អានតួអត្ថបទ
កម្ពុជា

សារពត៌មាន​អូស្ត្រាលី៖ ជនភៀសខ្លួន​អូស្ត្រាលី​ក្រុម​ទី១នឹង​មក​កាន់​កម្ពុជានៅសប្តាហ៍ក្រោយ

អូស្ត្រាលី​កំពុង​តែ​រៀបចំ​ជើង​យន្តហោះ​រួច​រាល់​ហើយ ដើម្បី​បញ្ចូន​ជន​ភៀស​ខ្លួន​ក្រុមទី​១​នៅ​កោះ​នេរុ មក​កាន់​កម្ពុជា ។ នេះ​បើ​តាម​ការ​ចុះផ្សាយរ​របស់​សារពត៌មាន​អូស្ត្រាលី ដែល​បានឲ្យ​ដឹង​ថា ជើង​ហោះហើរ​ទី១​មក​កាន់​កម្ពុជា​នឹង​ចាប់​ផ្តើម នៅ​ថ្ងៃទី​ចន្ទ ទី២០ ខែមេសា​ខាង​មុខ​នេះ ។

លោក ស ខេង និង លោក ស្កុត ម៉ូរីសុន ចុះអនុស្សរណៈនៃយោគយល់គ្នាស្តីពីការតាំងទីលំនៅជនភៀសខ្លួននៅកម្ពុជា កាលពីពេលកន្លងទៅ
លោក ស ខេង និង លោក ស្កុត ម៉ូរីសុន ចុះអនុស្សរណៈនៃយោគយល់គ្នាស្តីពីការតាំងទីលំនៅជនភៀសខ្លួននៅកម្ពុជា កាលពីពេលកន្លងទៅ RFI@Siv Channa
ផ្សាយពាណិជ្ជកម្ម

កាសែត​The Guardian របស់​អូស្ត្រាលី ដែល​បាន​រាយការណ៍​ផ្អែក​លើ លិខិត​ពត៌មាន​ដែល​បុគ្គលិក​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ចែក​ជូន​ឲ្យ​ជន​ភៀស​ខ្លួន​នៅ​លើ​កោះ​នេរុ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ទី​១៥ មេសា​ថា ជន​ភៀស​ខ្លួន​ទាំង​អស់​ដែល​ស្ម័គ្រ​ចិត្ត​មក​កាន់​កម្ពុជា​នឹង​ទទួល​បាន​ការជួយ​ស្វែង​រក​ការងារ​ធ្វើ ការ​ស្នាក់នៅ សុខាភិបាល និង អាច​ដាក់​ពាក្យ​សុំ​សញ្ជាតិ​ខ្មែរ ក្នុង​រយៈពេល​៧​ឆ្នាំ។

បើតាម ភ្នាក់ងារ​ពត៌មាន​អូស្ត្រាលី​ABC​ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៦ ខែមេសា​នេះ​ឲ្យ​ដឹង​ថា​យ៉ាងហោច​ណាស់​ក៏មាន​ជនភៀស​ខ្លួន​នៅ​អូស្ត្រាលី ចំនួន​១០​នាក់ នឹង​ឡើង​យន្តហោះ​មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ ហើយ​កន្លែង​ចំនួន​២​នៅ​ភ្នំពេញ​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ដាក់​ជន​ភៀសខ្លួន​ទាំង​នោះ ។ នៅ​ក្នុង​លិខិត​ដែល​ចែក​ជូន​ឲ្យ​ជនភៀសខ្លួន បញ្ជាក់​ថា សេវា​ស្នាក់នៅ អាច​ជា​បន្ទប់​ស្នាក់​នៅ ផ្ទះសំណាក់ ឬក៏​ជា​ផ្ទះ​វីឡា។

យ៉ាង​ណា​ក៏​ដោយ វិទ្យុ​បារាំង​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​១៦ មេសា​នេះ មិន​អាច​ទាក់ទង​ការ​អះអាង​អំពី​ការ​បញ្ជូន​ជនភៀសខ្លួន​នេះ ពី​ខាង​ភាគី​កម្ពុជា​ឡើយ​ខណៈដែល ថ្ងៃ​ព្រហស្បតិ៍​ទី១៦ មេសា នេះ​ជា​ថ្ងៃ​ចុងបញ្ចប់​នៃ​ពិធីបុណ្យ​ឈប់​សម្រាក​ចូល​ឆ្នាំ​ថ្មី​របស់​កម្ពុជា។
សូម​បញ្ជាក់​ថា កាល​ពី​ចុង​ខែ​មីនា ឆ្នាំ២០១៥ កម្ពុជា​និង អូស្ត្រាលី បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ​អន្តោប្រវេសន៍ ។

​កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០១៤ កិច្ច​ព្រមព្រៀង ការ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ដល់​ជនភៀសខ្លួន​ប្រមាណ ១​ពាន់​នាក់ ពី​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា និង​លោក Scott Morrison រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី ។

ប្រតិកម្ម​ជាច្រើន​បាន​ផ្ទុះ​ចេញពី​ក្រុម​អង្គការ​សង្គម ស៊ីវិល ប្រជាពលរដ្ឋ តវ៉ា​ជំទាស់​នឹង​កិច្ច​ព្រមព្រៀង​នេះ ហើយ​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័នរដ្ឋ​នានា​ឲ្យ​មានការ​ពិចារណា​ឡើងវិញ។​ក្រុម​អ្នក​តវ៉ា​លើក​ឡើងថា ប្រទេស​កម្ពុជា​នៅ​មាន​ភាព​យ៉ាប់យ៉ឺន​នៅ​ឡើយ មិន​ទាន់​សម​ស្រប​អាច​ទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី​បាន​ទេ។ ក៏ប៉ុន្តែ​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទាំង​មន្ត្រី​រដ្ឋាភិបាល​ឯ​ទៀត ធ្លាប់​បាន​បង្ហាញ​ជំហរ​ថា កម្ពុជា​ទទួល​ជន​ភៀសខ្លួន​ដោយ​យោង​ទៅ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ