អានតួអត្ថបទ
កម្ពុជា

ឈាន​ចូល​ដល់​ឆ្នាំ​ទី​៤ «បុណ្យ​ភូមិ​» ចង់​ឃើញ​យុវជន​យល់​ដឹង​កាន់​តែ​ច្រើន​ពី​វប្បធម៌​ខ្មែរ

កម្មវិធី «បុណ្យភូមិ» បាន​ចាប់​ផ្ដើម​​ហើយ តាំង​ពី​ថ្ងៃ​ទី​៧​មេសា​ម្សិលមិញ រហូត​ដល់​ថ្ងៃ​អាទិត្យ​ស្អែក នៅ​វត្តទួល​ក្រសាំង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ ឈាន​ចូល​ដល់​ឆ្នាំ​ទី​៤​នៅ​ឆ្នាំ​នេះ ស្ថាបនិក​កម្មវិធី «បុណ្យភូមិ» រំពឹង​ថា យុវជន​ដែល​ទៅ​ចូល​រួម នឹង​អាច​យល់​ដឹង​កាន់​តែ​ច្រើននិង​កាន់​តែ​ច្បាស់ ​ពី​ប្រពៃណី​វប្បធម៌ខ្មែរ​ដ៏ចំណាស់​និង​​សម្បូរ​បែប​​​។

ផ្សាយពាណិជ្ជកម្ម

«បុណ្យ​ភូមិ» ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​ក្រុម​យុវជន ភ្លើង​គប់ ក្នុង​បំណង​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ពិសេស​យុវជន បាន​យល់ដឹង​​​អំពី​ប្រពៃណី​វប្បធម៌​ខ្មែរ​។ ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​កម្មវិធី​បុណ្យ​ភូមិ យុវជន​រាប់​ពាន់​​នាក់​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​វត្ត​អារាម​ជាយ​រាជធានី​ភ្នំពេញ ដើម្បី​រាំ​កម្សាន្ត លេង​ល្បែង​ប្រជាប្រិយ ទស្សនា​ពិព័រណ៍ និង​មើល​ការ​សម្ដែង​ទម្រង់​សិល្បៈ​បុរាណ​នា​ពេល​យប់​។

ក្នុង​ឆ្នាំ​នេះ កម្មវិធី​កម្សាន្ត​នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ភូមិ ត្រូវ​បានរៀបចំ​ឡើង​សម្បូរ​បែប​ជាង​មុន ដោយ​មាន​ការ​រាំ​កម្សាន្ត លេង​ល្បែង​ប្រជាប្រិយ និង​សម្ដែង​របាំ​ប្រជាប្រិយដូច​ជា៖ របាំ​គោះ​ត្រឡោក និង​របាំ​នេសាទ​ជា​ដើម​នៅ​ពេល​ថ្ងៃ។ លុះ​ដល់​ពេល​យប់ នឹង​មាន​ការ​សម្ដែង​ទម្រង់​សិល្បៈ​បុរាណ ដូច​ជា ល្ខោន​យីកេ ល្ខោន​ស្បែក​ធំ និង​ល្ខោន​ខោល​ជា​ដើម​។ ក្រៅ​ពី​នេះ ក៏​មានផង​ដែរ ការ​តាំង​ពិព័រណ៍ លក់​ទំនិញ​និង​ចំណី​អាហារ ដែល​មាន​ស្តង់​ជាង​១០០​ចូល​រួម​។
ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ កញ្ញា ​រិទ្ធី​ លំអរពេជ្រ ស្ថាបនិក​ក្រុម​ភ្លើង​គប់ រំពឹង​ថា កម្មវិធី​បុណ្យ​ភូមិ​ឆ្នាំ​នេះ ទំនង​ជា​អាច​ទទួល​បាន​អ្នក​ចូល​រួម​ពី​១​ម៉ឺន​៥​ពាន់ ទៅ​២​ម៉ឺន​នាក់ ខណៈ​ឆ្នាំ​មុន បុណ្យ​ភូមិ​ទទួល​ភ្ញៀវ​បាន​ប្រមាណ​១​ម៉ឺន​នាក់​។

កញ្ញា រិទ្ធី លំអរ​ពេជ្រ សង្ឃឹម​ថា ឆ្នាំនេះ ក្រៅ​តែ​ពី​បាន​កម្សាន្ត​សប្បាយ​ហើយ យុវជន​ដែល​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​បុណ្យ​ភូមិ នឹង​អាច​យល់​ដឹង​កាន់​តែ​ច្រើននិង​កាន់​តែ​ច្បាស់ ​ពី​ប្រពៃណី​វប្បធម៌ខ្មែរ​ដ៏ចំណាស់​និង​​សម្បូរ​បែប​​​។ ​ស្ថាបនិក​កម្មវិធី​បុណ្យ​ភូមិ​រូប​នេះ ចង់​ឃើញ​យុវជន​ខ្មែរ ចេះ​ចោទ​ជា​សំណួរ​ពី​ឫស​គល់​របស់​ខ្លួន​ឯង ថា​តើ​សិល្បៈ វប្បធម៌ ប្រពៃណី ដែល​ខ្មែរ​មាន​សព្វ​ថ្ងៃ​នេះ មាន​ប្រភព​មក​ពី​ណា ហើយ​កំពុង​ធ្វើ​ដំណើរ​ទៅ​ទិស​ណា? បើ​តាម​កញ្ញា រិទ្ធី លំអរពេជ្រ គឺ​ការ​ចោទ​​សំណួរ​អំពី​អតីតកាល​នេះ​ហើយ ដែលជា​ការ​បើក​ផ្លូវ​​ឲ្យ​យុវជន​ខ្មែរ​ស្គាល់​ពី​ខ្លួន​ឯង​កាន់​តែ​ច្បាស់ មុន​នឹង​ឈាន​ទៅ​រួម​ចំណែក​កសាង​អនាគត​ដ៏​ប្រសើរ​មួយ​សម្រាប់​កម្ពុជា​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ