អានតួអត្ថបទ
កម្ពុជា

លោក ឆាំង យុ ៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​ថវិកា​ស្ថេរភាព ២០​លាន​ដុល្លារ​សម្រាប់​ចំណាយ ២០​ឆ្នាំ ទៅ​ខាង​មុខ

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ៣១ មីនា បាន​ចុះហត្ថលេខា​ទទួល ទាយជ្ជទាន ២០លាន​ដុល្លារ ​ពី​សហរដ្ឋ​អាមេរិក ដើម្បី​លើក​កម្ពស់​ការ​ស្រាវ​ជ្រាវ និង​ការ​អប់​រំ​ស្តី​អំពី​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា។ លោក ឆាំង យុ ​នាយក ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បញ្ជាក់​ថា កញ្ចប់​ថវិកា​ទាយជ្ជទាន​ដ៏​ធំ​នេះ នឹង​ជួយ​ឲ្យ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​និរន្តភាព​ផ្នែក​ថវិកា​ប្រតិបត្តិ សម្រាប់​ចំណាយ ២០​ឆ្នាំ ទៅ​ខាង​មុខ។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា
លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា @google
ផ្សាយពាណិជ្ជកម្ម

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ចន្ទនេះ​ថា របៀប​ដែល​ទី​ភ្នាក់​ងារ​សហរដ្ឋអាមេរិក​ដើម្បី​ការអភិវឌ្ឍន៍​អន្តរជាតិ បាន​ផ្តល់​បញ្ចប់​ថវិកា​ ទាយជ្ជទាន​មក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ៣១ មីនា គឺ​តាម​រយៈ​ប្រព័ន្ធ​មូលនិធិ endowment ឬ ទាយជ្ជទាន​មួយ ដោយ​វិនិយោគ​ចេញ​ពី​ទឹក​ប្រាក់​ដើម ១០​លាន​ដុល្លារ ទៅ​ក្នុង​ធនាគារ Merrill Lynch​ នៅ​ទីក្រុង New York សហរដ្ឋ​អាមេរិក ដើម្បី​បង្កើត​ការ​ប្រាក់​រៀង​រាល់​ឆ្នាំ ដែល​អាច​កើន​លើស​ពី ២០​លាន​ដុល្លារ សម្រាប់​រយៈ​ពេល ២០​ឆ្នាំ​ខាង​មុខ។​ លោក ឆាំង យុ ​បន្ថែម​ថា ក្នុង​ទំហំ​ទាយជ្ជទាន ២០​លាន​ដុល្លារ​នេះ មជ្ឈមណ្ឌល​អាច​ចំណាយ​បាន​ដោយ​មាន​និរន្តភាព​ចន្លោះ​ពី ៧០​ម៉ឺន ទៅ​មួយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ប្រតិបត្តិការ​ប្រចាំ​ឆ្នាំ ​ ដើម្បី​លើក​កម្ពស់​ការ​ស្រាវ​ជ្រាវ និង​ការ​អប់រំ​ស្តី​អំពី​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។

នាយិកា ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍន៍​អន្តរជាតិ លោក​ស្រី ប៉ូលី ដីនហ្វ័ត (Polly Dunford) បាន​ថ្លែង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា សហរដ្ឋ​អាមេរិក រីករាយ​នឹង​គាំទ្រ​ដល់ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​អនាគត​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ដល់ យុវ័យ​ជំនាន់​ក្រោយ ការ​ជួយ​ថែរក្សា​វប្បធម៌​របស់​គេ ព្រម​ទាំង​លើក​កម្ពស់​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស។ លោក​ស្រី បន្ថែម​ថា ទាយជ្ជទាន​នេះ នឹង​ធ្វើ​ឲ្យ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​លំនឹង​ប្រាកដ​ប្រាជា​មួយ​ហើយ និង​អនុញ្ញាត​ឲ្យ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅ​រក ​ការ​ពង្រីក​ការងារ​របស់​លោក ក្នុង​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ទៅ​បណ្ដា​ប្រទេស​នានា ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ការ​សាង​សង់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អចិន្ត្រៃយ៍ ដែល​មាន​ឈ្មោះ​ថា​ វិទ្យាស្ថាន​ស្លឹក​រឹត​។

យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​ថ្លែង​អំណរ​គុណ​ដល់ ម្ចាស់​ជំនួយ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ឆាំង យុ ជឿ​ជាក់​ថា ថវិកា​មិន​មែន​ជា​ដំណោះ​ស្រាយ​គ្រប់​បញ្ហា​នោះ​ទេ។ ព្រោះ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចាប់​ផ្តើម​ការងារ​ដំបូង ​ខែ​មករា ឆ្នាំ​១៩៩៥ បាន​ចំនាយ​ត្រឹម​តែ ២៥​ដុល្លារ ក្នុង​មួយ​ខែ ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ព្រោះ​មជ្ឈមណ្ឌល​មាន​ការ​អភិរក្ស និង​យុទ្ធសាស្រ្ត​ច្បាស់​លាស់​ក្នុង​ការ​ចំណាយ។ និយាយ​ជា​រួម មាន​ថវិកា​កម្រិត​ណា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​មាន មាន​បុគ្គលិក​ជាង ៥០​នាក់ នឹង​ដោះស្រាយ​បញ្ហា​ត្រឹម​កម្រិត​នោះ ធ្វើ​យ៉ាង​ណា ឲ្យ​ទស្សនៈ​វិស័យ​របស់​ខ្លួន ចេញ​ពី​លទ្ធផល និង​រូប​រាង។

គួរ​ជម្រាប​ថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​មួយ បង្កើត​ឡើង​ដោយ​ក្រុម​ការងារ​របស់​លោក ឆាំង យុ មក​ពី​សាកល​វិទ្យាល័យ​យ៉េល នៅ​ក្នុង​ខែ​មករា ឆ្នាំ ១៩៩៥ បន្ទាប់​ពី​សភា​សហរដ្ឋ​អាមេរិក អនុម័ត​លើ​ច្បាប់​ស្តីពី​យុត្តិធម៌​ចំពោះ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា ដោយ​មាន​លោក​ប្រធានាធិបតី ប៊ីល ឃ្លីនតុន ចុះ​ហត្ថលេខា​ចូល​ជា​ធរមាន នៅ​ក្នុង​ខែ​មេសា ឆ្នាំ ១៩៩៤។ អង្គការ​នេះ ប្តេជ្ញា​ធានា​ឱ្យ​មាន​ការ​ចងចាំ និង​យុត្តិធម៌​នៅ​កម្ពុជា ដែល​ទាក់​ទិន​នឹង​ការ​រំលោភ​បំពាន​ផ្សេងៗ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដ៏​អសោច។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ផ្តល់​ឯកសារ​ភស្តុតាង​ជាង​កន្លះ​លាន​ឯកសារ ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ភ្នាក់​ងារ​ដ៏​ចម្បង​សម្រាប់​កម្មវិធី​អប់​រំ​អំពី​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រព័ន្ធ​សិក្សា​សាធារណៈ​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ