អានតួអត្ថបទ
កម្ពុជា

សាលាឧទ្ធរណ៍​មិនឱ្យ​ជនជាប់ចោទ​បីនាក់ ដែលជា​អតីត​ព្រះសង្ឃ នៅក្រៅ​ឃុំ​ទេ

ជនជាប់ចោទ៣នាក់ ម្នាក់​ឈ្មោះ សឺ​ន ហាយ ម្នាក់​ឈ្មោះ ឃី​ត វណ្ណៈ និង​ម្នាក់ទៀត​ឈ្មោះ សាង កុសល ដែល​សុទ្ធសឹង​ជា​អតីត​ព្រះសង្ឃ មិនអាច​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​តាម​ការស្នើសុំ​ឡើយ។ សាលាឧទ្ធរណ៍​បាន​បដិសេធ​សំណើ​របស់​មេធាវី​ជនជាប់ចោទ នៅក្នុង​សវនាការ កាលពី​ព្រឹក​មិញ ខណៈពេលដែល​អ្នកគាំទ្រ​ជនជាប់ចោទ​ទាំងបី​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅក្រៅ​តុលាការ។ ការប្តឹង​បន្តទៅ​តុលាការ​កំពូល​ជា​ជម្រើស​របស់​ជនជាប់ចោទ​និង​មេធាវី​របស់​អង្គការ​លីកាដូ។

ព្រះ​សង្ឃ​ចូល​រួម​ក្នុង​ការ​តវ៉ា​នា​ពេល​កន្លង​មក
ព្រះ​សង្ឃ​ចូល​រួម​ក្នុង​ការ​តវ៉ា​នា​ពេល​កន្លង​មក RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ជនជាប់ចោទ៣នាក់ ដែលជា​អតីត​ព្រះសង្ឃ ត្រូវបាន​ដឹកបញ្ជូន​ទៅ​ពន្ធនាគារ​ម១ នៅ​ព្រៃ​ស​វិញ បន្ទាប់ពី​សាលាឧទ្ធរណ៍​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​ពួកគេ នៅក្នុង​សវនាការ នា​ព្រឹក​ថ្ងៃ​សុក្រ ទី០៩ ខែមករា។

បុរស​ឈ្មោះ ឃី​ត វណ្ណៈ និង​ឈ្មោះ សាង កុសល ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេល​អតីត​ព្រះសង្ឃ​ទាំងពីរ​អង្គ​ដឹកជញ្ជូន​ដំបង​ដែលមាន​ទង់ជាតិ​និង​ទង់សាសនា ទៅ​តវ៉ា​គាំទ្រ​អ្នកមាន​ជម្លោះដីធ្លី​មកពី​ខេត្តព្រះវិហារ។ អ្នក​ទាំងពី​បាន​សុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ខែធ្នូ ពេល​សាលាដំបូង​ចោទប្រកាន់​ពីបទ«ចូលរួម​ក្នុង​សមាគម​ទុច្ចរិត»។

មេធាវី សាម សុគន្ធា ដែល​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ ឃី​ត វណ្ណៈ និង​ជនជាប់ចោទ សាង កុសល បានឱ្យដឹងថា «តុលាការ​ថា​ដោយសារ​រឿង​ស្ថិតក្នុង​ការស៊ើបអង្កេត»នៅឡើយ ហើយ​ថា ការរក្សា​ជនជាប់ចោទ ឱ្យនៅ​ក្នុង​ឃុំ​គឺ«ដើម្បី​ងាយស្រួល​ដល់​ការស៊ើបអង្កេត​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ»។

ទន្ទឹមនឹង​នេះដែរ មេធាវី ជិន លីដា ដែល​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​ឈ្មោះ សឺ​ន ហាយ ក៏បាន​ប្រាប់​ផងដែរ​ថា ការបដិសេធ​របស់​សាលាឧទ្ធរណ៍​ចំពោះ​សំណើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ក្នុង​សវនាការ នា​ព្រឹក​ថ្ងៃ​សុក្រ​នោះ គឺ​អាស្រ័យ​ដោយ​មូលហេតុ​ស្រដៀង​គ្នា។

បុរស​ឈ្មោះ សឺ​ន ហាយ ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ពេល​អតីត​ព្រះសង្ឃ​អង្គ​នេះ​កំពុង​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​អ្នកភូមិ​បឹងកក់៧នាក់ ហើយ​ជាប់ចោទ​ពីបទ«ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង [ឆាយា​គណៈមហានិកាយ​ក្លែង] និង​ស្លៀក​សំលៀកបំពាក់​ព្រះសង្ឃ​ដោយ​ខុសច្បាប់»។

បើតាម មេធាវី ជិន លីដា នេះ​ជា​បទចោទប្រកាន់​ថ្មី ដែល​បែក​ចេញពី​បទល្មើស«រារាំង​មន្ត្រីរាជការ​សាធារណៈ» នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​តុលាកា​ជាន់​ទាប​នេះ​បាន​ផ្តន្ទារ​ទោស​បុរស​ឈ្មោះ សឺ​ន ហាយ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់២លាន​រៀល​រួចហើយ។ លោក មេធាវី​បានឱ្យដឹងថា សវនាការ​ទាក់ទង​នឹង​បណ្ដឹង​សារទុក្ខ​ក្នុងករណីនេះ នឹងត្រូវ​បើក នា​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នៅ​សាលាឧទ្ធរណ៍​ដដែល។

ចំពោះ​ការមិន​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​សាលាឧទ្ធរណ៍ មេធាវី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​អះអាងថា តាមរយៈ​ការពិភាក្សា​ជាមួយ​កូនក្តី​របស់ខ្លួន បណ្ដឹង​សារទុក្ខ​នៅ​តុលាការ​កំពូល​នឹងត្រូវ​សម្រេច​នៅ​សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ