អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ចប់​ទស្សន​កិច្ច ​លោក ហ៊ុន សែន នៅ​ចិន​៖ កម្ពុជា-ចិន ​ព្រម​ព្រៀង​គ្នា​១៤​ចំណុច ​រួម​ទាំង​ប្រឆាំង​ឯករាជ្យ​ភាព​កោះ​តៃវ៉ាន់​ផង​ដែរ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រលប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល៤ថ្ងៃ​នៅ​ប្រទេស​ចិន។ ក្នុងអំឡុង​ទស្សនកិច្ច​ចាប់ពី​ថ្ងៃទី២០ដល់​ថ្ងៃទី២៣ខែមករា​នេះ លោក ហ៊ុន សែន បាន​ជួប​ជាមួយ​ឥស្សរជន ជាន់ខ្ពស់​ចិនសំខាន់ៗ ដូចជា​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង លោក លីចាន់​ស៊ូប្រធានសភា​តំណាង​ប្រជាជន​ចិន ជាដើម។ ក្រៅពីនេះ ភាគី​ទាំងពីរ ក៏បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ចំនួន៨ ហើយ​កម្ពុជា​ក៏​ទទួលបាន​កាដូ​ត្រលប់មក​ផ្ទះ​វិញ​ចំនួន៦០០លាន​ដុល្លារ​ផងដែរ។ 

លោកនាយករដ្ឋមន្ត្រី នៅប្រទេសចិន
លោកនាយករដ្ឋមន្ត្រី នៅប្រទេសចិន @REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ចិន​រយៈពេល៤ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២០ ដល់​ថ្ងៃ២៣ខែមករា​នេះ ភាគី​ទាំងពីរ កម្ពុជា-ចិន ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​រួមមាន១៤ចំណុច។ ចំណុចសំខាន់ៗ ទាំងនោះ​មាន ការលើកឡើង​ជាថ្មី​រប​ស់​ចិន ពី​ការគោរព​ចំពោះ​ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា និង​បានបញ្ជាក់​ឡើងវិញ​ពី​ការគាំទ្រ​ចំពោះ​គោលនយោបាយ​ឯករាជ្យ និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ស្រប​ទៅ នឹង​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា។

ចិន និង​កម្ពុជា បាន​ឯកភាពគ្នា​បន្ត​ការទាក់ទង​កម្រិត​ខ្ពស់​កាន់តែ​ជិតស្និទ្ធ និង​បន្ត​រក្សា​ការប្រាស្រ័យ​ទាក់ទង​គ្នា​ឲ្យ​បាន​ទាន់ពេលវេលា​លើបញ្ហាសំខាន់ៗជា​យុទ្ធសាស្ត្រ ដោយ​ភាគី​ទាំងពីរ នឹង​ប្រើប្រាស់​ឲ្យ​បាន​ពេញលេញ​នូវ​តួនាទី​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​រដ្ឋាភិបាល​រវាង​កម្ពុ​ជា-ចិន ដើម្បី​ជំរុញ​ការសម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់​វិស័យ។

ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បង្កើន​ការផ្លាស់ប្ដូរ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការទូត ការពារជាតិ ការអនុវត្ត​ច្បាប់ និង​សន្តិសុខ ដោយ​ភាគី​ទាំងពីរ​ឯកភាពគ្នា​កំណត់​យក​ឆ្នាំ ២០១៩ ជា​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​កម្ពុជា និង​ចិន។ ជាងនេះទៅទៀត ចិន និង​កម្ពុជា បាន​ឯកភាព​គ្នាព​ន្លឿ​ន​ការ​បន្ស៊ី​គ្នា រវាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ យុទ្ធសាស្ត្រ​ចតុកោណ និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​ចំណុច​គោល​នៃ​ផែនការ​របស់​រដ្ឋាភិបាល​ទាំងពីរ ដើម្បី​រួមគ្នា​ជំរុញ​ការកសាង​ខ្សែក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្ស​ទី ២។ ការជំរុញ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់ ១០ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ២០២៣ ក៏ត្រូវ​បានលើកឡើង​ដោយ​កិច្ចព្រមព្រៀង​នេះដែរ។

សេចក្តីប្រកាស​រួម​ក៏បាន​និយាយ​ដែរ​ថា ភាគី​កម្ពុជា​បានបញ្ជាក់​សាជាថ្មី​នូវ​ការ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ចិន​មួយ ព្រមទាំង​ទទួលស្គាល់​រដ្ឋាភិបាល​ចិន ជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់ តំណាង​ឲ្យ​ប្រទេស​ចិន​ទាំងមូល ហើយ​តៃវ៉ាន់​ជា​ផ្នែក​សំខាន់​មួយ នៃ​បូរណភាព​ដែនដី​របស់​ចិន ហើយ​កម្ពុជា​ប្រឆាំង​ចំពោះ​ការប្រកាស​ឯករាជ្យ​រប​ស់​តៃវ៉ាន់​គ្រប់​ទម្រង់ ព្រមទាំង​បន្ត​គាំទ្រ​ការអភិវឌ្ឍ​ដោយ​សន្តិភាព​នូវ​ទំនាក់ទំនង​ចិន និង​តៃវ៉ាន់ និង​បុព្វហេតុ​ក្នុងការ​បង្រួបបង្រួម​ចិន ដែល​ភាគី​ចិន​បាន​វាយតម្លៃ​យ៉ាងខ្ពស់​ចំពោះ​ការគាំទ្រ​ខាងលើនេះ។

បន្ថែម​ពីនេះ ចិន និង​កម្ពុជា សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ស្ថិរភាព និង​ការវិវត្តន៍​ដ៏​ប្រសើរ​នៃ​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ បន្ត​ការអនុវត្ត​ឲ្យ​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សមុទ្រ​ជាក់ស្តែង និង​លើកកម្ពស់​ការពិគ្រោះ​យោបល់​ស្តីពី​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង (COC)។

ជាងនេះទៅទៀត ភាគី​កម្ពុជា​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​សំណើ​របស់​ភាគី​ចិន ដែល​ស្នើ​ឲ្យ​បញ្ចប់​កិច្ច​ពិគ្រោះ​យោបល់​សី្ត​ពី COC ក្នុង​រយៈពេល៣ឆ្នាំ ហើយនឹង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​រក្សា​ការវិវត្តន៍​ជា​វិជ្ជមាន​នៃ​កិច្ច​ពិគ្រោះ​យោបល់ ដោយ​ឈរលើ​មូលដ្ឋាន​កុងសង់ស៊ីស​ទៅវិញទៅមក និង​កសាង​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ទៅជា​សមុទ្រ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ។ រួម​នឹង​ចំណុចសំខាន់ៗជាច្រើន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ