អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត ថា ​គ.ជ.ប. គួរ​តែ​ពិចារណា​រាប់​សន្លឹក​ឆ្នោត​នៅ​ឃុំ​ដទៃ​ផ្សេង​ទៀត!​

ព្រឹក​នេះ ស្រប​ពេល​ដែល​គ.ជ.ប. កំពុង​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ នៅ​ឃុំ​ដូង ខេត្ត​ស្វាយ​វៀង, បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត ក៏​បាន​ស្នើ​សុំ​ឲ្យ​គ.ជ.ប. ពិចារណា​ផ្ទៀង​ផ្ទាត់​រាប់​សន្លឹក​ឆ្នោត នៅ​ឃុំ​ដទៃ​ផ្សេង​ទៀត ដែល​មាន​បណ្តឹង។ ចំពោះ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត, ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ នេះ គឺ​ដោយ​សារ​តែ​ឃុំ​ដែល​មាន​បណ្តឹង​នោះ មាន​កម្រិត​សំឡេង​ល្អៀង កៀក​គ្នា​ពេក ហើយ​នេះ ​ក៏​ដើម្បី​ឲ្យ​ភាគី​បក្ស​នយោបាយ​អស់​ចិត្ត​ទាំង​អស់​គ្នា​ដែរ។

ការ​រាប់​សន្លឹកឆ្នោត​សារឡើងវិញ
ការ​រាប់​សន្លឹកឆ្នោត​សារឡើងវិញ @ Dap News
ផ្សាយពាណិជ្ជកម្ម

បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត ដែល​បាន​ដាក់​អ្នក​សង្កេតការណ៍​នៅ​គ្រប់​មណ្ឌល​បោះ​ឆ្នោត​ទាំង​អស់​ទូទាំង​ប្រទេស បាន​រក​ឃើញ​ថា ​លទ្ធផល​រាប់​សន្លឹក​ឆ្នោត​តាម​ឃុំ​សង្កាត់ មាន​កម្រិត​ល្អៀង​តិច​តួច​បំផុត គឺ​ត្រឹម​តែ​ ៤.៣% តែ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​សំណាក​ស្ថិតិរបស់​ខ្លួន​។ ក៏​ប៉ុន្តែ បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត បាន​ស្នើ​ឲ្យ​គ.ជ.ប. គួរ​តែ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ចំពោះ​ឃុំ​សង្កាត់​ណា​ដែល​មាន​ការ​ប្តឹង ព្រោះ​ថា កម្រិត​សន្លឹក​ឆ្នោត​ដែល​ល្អៀង គឺ​ខុស​គ្នា​តិច​តួច​ពេក។ ដូច្នេះ បើ​រាប់​ឡើង​វិញ គឺ​អាច​ធ្វើ​ឲ្យ​បក្ស​ណា​មួយ ឈ្នះ​ត្រឡប់​ជា​ចាញ់ ឬ​ចាញ់​បែរ​ជា​ឈ្នះ​ ក៏​អាច​ថា​បាន។ ម្យ៉ាង​វិញ​ទៀត ក៏​ព្រោះ​ថា ចំនួន​សន្លឹក​ឆ្នោត​ដែល​ចាត់​ទុក​ថា ​មិន​បាន​ការ ​មាន​ចំនួន​ច្រើន​ផង​ គឺ​រហូត​ដល់​១.៨%​ឯណោះ។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ជំនាញ​របស់​ស្ថានការណ៍​បោះ​ឆ្នោត​ដែល​ផ្តុំ​ដោយ​អង្គការ​សង្គម​ស៊ីវិល ជាង​៤០ បញ្ជាក់​ថា បើ​ទោះ​បី​ជា​រាប់​ឡើង​ទៅ  ​វា​អាច​នឹង​មាន​ការ​ប្រែ​ប្រួល​លទ្ធផល​ខ្លះ​មែន ប៉ុន្តែ​ក៏​មិន​ច្រើន​ដែរ​ ព្រោះ​បណ្តឹង​ដែល​ប្តឹង​ឲ្យ​រាប់​ឡើង​វិញ ក៏​មិន​ច្រើន​នោះ​ទេ​ គឺ​តែ​ជាង​២០​ពាក្យ​ប្តឹង​ប៉ុណ្ណោះ។ 

ថ្នាក់​ដឹក​នាំ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត លោក គល់ បញ្ញា បាន​សង្កត់​ធ្ងន់​ថា ការ​ផ្ទៀង​ផ្ទាល់​កំណត់​ហេតុ​លទ្ធផល​រាប់​សន្លឹក​ឆ្នោត នៅ​លើក​នេះ គឺ​អាច​ជឿ​ទុក​ចិត្ត​បាន​រហូត​ដល់​ជាង​៩៥%​ឯណោះ​ ដោយ​ផ្អែក​លើវិធីសាស្ត្រ​​គំរូ​សំណាក។ តាម​ការ​បញ្ជាក់​របស់​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល, ភាព​មិន​ប្រក្រតី និង​កំហុស​ឆ្គង​មាន​តិច​តួច​ ពិសេស​បញ្ហា​ចំពោះ​ទម្រង់​១១០២ តែ​វា​គ្មាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​លទ្ធផល​ឆ្នោត​ធ្ងន់​ធ្ងរ​នោះ​ទេ។

ទន្ទឹម​នេះ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ យល់​ឃើញ​ដែរ​ថា បញ្ហា​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ដំណើរ​ការ​បោះ​ឆ្នោត​ និង​នៅ​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត​ ក៏​មិន​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត​នោះ​ឡើយ។ ​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដាក់​អ្នក​សង្កេតការណ៍​ច្រើន​ជាង គេ​រហូត​ដល់​ជាង​៣​ម៉ឺន​នាក់ បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​១២​មិថុនា និង​បាន​វាយ​តម្លៃ​ថា​ ពេល​រាប់​សន្លឹក​ឆ្នោត មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី។ ​ចំណុច​នេះ​ហើយ​ដែល​ឆ្លុះ​បញ្ចាំង​ដោយ​មិន​ប្រកែក​បាន​ពី​តម្លាភាព និង​ភាព​បើក​ចំហរ​នៃ​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត។​

ចំពោះ​ លោក គល់ បញ្ញា ដែល​តាម​ដាន​បោះ​ឆ្នោត​ជាង​២៥​ឆ្នាំ​នៅ​កម្ពុជា គូស​បង្ហាញ​ដោយ​មាន​ទំនុក​ចិត្ត​ថា នេះ​ជា​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ដែល​គ្មាន​ភាគី​ណា​ចេញ​មុខ​ មក​បដិសេធ​លទ្ធផល​បោះ​ឆ្នោត។ នេះ​ក៏​ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ។​ ក៏​ប៉ុន្តែ នៅ​មាន​បញ្ហា​ជាច្រើន​ទៀត ដែល​ត្រូវ​កែ​លម្អ តួ​យ៉ាង​សមត្ថភាព​មន្ត្រី​គ.ជ.ប. នៅ​មូលដ្ឋាន​ ជា​ដើម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ