ព្រះតេជគុណ ប៊ុត ប៊ុនតិញ រងការគំរាម តែមិនព្រមចាកចេញពីប្រទេស
ព្រះតេជគុណ ប៊ុន ប៊ុនតិញ សមាជិកគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី បានអះអាងនៅថ្ងៃនេះថា ព្រះអង្គនឹងមិនចាកចេញពីប្រទេសកម្ពុជានោះទេ បើទោះបីជាព្រះអង្គបានរងការគំរាមកំហែង និងតាមដានពីសកម្មភាពរបស់ព្រះអង្គក្តី។ ការលើកឡើងរបស់ព្រះអង្គ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរភូមិ នៃឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប បានទៅឆែកឆេររកសំបុត្រកំណើត និងអត្តសញ្ញាណរបស់ព្រះអង្គប៊ុតប៊ុនតិញ កាលពីពេលថ្មីៗនេះ ហើយព្រះអង្គបានចាត់ទុកថា គឺជាការគំរាមកំហែងមកលើព្រះអង្គ និងគ្រួសារ។ ប៉ុន្តែអាជ្ញាធរបានបដិសេធ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដំណឹងនៃការគំរាមកំហែងនេះ បានលេចឮឡើង បន្ទាប់ពីព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបញ្ចប់ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី២៥ កក្កដាឆ្នាំ២០១៦នេះ។ ក៏ប៉ុន្តែព្រះតេជគុណប៊ុត ប៊ុនតិញ មានសង្ឃដីកាបញ្ជាក់ថា ព្រះអង្គនឹងមិនបារម្ភនោះទេ ហើយក៏បានប្តេជ្ញាថា នឹងមិនចាកចេញពីប្រទេសកម្ពុជាដោយហេតុផលនៃការគំរាមកំហែងនេះដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥កក្កដា ញោមស្រី (ម្តាយ) របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានផ្តល់ដំណឹងមកកាន់ព្រះអង្គថា អាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកមេភូមិឈ្មោះ អន សែម និងសហការី បានចុះទៅយកសំបុត្របញ្ជាក់កំណើតរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ និងសៀវភៅកំណើត ស្ថិតនៅក្នុងភូមិគគ្រួស ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ដោយពុំបានសុំត្រឹមត្រូវ និងមិនប្រាប់ពីគោលបំណងច្បាស់លាស់នោះទេ។ ភ្លាមៗព្រះតេជគុណប៊ុត ប៊ុនតិញ បានចាត់ទុកសកម្មភាពនេះថា គឺជាការគំរាមកំហែងមកលើព្រះកាយ និងញោមប្រុសញោមស្រី (ឱពុកម្តាយ) របស់ព្រះអង្គនៅឯខេត្តសៀមរាប។
ប៉ុន្តែយ៉ាងណាក៏ដោយ អធិការនគរបា លស្រុក វ៉ារិន លោក ណុប សារៈ បានច្រានចោលចំពោះការចោទប្រកាន់នេះ តែបានទទួលស្គាល់ថា អាជ្ញាធរបានចុះទៅកាន់លំនៅស្ថានរបស់ព្រះតេជគុណប៊ុត ប៊ុនតិញ មែន តែមិនមែនដើម្បីគំរាមកំហែងនោះទេ គឺដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណ ឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណដើម្បីត្រៀមចុះឈ្មោះបោះឆ្នោតតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា មុនទាក់ទងបានតាមខ្សែទូរសព្ទនៅរសៀល ថ្ងៃទី២៦ កក្កដានេះ ព្រះតេជ គុណ ប៊ុត ប៊ុនតិញ បានមានថេរដីកាថា ព្រះអង្គត្រូវបានគេជួយជ្រោមជ្រែងឲ្យលាក់ព្រះកាយមួយរយៈសិន។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលគេដឹងថា ជានាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម មានសកម្មភាពលេចធ្លោក្នុងពិធីរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ក្នុងរយៈពេលជិតកន្លះខែមកនេះ។
ជារើយៗព្រះអង្គក៏រងនូវការគំរាមកំហែងផងដែរ នៅក្នុងសកម្មភាពរបស់ព្រះអង្គក្នុងការប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើ និងការរំលោកដីធ្លីជាដើម។ ថ្មីៗនេះ មានការចោទប្រកាន់ព្រះអង្គថា បានកិបកេងប្រាក់ពីពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ប្រមាណជាង៣ម៉ឺនដុលា្លរអាមេរិកផងដែរ តែព្រះអង្គបានបដិសេធ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ