អានតួអត្ថបទ
កម្ពុជា-នយោបាយ

ការ​ចាប់​ខ្លួន លោក កឹម សុខា និង​រំលាយ​CNRP ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ធានា​សន្តិសុខ

អគ្គស្នងការ​នគរបាល​ជាតិ បាន​អះ​អាង ពី​ការ​ធានា​បាន​នូវ សន្តិសុខ​សង្គម តាម​រយៈ​ការ​ចាប់​ខ្លួន លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ ដោយ​ថា​ជា​ការ​ទប់​ស្កាត់​បាន​នូវ​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល ពី​សំណាក់​គណបក្ស​ប្រឆាំង។ នេះ​ជា​ការ​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ​នេះ សម្រាប់​សន្និបាត​បូក​សរុប​សភាពការណ៍​សន្ដិសុខ និង​សណ្ដាប់​ធ្នាប់​សង្គម ឆ្នាំ​២០១៧។

លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​របាយការណ៍​របស់​នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ការ​​ដែល​សមត្ថកិច្ច​បាន​ទប់​ស្កាត់​ទាន់​ពេល​នូវ​អ្វី​ដែល​គេ​ហៅ​ថា ​ឧបាយកល​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ គឺ​តាម​រយៈ​ការ​ឈាន​ទៅ​«ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ការ​រំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ និង​ ការ​ហាម​ឃាត់​ថ្នាក់​ដឹក​នាំ ចំនួន​១១៨​នាក់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​០៥​ឆ្នាំ»

ក្នុង​របាយការណ៍​ដដែល​នេះ ក៏​បាន​និយាយ​ផង​ដែរ ពីការចាប់ខ្លួន ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា និង ប្រធាន​គណបក្ស​រួប​រួម​ជាតិ លោក ញឹក ប៊ុនឆៃ ក្នុង​បទ​ចោទ​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន​កាល​ពី​ជាង​៥​ឆ្នាំ​មុន។

ក៏​ប៉ុន្តែ​ លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​យល់​ឃើញ​ថា ការ​ដែល​សមត្ថកិច្ច​ចាត់​ទុក ​ករណី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​នយោបាយ​ ថា​ជា​ជោគ​ជ័យ​របស់​ខ្លួន​ក្នុង​ការ​ធានា​បាន​នូវ​សន្តិសុខ​ជាតិ គឺ​ជា​ការ​យល់​ច្រឡំ។​ យល់​ច្រឡំ ព្រោះ​ការ​រំលាយ​គណបក្ស​ប្រឆាំង​​ និង​ការ​ចាប់​ខ្លួន​ លោក កឹម សុខា គឺ​កាន់​តែ​បង្កើន​ការ​ឈឺ​ចាប់​ដល់​​ភាគី​ជា​អ្នក​ចាញ់​ដោយ​សារ​តែ​អ្នក​មាន​អំណាច​ដែល​ជា​អ្នក ឈ្នះ​នៅ​តែ​បន្ត​ការ​បន្តុះ​បង្អាប់​បន្ថែម ដោយ​មិន​បាន​ស្វែង​រក​ការ​ពិត ដែល​នេះ​នយោបាយ​មួយ​ត្រូវ​បាន​គេ​ធ្វើ​តាំង​ពី​​ជំនាន់​មុនៗ​មក។ នេះ​ជា​បញ្ជាក់​របស់​បន្ថែម​របស់​លោក អ៊ូ ច័ន្ទរ័ត្ន។

យ៉ាង​ណា​ក៏​ដោយ បើ​តាម​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ឆ្នាំ​កន្លង​ទៅ​សភាពការណ៍​សន្ដិសុខ​នៅ​កម្ពុជា ដែល​លេច​ធ្លោ​គួរ​កត់​សម្គាល់ នោះ​គឺ​«ឧបាយកល​ប៉ុន​ប៉ង​ផ្ដួល​រំលំ រដ្ឋ​អំណាច​ស្រប​ច្បាប់ របស់​គណបក្ស​ប្រឆាំង ​ដែល​ថា​មាន​ការ​ឃុប​ឃិត​ជាមួយ​បរទេស ការ​រីក​សាយ​នៃ​ការ​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម បម្រើ​សកម្មភាព​ល្មើស​ប៉ះ​ពាល់​ដល់​សន្ដិសុខ និង​ការ​ប្រើ​ប្រព័ន្ធ​ទូរគមនាគមន៍ ដើម្បី​ធ្វើ​សកម្មភាព​ជម្រិត​ទារ​ប្រាក់ និង​សកម្មភាព​ភ្នាល់​ល្បែង​អនឡាញ​ខុស​ច្បាប់»

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ