អានតួអត្ថបទ
កម្ពុជា-ចិន

ចិន​នៅ​ខេត្ត​ព្រះ​សីហនុ៖ សមត្ថកិច្ច​ថា​មាន​យន្តការ​គ្រប់​គ្រង ខណៈ​បទ​ល្មើស​កើត​ឡើង​ជា​បន្ត​បន្ទាប់

ខណៈ​បទ​ល្មើស ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​កើត​មាន​ជា​បន្ត​បន្ទាប់ សមត្ថ​កិច្ច​ខេត្ត​នេះ​អះអាង​ថា ខ្លួន​មាន​សមត្ថភាព​គ្រប់​គ្រង​សភាពការណ៍​បាន តាម​រយៈ​ច្បាប់ ដែល​មាន​ជា​ធរមាន​។ ជា​ការ​អះអាង​បន្ទាប់​ពី​ភាព​អនាធិបតេយ្យ និង​បទ​ល្មើស​ភាគ​ច្រើន ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ធ្វើ​ការ​រិះគន់​។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ​ក្រុម​ជន​ចាប់​ជំរិត​ជាតិ​ចិន​៣​នាក់ ​នៅ​កម្ពុជា​។​
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​មុខ​ក្រុម​ជន​ចាប់​ជំរិត​ជាតិ​ចិន​៣​នាក់ ​នៅ​កម្ពុជា​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរ​បាល​ខេត្ត​ព្រះ​សីហនុ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នាថ្ងៃទី​២៦ ខែ​សីហា​ថា ករណី​បទ​ល្មើស ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​នោះ មិន​បាន​បង្ក​ជា​ការ​លំបាក​ដល់​សមត្ថកិច្ច​ក្នុង​ការ​គ្រប់​គ្រង​នោះ​ទេ​។

លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់ ហើយ​សមត្ថកិច្ច​បាន​រៀប​ចំផែន​ការ​ត្រឹម​ត្រូវ និង​អាច​គ្រប់​គ្រង​សភាពការណ៍​ទាំង​នោះ​បាន​។ លោក ជួន ណារិន្ទ លើក​ឡើង​ថា បទ​ល្មើស បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​ ដែល​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​មិន​មាន​ការ​កើន​ឡើង​ច្រើន​នោះ​ទេ ក្នុង​រយៈពេល​ជិត​៨​ខែ​ ឆ្នាំ​២០១៨នេះ​។

ករណីថ្មី​ចុង​ក្រោយ​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ លោក ជួន ណារិន្ទ អះ​អាង​ថា កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ព្រះ​សីហនុ កាល​ពី​យប់​ទៀប​ភ្លឺ​ថ្ងៃ​ទី២៦ ខែ​សីហា បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​៦២នាក់ ពាក់​ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿង​ញៀន​ក្នុង​ក្លឹប​កំសាន្ត ឈ្មោះ​ស៊ីតុង​ហ្វា ស្ថិត​ក្នុង​ក្រុម​២៧ ​ភូមិ​៣ សង្កាត់​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ក្រោយ​ឃាត់​ខ្លួន​សមត្ថកិច្ច​ជំនាញ​ខេត្ត បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ។

ដោយ​ឡែក កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា សមត្ថកិច្ច​ខេត្ត​ព្រះ​សីហនុ ក៏​បាន​ឃាត់​ខ្លួន​ជន​ជាតិចិន​ដី​គោក និង​តៃវ៉ាន់​ចំនួន​១៨​នាក់ ដែល​ធ្វើ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​ការ​ជំរិតទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីន​ធឺណេត ​(VOIP) នៅ​ក្រុង​ព្រះ​សីហនុ ខេត្ដ​ព្រះ​សីហនុ។

បើ​តាម​របាយការណ៍ ផ្ញើ​ទៅ​កាន់​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ អភិបាល​ខេត្ត​ព្រះសីហនុ​លើក​ឡើង​ថា កំណើន​ជន​បរទេស​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន​ក្នុង​ខេត្ត​មាន​សក្តានុពលមួយ​នេះ​កំពុង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ផ្សេងៗ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​ខុស​ច្បាប់។ ​

យ៉ាង​ណា​ក៏​ដោយ ស្ថាន​ទូត​ចិន​​ប្រចាំ​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​រួច​ហើយ​ថា ​ស្ថានទូត​ប្រឆាំង​ដាច់​ខាត ចំពោះ​ជន​ជាតិ​ចិន​មួយ​ចំនួន​តូច​នៅ​កម្ពុជា ដែល​បាន​ប្រពឹត្ត​​អំពើ​ល្មើស​ច្បាប់ ធ្វើ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​ប្រជាជន​ចិន​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ