អានតួអត្ថបទ
កម្ពុជា

ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​សំណុំ​រឿង​ចម្បង​នៅ​ក្នុង​ដំណើរ​ ទស្សនកិច្ច​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ ​នៅ​កម្ពុជា

ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​សំណុំ​រឿង​ចម្បង​នៅ​ក្នុង​ដំណើរ ទស្សនកិច្ច​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ ​នៅ​កម្ពុជា។ លោក វ៉ាង យី បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២១ មេសា​។ ក្នុង​ដំណើរ​ទស្សន​កិច្ច​២​ថ្ងៃ​នៅ​កម្ពុជា​ដែល​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ ទី​២២ មេសា​។ អ្វី​ដែល​ការ​កត់​សម្គាល់​ នេះ​គឺ​ជា​វត្តមាន​លើក​ទី​១​របស់​លោក ចាប់​តាំង​ពី​លោក ប្រាក់ សុខុន បាន​ផ្លាស់​ប្តូរ​មុខ​ដំណែង​មក​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹង​ជា​ឱកាស​មួយ​ដែរ ដើម្បី​ពង្រឹង​បន្ថែម​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបតិ្តការណ៍​រវាង​ចិន និង​កម្ពុជា។អត្តបទដោយ ប៉ុន សោភ័ណ៖

លោក ​ហ៊ុន សែន បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ Wang Yi ​រដ្ឋ​មន្រ្តី​ការ​បរទេសចិ​ន​ កាលពី​​រសៀល​ថ្ងៃ​ទី​ ២២​ ខែ​មេសា ​ឆ្នាំ​២០១៦។​
លោក ​ហ៊ុន សែន បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ Wang Yi ​រដ្ឋ​មន្រ្តី​ការ​បរទេសចិ​ន​ កាលពី​​រសៀល​ថ្ងៃ​ទី​ ២២​ ខែ​មេសា ​ឆ្នាំ​២០១៦។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក វ៉ាង យី នៅ​ថ្ងៃ​ទី ២១ ដល់​ទី​២២ មេសា នេះ គឺ​ធ្វើ​ឡើង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អញ្ជើញ​របស់​លោក​ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ថ្មី។ មិន​ខុស​ពី​គម្រោង លោក រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន នៅ​ព្រឹក​ថ្ងៃ​ទី ២២​មេសានេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ លោក​ប្រាក់ សុខុន នៅ​ទីស្តីការ​ក្រសួង។ នៅ​ក្នុង​សន្និសីទ​កាសែត លោក វ៉ាង យី បាន​សរសើរ គោល​ជំហរ​កម្ពុជា ដែល​គាំទ្រ​គោល​ជំហរ​ចិន លើ​ការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​សន្តិវិធី ដែល​ស្រប​តាម​ច្បាប់​អន្តរជាតិ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ មិន​ចូល​បក្ស​សម្ព័ន្ធ ហើយ​ស្នើ​ភាគី​ពាក់ព័ន្ធ​ឲ្យ​ដោះស្រាយ​បញ្ហា​រួម​គ្នា និង​ទ្វេរភាគី​ដោយ​សន្តិវិធី​ដដែល។ នៅ​ក្នុង​នោះ​មុន​ហ្នឹង​បញ្ចប់​កិច្ច​ពិភាក្សា លោក ប្រាក់ សុខុន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា កម្ពុជា និង​ចិន បាន​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច អប់រំ ពាណិជ្ជកម្ម សុខាភិបាល វប្បធម៌ និង​វិស័យ​ទេសចរណ៍​ទៀត ស្រប​តាម យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ដែល​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០១០ រហូត​ដល់​បច្ចុប្បន្ន ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេរភាគី​បន្ថែម​ឡើង។

ចំណែក​នៅ​រសៀល​ថ្ងៃ​ទី​២២ មេសា ដដែល ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន នាទី​ស្តីការ​គណៈរដ្ឋមន្ត្រី បន្ទាប់​ពី​ជំនួប​ជាមួយ​លោក វ៉ាង យី លោក​ឧបនាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា គ្រប់​ភាគី​ត្រូវ​ទៅ​មើល​អនុសញ្ញា​នៃ​រដ្ឋភាគី​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បួង DOC ឡើង​វិញ។ លោក​ថា “ចំពោះ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន ខាង​ត្បូង​នេះ គ្មាន​ដំណោះ​ស្រាយ​ណា​ល្អ ក្រៅ​ពី​ការ​ចរចា​នោះ​ទេ” ។ គួរ​កត់​សម្គាល់​ថា​ ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នៃ​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង​ មិន​មែន​គ្រាន់​តែ​ជា​ជម្លោះ​ដោយ​ឡែក​រវាង​ចិន​ និង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ វាក៏​ជា​បញ្ហា​តំបន់​ទាំង​មូល​ដែរ។ ​ចូរ​កុំ​ភ្លេច​ថា​ ជម្លោះ​ដែល​ស្ទើរ​តែ​ផ្ទុះ​សង្គ្រាម​ជាច្រើន​លើក​ទៅ​ហើយ​នោះ​ កំពុង​តែ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​ និង​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​តំបន់។

ចុង​ក្រោយ​នៃ​ជំនួប​រវាង លោក វ៉ាង យី និង​លោក​នាយក​រដ្ឋ​មន្រី្ត ហ៊ុន សែន នៅ​ល្ងាច​នេះ​គឺ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ឋផល​ល្អ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​លោក​នាយក​រដ្ឋ​មន្ត្រី Li Keqiang និង​លោក​ប្រធានាធិបតី Xi Jinping ផង​ដែរ និង​អរគុណ មហាមិត្ត​ចិន​ដែល​តែង​តែ​ចាត់​ទុក​កម្ពុជា​ជា​បង​ប្អូន។

​គួរ​ជម្រាប​ជូន​ថា លោក វ៉ាង យី  ធ្លាប់​បាន​មក​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ម្តង​ហើយ កាល​ពី​ឆ្នាំ ២០១៣ ។ ឯទស្សនកិច្ច​លើក​នេះ លោក​សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា​កា​ន់តែ​រីក​ចម្រើន​ទៅ​មុខ​គួរ​ឱ្យ​កត់​សម្គាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ