អានតួអត្ថបទ
កម្ពុជា

រថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុនឹងចាប់ផ្តើមដាក់ឲ្យដំណើរការជាផ្លូវការបីថ្ងៃក្នុងមួយសប្តាហ៍

សេវា​​រថភ្លើង​​ដឹក​​អ្នក​​ដំណើរ​ទៅមក ពី​​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ នឹង​ដំណើរការ​ជា​ផ្លូវ​ការ​ រយៈពេល​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ គឺ​ជា​រៀង​រាល់​ថ្ងៃ​សុក្រ សៅរ៍ និង ថ្ងៃ​អាទិត្យ។ នេះ​​បើ​​តាម​​នាយក​​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ។ សូម​​បញ្ជាក់​​ថា ការ​ដាក់​ឲ្យ​ដំណើរ​ការ​ខ្សែ​រថភ្លើង​ឲ្យ​ជា​បន្ត​ទៀត​នេះ គឺ​ធ្វើឡើង​បន្ទាប់ ពី​ការ​ដាក់​ឲ្យ​សាក​ល្បង​ខ្សែ​រថ​ភ្លើង អស់​រយៈ​ពេល​ប្រមាណ​ជា ១០​ ថ្ងៃ នៅ​អំឡុង​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ ដោយ​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​។

@MPTW
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​មន្រ្តី​ក្រសួង​សាធារណៈការ និង ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល និង ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កាលពី​ថ្ងៃ​ទី ២២ មេសា​ បាន​ជួបពិភាក្សា​គ្នា​អំពី​ការ​ផ្តល់​សេវា​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ។  ជាលទ្ធផល នាយក​ប្រតិបត្តិ​ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ លោក John Guiry បាន​បញ្ជាក់​ថា ខ្សែ​រថភ្លើង​ដឹកអ្នក​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ នឹង​ដាក់​ឲ្យ​ដំណើរការ​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ពោលចាប់​ថ្ងៃ​សុក្រ ដល់ ថ្ងៃ​អាទិត្យ​។

ការ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ស្ថានីយ៍​អ្នក​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈ​ចម្ងាយប្រមាណ​ជា ២៦៦ គីឡូម៉ែត្រ ដោយ​មាន​ការ​ឈប់​សំចត​នៅ​ស្ថានីយ៍​ចំនួន​ពីរ​ក្នុង​ខេត្ត​តាកែវ និង កំពត ត្រូវ​បាន នាយកប្រតិបត្តិ​ក្រុមហ៊ុន ឲ្យ​ដឹង​ថា នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ ​ជា ៧ ម៉ោង ទើប​ទៅ​ដល់គោល​ដៅ និង សំបុត្រ​រថភ្លើង​មាន​តម្លៃ ២៤០០០ រៀល។

ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​ដែល​នឹង​ចំណាយ​ពេល​រហូត​ដល់​ទៅ ៧ ម៉ោង លោក ស៊ុន ចាន់ ថុល បាន​ស្នើឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ធ្វើ​ការ​ជាមួយ​ក្រសួង​ក្នុង​ការ​កំណត់​លទ្ធភាព​នៃ​ការបង្កើន​ល្បឿន​មាន​សុវត្ថិភាព​ដើម្បី​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ធ្វើដំណើរ​ មក​នៅ​ត្រឹម​ប្រហែល​៥ ម៉ោង។

ជាមួយគ្នា​នេះ​ផង​ដែរ រដ្ឋ​មន្រ្តី​ក្រសួង​សាធារណៈ​និង​ដឹក​ជញ្ជូន ក៏​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន វាយ​តម្លៃ​លទ្ធភាព​នៃ​ការ​ផ្តល់​សេវា​ដឹក​រថយន្ត​ផ្ទាល់​ខ្លួន​របស់​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​រថភ្លើង ដើម្បី​ឱ្យ​អ្នក​ដំណើរ​អាច​មានរថយន្ត​របស់​ពួកគេ​ប្រើប្រាស់​នៅពេល​ដល់​គោលដៅ។ យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុ​ន រ៉ូយ៉ាល់ រេលវេ មិនទាន់​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ លោក Guiry បាន​ស្វាគមន៍​គំនិត​នេះ និង​សន្យា​ថា​នឹង​ធ្វើ​ការសិក្សា​បន្ថែម​ទៀត​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​នេះ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំ កាល​ម្សិល​មិញ ភាគី​ទាំង​ពីរ ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ការ​ស្តារ​ឡើង​វិញនូវ​ផ្លូវ​រថ​ភ្លើង​ភាគ​ខាង​ជើង​ពី​រាជ​ធានី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ដើម្បី​ត​ភ្ជាប់​ផ្លូវ​ដែក ទៅ​កាន់​ផ្លូវ​ដែក​រដ្ឋ​នៃប្រទេស​ថៃ និង ការ​ពិនិត្យ និង​ពន្លឿន​ការ​ស្តារ​ឡើង​វិញ​នូវ​ផ្លូវ​រថ​ភ្លើង​ភាគ​ខាង​ជើង​នេះ​ឲ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី ៣០ មេសា ខាង​មុខ​នេះ លោក នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​នឹង​ធ្វើដំណើរ តាម​រថ​ភ្លើង ពីភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ។ នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​នាយករដ្ឋមន្រ្តី ធ្វើដំណើរ​តាម​រថភ្លើង ក្រោយ​ពី​ដាក់​ឲ្យ​ដំណើរការ ​នា​ពេល​ថ្មី​ៗ​នេះ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ