កំណើនភ្ញៀវនិងតម្លៃថ្មីធ្វើឲ្យការលក់ប័ណ្ណចូលទស្សនាអង្គរមានការកើនឡើងដល់ទៅជាង៦០ភាគរយ
ចាប់តាំងពីខែមករាមក ចំណូលដែលបានមកពីការកំណត់តម្លៃលក់ប័ណ្ណ ចូលទស្សនាអង្គរ មានការកើនឡើងខ្លាំង។ កើនឡើងខ្លាំង បន្ទាប់ពី មានការតម្លើងតម្លៃប័ណ្ណចូលទស្សនាអង្គរ និងចំនួនភ្ញៀវ មានការកើនឡើងជារៀងរាល់ខែដែរ ជាហេតុធ្វើឲ្យចំណូលសម្រាប់៤ខែដើមឆ្នាំ២០១៧នេះ មានរហូតដល់៤០លានដុល្លារ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០០
នាយកគ្រប់គ្រងគ្រឹះស្ថានអង្គរ លោក លី សែ ដែលជាប្រតិបត្តិករក្នុងការលក់ប័ណ្ណចូលទស្សនារមណីដ្ឋានអង្គរ បានថ្លែងថា មានកត្តាចំនួន២ ដែលធ្វើឲ្យចំណូលនៃការលក់មានការកើនឡើង ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០១៧នេះ។ ទី១ ការអនុវត្តតារាងតម្លៃថ្មី ដែលសម្រេចដោយរដ្ឋាភិបាល គឺមានការកើនឡើងរហូតដល់៣៧ដុល្លារ ដែលលើកមុនលក់ក្នុងតម្លៃត្រឹម ២០ដុល្លារប៉ុណ្ណោះ ក្នុងការចូលទស្សនារមនីយដ្ឋានអង្គររយៈពេល១ថ្ងៃ។
ចំណុចទី២ គឺទាក់ទងទៅនឹងកត្តាភ្ញៀវទេសចរណ៍ ដោយខែខ្លះ មានការកើនឡើងក្នុងរង្វង់១០ភាគរយ និងកើនរហូតដល់២៣ភាគរយនៅក្នុងខែមេសា។ ជាការកត់សម្គាល់ចំនួនភ្ញៀវបានបន្តកើនឡើង បើទោះណាជាតម្លៃមានការឡើងខ្ពស់ជាងមុនក៏ដោយ។ នេះបើតាមលោក លី សែ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែឧសភានេះ គ្រាន់តែក្នុងខែមេសាមួយប៉ុណ្ណោះ ចំនួនភ្ញៀវទេសចរណ៍ មានរហូតដល់ទៅជាង ១៨០ ០០០នាក់ កើនឡើង២៤ភាគរយ ធៀបនឹងខែមេសាឆ្នាំ២០១៦។ ចំណូលក្នុងខែមេសាគឺជាង៨ ៣០០ ០០០ដុល្លារ។ ដោយឡែកចំណូលសរុបទាំង៤ខែដើមឆ្នាំ២០១៧គឺប្រមាណ៤០លានដុល្លារ។ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៦គឺកើនឡើងប្រមាណជា៦០ភាគរយ ដែលមានភ្ញៀវសរុបជិត១លាននាក់ និងកើនឡើង ១២ភាគរយ ធៀបនឹងឆ្នាំទៅ។
សូមបញ្ជាក់ថាចំណូល ដែលបានមកពីការលក់សំបុត្រចូលមើលរមនីយដ្ឋានអង្គរ ក្រៅពីការបង់ចូលថវិការជាតិ ក៏មានរំលែកទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដែរ ដោយក្នុងមួយសំបុត្រចូលទស្សនាអង្គរ ត្រូវបែងចែកដើម្បីឧបត្ថម្ភមន្ទីរពេទ្យចំនួន២ដុល្លារ ហើយចាប់ផ្តើមអនុវត្តពីខែកុម្ភៈ ឆ្នាំ២០១៧ តទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ