អានតួអត្ថបទ
កម្ពុជា

លោក​ស ខេង ធ្វើ​ទស្សនកិច្ច​នៅ​អូ​ស្ត្រាលី​ជា​លើក​ដំបូង​បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​ជន​ភៀសខ្លួន​

បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​កម្ពុជា​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងអន្តោប្រវេសន៍​និង​ការពារ​ព្រុំដែន​អូស្ត្រាលី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​លោក ស ខេង នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​នៅ​ល្ងាច​នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល៤ថ្ងៃ។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ លោក ស ខេង និង សម​ភាគី អូស្ត្រាលី នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយចំនួន​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ ជាពិសេស​ទាក់ទង​ទៅនឹង​បញ្ហា​អន្តោប្រវេសន៍។

លោក ​ស ​ខេង ​និង​ លោក ស្កុត ​ម៉ូរីសុន ​ចុះ​អនុស្សរណៈ​នៃ​យោគយល់​គ្នា​ស្តី​ពី​ការ​តាំង​ទី​លំនៅ​ជនភៀស​ខ្លួន​នៅ​កម្ពុជា​ កាលពីពេល​កន្លង​ទៅ
លោក ​ស ​ខេង ​និង​ លោក ស្កុត ​ម៉ូរីសុន ​ចុះ​អនុស្សរណៈ​នៃ​យោគយល់​គ្នា​ស្តី​ពី​ការ​តាំង​ទី​លំនៅ​ជនភៀស​ខ្លួន​នៅ​កម្ពុជា​ កាលពីពេល​កន្លង​ទៅ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​ចេញដំណើរ​ទៅកាន់​ប្រទេស អូស្ត្រាលី​នៅ​ល្ងាច​នេះហើយ ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​មួយ​ចាប់ពី​ថ្ងៃទី២៤ដល់​ថ្ងៃទី២៧មីនាឆ្នាំ២០១។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​ឧត្តមសេនីយ ខៀវ សុ​ភ័​ក្រ បាន​ប្រាប់​វិទ្យុ​បារាំង RFII នៅ​ថ្ងៃ​អង្គារ​នេះ​ថា ជា​ដំណើរ​ទស្សនកិច្ច​ធម្មតា​មួយ​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​របស់​ភាគី អូស្ត្រាលី ហើយក៏​មិនមាន​ជជែក​អ្វី​បន្ថែមទៀត​ដែរ ទាក់ទង​ទៅនឹង​ដំណើរការ​បញ្ជូន​និង​ទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី​មក​កម្ពុជា។

ក៏ប៉ុន្តែ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី២៣មីនា​ម្សិលមិញ របស់​ក្រសួងមហាផ្ទៃ ឲ្យ​ដឹងថា លោក ស ខេង និង​លោក Peter Dutton រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍​និង​ការពារ​ព្រំដែន​អូស្ត្រាលី​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​អូស្ត្រាលី​ស្តីពី​កិច្ចសហប្រតិបត្តិការ​អន្តោប្រវេសន៍ នៅ​មន្ទីរ​រដ្ឋសភា​នៅ​ទីក្រុង​កង់ប៊ែរ៉ា។

សេចក្តីប្រកាស​ព័ត៌មាន​បានបញ្ជាក់​បន្ថែម​ថា​ការចុះ​អនុស្សរណៈ​នេះ​ស​បញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា-អូស្ត្រាលី ក្នុង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​រាល់​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ ជា​ពិសេស​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អន្តោប្រវេសន៍​ខុសច្បាប់។

សូម​រំលឹកថា កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា និង រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ដើម្បី​បញ្ជូន​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​រស់នៅ​កម្ពុជា។

កិច្ចព្រមព្រៀង​នោះ បាន​នាំ​ឲ្យ​មានប្រតិកម្ម​រិះគន់​ជាច្រើន​ពី​គណបក្សប្រឆាំង​នៅ​កម្ពុជា​និង​នៅ​អូស្ត្រាលី ព្រមទាំង​សង្គម​ស៊ីវិល​ផងដែរ។

ក៏ប៉ុន្តែ​ជា​ញឹកញយ រដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់ច្បាស់ៗថា កម្ពុជា​តែង​ឈរលើ​គោលការណ៍​មនុស្សធម៌​និង​ស្ម័គ្រចិត្ត​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ