អានតួអត្ថបទ
កម្ពុជា

ព្រះ​សង្ឃ ប៊ុត​ ប៊ុនទីញ សុំ​​បិណ្ឌ​បាត​​នាយក​រដ្ឋមន្ត្រី​ រឿង​​កាប់​​ព្រៃ​ឈើ​​នៅ​​តំបន់​​ព្រៃ​ឡង់​

ព្រះតេជព្រះគុណ ប៊ុត ប៊ុន ទិញ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម នៅ​ថ្ងៃ​នេះ​ បាន​​សុំ​បិណ្ឌបាត​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ទប់ស្កាត់​ការកាប់បំផ្លាញ់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ដែល​ព្រះ​តេជគុណ​បាន​រកឃើញថា មានការ​កាប់បំផ្លាញ់​រាប់ម៉ឺន​ហិច​តា។ ការសុំ​បិណ្ឌបាត​នេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​មួយ​នៅឯ​ភូ​ជនី​យ​ដ្ឋា​ន​បៃតង​ក្នុង​ទី​ក្រុង​​ភ្នំ​ពេញ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្រោយពី​ការចុះ​សិក្សា​ស្រាវជ្រាវ​របស់​បណ្តាញ​ព្រះសង្ឃ និង​បណ្តាញ​យុវជន​ចាប់ពី​ថ្ងៃទី១៣ដល់​ថ្ងៃទី១៧ឧសភា​កន្លងទៅ។ ​

ព្រះតេជគុណ ប៊ុត ប៊ុន.លោក កែម ឡី និងលោក ទឹម ម៉ាល័យ នៅក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃព្រហស្បត្តិ៍ទី២១ឧសភានេះ
ព្រះតេជគុណ ប៊ុត ប៊ុន.លោក កែម ឡី និងលោក ទឹម ម៉ាល័យ នៅក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃព្រហស្បត្តិ៍ទី២១ឧសភានេះ RFI/siv channa
ផ្សាយពាណិជ្ជកម្ម

សំណើរ​សុំ​បិណ្ឌបាត​របស់​ព្រះ​តេជគុណ ប៊ុត ប៊ុន​ទី​ញ ដែល​​បាន​​ហៅ​​ព្រះអង្គ​ឯង​​ថា ជា​​ព្រះ​សង្ឃ​​ឯក​រាជ្យ​​នេះ បាន​​ធ្វើ​ឡើង​នៅក្នុង​សន្និសីទកាសែត​មួយនា​ព្រឹក​​ថ្ងៃ​​ព្រ​ហ​ស្ប​ត្តិ៍​​ទី​២១​ឧសភា​​នេះ នៅឯ​ភូ​ជនី​យ​ដ្ឋា​ន​បៃតង​ក្នុង​ទីក្រុង​ភ្នំពេញ។ ព្រះ​តេជគុណ ប៊ុត ប៊ុន​ទី​ញ ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​អភិវឌ្ឍន៍​សង្គម រួមជាមួយ លោក ទឹម ម៉ា​ល័យ ប្រធាន​បណ្តាញ​​យុវជន​កម្ពុជា និង​លោក កែម ឡី អ្នកសិក្សា​ស្រាវជ្រាវ​សង្គម ដែល​​ទើប​តែ​​បាន​​ដឹក​នាំ​​និស្សិត​ចុះទៅ​សិក្សា​ស្រាវជ្រាវ​ជុំវិញ​សកម្មភាព​នៃ​ការកាប់បំផ្លាញ់​ព្រៃឈើ នៅ​តំបន់​ព្រៃ​ឡង់​ ចាប់ពី​ថ្ងៃទី១៣ដល់​ថ្ងៃទី១៧ឧសភា​កន្លងទៅនេះ បានបង្ហាញ​ការព្រួយបារម្ភ​រួមគ្នា​ថា សកម្មភាព​នៃ​ការកាប់បំផ្លាញ់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​នៅតែ​កើតមាន ហើយ​កាន់តែ​ផុសផុល​ឡើង។

បើតាម​វាគ្មិន​ទាំង​ទាំងបី វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​នឹង​កើតឡើង​ក្នុង​រយៈពេល៥ខែ​ទៅមុខ បើ​មិនមាន​វិធានការ​ទប់ស្កាត់​ការកាប់បំផ្លាញ់​ព្រៃឈើ រឺ​ការដាំ​ឡើងវិញ​ទេនោះ។ បណ្តាញ​ព្រះសង្ឃ និង​យុវជន ក៍​បានបង្ហាញ​ពី​ឧបសគ្គ​រារាំង​មួយចំនួន​របស់​អាជ្ញាធ​រ​ខេត្ត ចំពោះ​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​បណ្តាញ​ព្រះសង្ឃ និង​និស្សិត​ទាំងនេះ​ផងដែរ ពិសេស​គឺ​អាជ្ញាធរ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ក្នុង​ខេត្តស្ទឹងត្រែង ដែលមាន​ភាព​ប្រទាំង​ប្រទើស​គ្នា​ជាខ្លាំង។ 

បើ​ក្រុមហ៊ុន​មួយ​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ទៅ​ជាង១ម៉ឺន​ហិច​តា ហើយ​បើ​គុណ​នឹង៥២ក្រុមហ៊ុន នោះ​ព្រៃ​ឡង់​អាច​នឹង​បាត់បង់​ទាំងស្រុង។  អញ្ចឹង​ហើយ​​បាន​ជា​​នៅក្នុង​​សន្និ​សីទ​កាសែត​នៅថ្ងៃនេះ ព្រះ​តេជគុណ ប៊ុត ប៊ុន​ទី​ញ បាន​សុំ​បិណ្ឌបាត​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ឱ្យ​​ទប់​ស្កាត់​ការកាប់បំផ្លាញ់​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ជាង៥០ម៉ឺន​ហិច​តា​នេះ។

ព្រៃ​ឡង់​គឺជា​ព្រៃ​ដែលមាន​ឈើប្រណិត​គ្រប់​ដណ្តប់​ក្នុងភូមិ​ចំនួន៣៤០ ក្នុង​ឃុំ​ចំនួន៣៣ នៃ​ខេត្ត​ចំនួន៤ គឺ​ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ខេត្តព្រះវិហារ។ មាន​ប្រជាជន​ប្រមាណ​ជា២៥​ម៉ឺន​​នាក់ កំពុង​រស់នៅ​និង​អាស្រ័យ​ផល​លើ​អនុផល​ព្រៃឈើ និង​ការប្រកប​របរ​កសិក​ម្ម។ ហើយ​បើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​បណ្តាញ​ព្រៃ​ឡង់​កាលពី​ឆ្នាំ២០១៤បាន​បញ្ជាក់ថា មាន​ក្រុមហ៊ុន​ចំនួន៥២បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ និង​ដី​​សម្បទាន​សង្គមកិច្ច​លើដី​ព្រៃ​ឡង់។

ការជួប​ជាមួយ​នាយករដ្ឋមន្ត្រី​មិនមែនជា​ការងាយស្រួល​នោះទេ ប៉ុន្តែ​សម្រាប់​ព្រះ​តេជគុណ ប៊ុត ប៊ុន​ទី​ញ រំពឹងថា ព្រះអង្គ​នឹងមាន​ឱកាស ហើយ​បើ​ឱកាស​បានផ្តល់​ឱ្យ​មែន នោះ​អ្វីដែល​ព្រះអង្គ​សុំ​បិណ្ឌបាត​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា​នោះ គឺ​ពុំមែន​ជា​បច្ច័យ រឺ​វត្ថុ​មានតម្លៃ​អ្វី​នោះទេ តែ​គឺ​ការស្នើសុំ​បិណ្ឌ​បាទ ទប់ស្កាត់​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ និង​ការស្នើសុំ​ឱ្យមាន​ការដាំដុះ​ព្រៃឈើ​ឡើងវិញ​នៅ​តំបន់​ដែល​គេ​កាប់​រួច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ