​ធំ​របស់​រដ្ឋមន្ត្រី ១៣​ប្រទេស​នៃ​តំបន់​អាស៊ី នា​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា បាន​ប្រាប់​វិទ្យុ​បារាំង​ថា គេ​បាន​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​នឹង​តំណាង​ក្រសួង​កសិកម្ម​ឥណ្ឌា ពី​ផែន​ការ​នាំយក​សត្វ​ខ្លាធំ ៧​ក្បាល​ ពី​ឥណ្ឌា​មក​ដាក់​ក្នុង​ព្រៃ​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ លោក​កែវ អ៊ុំម៉ាលីស បាន​ប្រាប់​ថា ផែន​ការ​នេះ នៅ​មិន​ទាន់​ត្រូវបាន​បញ្ជូន​ទៅ​កាន់​រដ្ឋាភិបាល ដើម្បី​ពិនិត្យ​ និង​សម្រេច​នៅ​ឡើយ​ទេ។ ​

បើ​តាម​តំណាង​ក្រសួង​កសិកម្ម​រូប​នេះ ការ​យក​សត្វខ្លា​ពី​ប្រទេស​ដទៃ​មក​ចិញ្ចឹម​នេះ​ គឺ​អាច​ស្តារ​ចំនួន​សត្វ​ខ្លា​ធំ​នៅ​កម្ពុជា។ ​ហើយ​មិន​មែន​តែ​ប្រទេស​ឥណ្ឌា​ទេ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កម្ពុជា បាន​បញ្ជាក់​ថា គេ​ក៏​អាច​យក​យក​សត្វ​ខ្លា​ពី​ប្រទេស​ម៉ាឡេស៊ី ​ឬ​ថៃ មក​ចិញ្ចឹម​អភិរក្ស​ផង​ដែរ។ តាម​ក្រសួង​កសិកម្ម​ បច្ចុប្បន្ន​សត្វ​ខ្លា​ធំ ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ប្រមាណ​ពី​ ២០​ទៅ ៥០​ក្បាល​ ក្នុង​តំបន់​អភិរក្ស​ ដែល​ស្ថិតនៅ​ប៉ែក​ខាង​ជើង ខាង​កើត និង​និរតី​នៃ​ប្រទេស​កម្ពុជា។

នាយក​អង្គការ​ការពារ​សត្វ​ព្រៃ WWF ប្រចាំ​កម្ពុជា លោក​ឈិត សំអាត បាន​ស្វាគមន៍​ចំពោះ​ផែនការ​នេះ ហើយ​លោក​អះអាងថា​ WWF ត្រៀម​ខ្លួន​ដើម្បី​គាំទ្រ​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការ។​ យ៉ាង​ណា​ក៏​ដោយ លោក​ឈិត​ សំអាត ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការពារ​សត្វ​ព្រៃ និង​ព្រៃឈើ​ឲ្យ​បាន​តឹងរ៉ឹង​សិន មុន​នឹង​យក​សត្វ​ខ្លា​ទាំង​នោះ​មក ប្រយោជន៍​ដើម្បី​ឲ្យ​វត្តមាន​ខ្លា​ធំ​ទាំង​នោះ មាន​ ប្រសិទ្ធភាព និង​យូរ​អង្វែង។ តាម​ការ​កត់​សម្គាល់​របស់​លោក កន្លង​មក​សត្វខ្លា​មួយ​ចំនួន បាន​បាត់​ចេញ​ពីកាម៉ារ៉ា​ស្វ័យ​ប្រវត្តិ មាន​ន័យ​ថា ក្នុង​តំបន់​នោះ ស្ទើរ​តែ​គ្មាន​វត្ត​មាន​ខ្លា​ធំ​ទៀត​ទេ។ WWF មើល​ឃើញ​ថា សត្វ​ព្រៃ​ទាំង​នោះ នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជម្រក​ ដោយ​សារ​ការកាប់​ទន្ទ្រាន​ព្រៃឈើ និង​ការ​ធ្វើ​ទុកបុម្នេញ​របស់​មនុស្ស​ជា​ដើម។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សន្និសីទ​លើក​ទី​៣ ស្តីពី​ការ​អភិរក្ស​សត្វខ្លា​ក្នុង​តំបន់​អាស៊ី​របស់​រដ្ឋមន្ត្រី ១៣​ប្រទេស​ដែល​មាន​វត្តមាន​ខ្លា​ធំ និង​ដែល​ធ្វើ​ឡើង​កាល​ពី​ពាក់​កណ្តាល​ខែ​មេសា​កន្លងទៅ បាន​កំណត់​បង្កើន​ចំនួន​សត្វខ្លា​ធំឲ្យ​កើន​ទ្វេរដង ក្នុង​ឆ្នាំ ២០២២។ តាម​ការ​ប៉ាន់​ស្មាន​របស់ WWF និង​វេទិកា​សត្វ​ខ្លា​សកល បាន​បង្ហាញ​ថា បច្ចុប្បន្ន​ចំនួន​សត្វខ្លា​ក្នុង​សកល​លោក​មាន​ ៣៨៩០​ក្បាល ខណៈ​កាល​ពី​ឆ្នាំ​ ២០១០ មាន​ ៣២០០ក្បាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ