អានតួអត្ថបទ
កម្ពុជា

កង​នាវា​កម្ពុជា-ចិន ផ្តើម​ធ្វើ​សមយុទ្ធ​ជា​លើក​ដំបូង​លើ​សមុទ្រ​កម្ពុជា ខណៈ​មាន​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

កង​នាវា​កង​ទ័ព​ប្រជាជន​ចិន និង​កង​ទ័ព​ជើង​ទឹក​កម្ពុជា បាន​ផ្តើម​ធ្វើ​លំហាត់​សម​យុទ្ធ​រួម​គ្នា​ជា​លើក​ដំបូង​កាល​ព្រឹក​ថ្ងៃ​ទី​២៦​កុម្ភៈ​នេះ។ លំហាត់​សមយុទ្ធ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​លំហរ​សមុទ្រ​កម្ពុជា ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​មិន​បាន​ផ្តល់​របាយការណ៍​លំអិត​នៃ​លំហាត់​សមយុទ្ធ​នេះ​ទេ។ ជា​ការ​កត់​សំគាល់ លំហាត់​សម​យុទ្ធ​កង​នាវា​កម្ពុជា-ចិន នៅ​ពេល​នេះ​បាន​ធ្វើ​ឡើង​ ចំ​ពេល​មាន​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង
ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង @RFI
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​អះអាង​របស់​មន្រ្តី​កង​ទ័ព​ជើង​ទឹក​កម្ពុជា ដែល​និយាយ​ក្នុង​លក្ខ័ណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា គម្រោង​នៃ​លំហាត់​ហ្វឹក​ហ្វឺន​រួម​គ្នា​រវាង​កង​នាវា​កង​ទ័ព​ប្រជាជន​ចិន និង​កង​នាវា​កម្ពុជា ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ទៅ​តាម​គម្រោង​នៅ​ថ្ងៃ​នេះ ដោយ​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ។ ប៉ុន្តែ​សមយុទ្ធ​ដែល​ធ្វើ​ឡើង​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​កម្ពុជា ដោយ​មាន​ការ​ចូលរួម​ពី​កង​នាវិក​កម្ពុជា​ចំនួន​៧០​នាក់ និង​កង​នាវឹក​ចិន​ចំនួន​៧៣៧​នាក់ មិន​បាន​បើក​ទូលាយ​ដល់​ សាធារណជន​ទូទៅ​និង​អ្នក​សារព័ត៌​មាន​ បាន​ដឹង​និង​បាន​ឃើញ​នោះ​ទេ។

សូម​បញ្ជាក់​ថា កង​នាវា​ជើង​ទឹក​ប្រជាជន​ចិន​ចំនួន ០៣​គ្រឿង ដែល​ផ្ទុក​នាវឹក​ចំនួន​៧៣៧​នាក់​ បាន​ចូល​មក​ចត​នៅ​កំពង់​ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ ដើម្បី​បំពេញ​ទស្សន​កិច្ច រយៈ​ពេល​៥​ថ្ងៃ នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២២ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​នេះ។ នាវា​ទាំង​បី​គ្រឿង​នោះ គឺ​ជា​ប្រភេទ​នាវា​ចំបាំង ដែល​មាន​បណ្តោយ​ពី​១៣៥​ម៉ែត្រ រហូត​ដល់​១៩១​ម៉ែត្រ។

នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៤​កុម្ភៈ លោក​ឧត្តម​នាវី​ទោ យូ ម៉ាន់​ជាំង (Yu Manjiang) នាយ​រង​សេនាធិការ​និង​ជា​មេ​បញ្ជាការ​ប្រចាំ​ការ​សមុទ្រ​ចិន​ខាង​ត្បូង របស់​កង​ទ័ព​ជើង​ទឹក​ប្រជាជន​ចិន បាន​ថ្លែង​ថា ក្នុង​ពេល​ស្នាក់​នៅ​កម្ពុជា​រយៈ​ពេល​៥​ថ្ងៃ​នេះ ក្បួន​នាវា​របស់​លោក បាន​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ជាមួយ​នឹង​កង​ទ័ព​ជើង​ទឹក​របស់​កម្ពុជា ទាំង​នៅ​លើ​ដែន​គោក និង​ទាំង​នៅ​លើ​ផ្ទៃ​សមុទ្រ។

គួរ​កត់​សម្គាល់​ថា ការ​ហ្វឹកហ្វឺន​រួម​គ្នា​រវាង​កង​នាវា​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ពេល​នេះ  បាន​ធ្វើ​ឡើង ចំពេល​មាន​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ បើ​តាម​គម្រោង ក្រោយ​ពី​បញ្ចប់​លំហាត់​សមយុទ្ធ​ជាមួយ​កង​នាវា​កម្ពុជា​ហើយ កង​នាវា​កង​ទ័ព​ប្រជាជន​ចិន​ប្រចាំការ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​បី​គ្រឿង​ នឹង​ចាក​ចេញ​ពី​កម្ពុជា​ភ្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ