អានតួអត្ថបទ
កម្ពុជា

រាជបណ្ឌិត្យសភា​៖ ផែនទី​ពី​បក្ស​ប្រឆាំង រដ្ឋាភិបាល អាមេរិក និង​បារាំង គឺ​ដូច​គ្នា

ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​កម្ពុជា​របស់​រាជ​បណ្ឌិត្យ​សភា បាន​បញ្ចប់​ការ​ផ្ទៀងផ្ទាត់​ផែន​ទី​ពី​ប្រភព​ផ្សេង​គ្នា​ហើយ​នៅ​ថ្ងៃ​ពុធ​ ទី​១២ សីហា​នេះ។ ក្រុម​ការងារ បាន​អះអាង​ថា ផែនទី​ទាំង​៤​ប្រភព​ផ្សេង​គ្នា​នេះ​ គឺ​ដូចគ្នា។ ប៉ុន្តែ​ក្រុម​ស្រាវជ្រាវ​មិន​បាន​ផ្ទៀងផ្ទាត់​ផែនទី​ពី​អង្គការ​សហប្រជាជាតិ​ចំនួន​១៨​ផ្ទាំង​នោះ​ទេ។

លោក ហុង សុខហួរ​ ប្រធាន​​គណៈកម្មការ​​អង្កេត​​ បោស​​សម្អាត​​ និង​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​នៃ​​ព្រឹទ្ធសភា​​ បាន​ធ្វើ​ការ​​បង្ហាញ​​​ពី​​ផែនទី​​របស់​កម្ពុជា។​
លោក ហុង សុខហួរ​ ប្រធាន​​គណៈកម្មការ​​អង្កេត​​ បោស​​សម្អាត​​ និង​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​នៃ​​ព្រឹទ្ធសភា​​ បាន​ធ្វើ​ការ​​បង្ហាញ​​​ពី​​ផែនទី​​របស់​កម្ពុជា។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត​ក្រុម​ស្រាវជ្រាវ​ផែន​បាន​បង្ហាញ​លទ្ធផល​ថា ផែនទី​ពី​អាមេរិក បារាំង បក្ស​ប្រឆាំង និង​រដ្ឋាភិបាល​គឺ​ជា​ផែនទី​ដូច​គ្នា។ លោក​ សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ បាន​គូស​បញ្ជាក់​ថា មាន​ចំណុច​ចំនួន​៤​ ដែល​បាន​បង្ហាញ​ពី​ភាព​ដូចគ្នា​នៃ​ផែនទី​ទាំង​អស់។ ចំណុច​ដូចគ្នា​នោះ​គឺ កាល​បរិច្ឆេទ​នៃ​ការ​បោះពុម្ព​ ខ្សែ​អ័រដោណេ ​លេខ​សំគាល់​តំបន់ និង​ខ្សែ​គូស​ព្រំដែន​ជា​ដើម។

ប្រភព​ទាំង​៤​នោះ​គឺ​ទី១ រដ្ឋាភិបាល​កម្ពុជា ទី២ គណបក្ស​សង្គ្រោះជាតិ ទី៣ សភា​នៃ​រដ្ឋសហព័ន្ធ​អាមេរិក​ និង​ទី៤ វិទ្យាស្ថាន​ភូមិសាស្ត្រ​ឥណ្ឌូចិន។ ប៉ុន្តែ​ក្រុម​ការងារ​មិន​បាន​ផ្ទៀងផ្ទាត់​ផែនទី​ទាំង​១៨​ផ្ទាំង​ពី​អង្គការ​សហប្រជាជាតិ​ដែល​គ្រោង​នឹង​បញ្ជូន​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​១៩ និង​២០ សីហា​នោះ​ទេ។ ព្រោះ​ថា​មិន​គ្រប់​ចំនួន។ ការ​ផ្ទៀង​ផ្ទាត់​នេះ គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​នៃ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ បាន​ចង្អុល​មុខ​ដាក់​គ្នា និង​ចោទ​ប្រកាន់​ទៅ​វិញ​ទៅ​មក​រឿង​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ដើម្បី​បោះ​បង្គោល​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម។

ការ​ផ្ទៀងផ្ទាត់​របស់​ក្រុម​បណ្ឌិត្យ​សភា​បាន​ពិនិត្យ​ជា​បឋម​ម្តង​រួច​មក​ហើយ​ទៅ​លើ​ផែនទី​ចំនួន​៣​ផ្ទាំង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។ ការ​ពិនិត្យ​ជា​បឋម​នេះ​ គឺ​បន្ទាប់​ពី​ទទួល​បាន​ផែនទី​ភ្លាម​ៗ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ សូម​កត់​សម្គាល់​ថា ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​ដែល​បាន​ផ្ទុះ​ឡើងវិញ​យ៉ាង​ស្រួច​ស្រាវ​កាល​ពី​ខែ​មិថុនា និង​ខែ​កក្កដា​កន្លង​ទៅ បាន​ទាញ​ទម្លាក់​ឱ្យ​អ្នក​នយោបាយ​កម្ពុជា​មាន​ជម្លោះ​ផ្ទៃ​ក្នុង​ស្តីពី​ផែនទី​ជាមួយ​នឹង​វៀតណាម​នេះ។ ហើយ​សង្គម​ទាំង​មូល​បាន​ដាក់​ការ​សង្ស័យ​ចំពោះ​កិច្ចការ​ងារ​ព្រំដែន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ស្និទស្នាល​ជាមួយ​វៀតណាម។ លោក​បណ្ឌិត​សុខទូច បាន​បញ្ជាក់​ថា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ នឹង​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃ​ក្នុង ហើយ​ប្រកាន់​គោល​ជំហរ​តែ​មួយ​រឿង​ផែនទី​ដើម្បី​ដោះស្រាយ​ការ​បែងចែក​ទឹកដី​ជាមួយ​វៀតណាម​ដែល​នៅ​សេសសល់​ប្រមាណ​២០០​គីឡូម៉ែត្រ បន្ទាប់​ពី​បាន​ដោះស្រាយ​បញ្ចប់​ជាង​៨៣​ភាគ​រយ​រួច​ហើយ។

យ៉ាង​ណា​ក៏​ដោយ លោកអ៊ុំ សំអាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បាន​អះអាង​ថា​បក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​ការងារ​ស្រាវជ្រាវ​របស់​បណ្ឌិត្យ​សភា​នោះ​ទេ ព្រោះ​ថា​មិនមាន​ភាព​ឯករាជ្យ។ ដោយ​ឡែក​រដ្ឋាភិបាល​កម្ពុជា​វិញ លោកស្រី កុយ ពិសី​ អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ព្រំដែន​កម្ពុជា​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​រក​ឃើញ​របស់​បណ្ឌិត្យ​សភា​កម្ពុជា​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ