អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បន្ត​រក្សា​ជំហរ​ឈរ​នៅ​កណ្ដាល​ក្នុង​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង

ជំហរ​របស់​កម្ពុជា​គឺ​នៅ​ដដែល​គឺ​ចង់​ឃើញ​ចិន​និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ទាក់ទង​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង។ ជំហរ​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ជំនួប​រវាង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង និង លោក Xu Bu ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន​នៅ​ទីក្រុង​ទីហ្សាកាតា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង
ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង @RFI
ផ្សាយពាណិជ្ជកម្ម

 

បើ​កាលណា​ប្រទេស​ចិន និង ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ភាគី​ទាំងពីរ​នឹង​ហុច​ផល​ល្អ​ទៅ​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​ជម្រុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​យូរ​អង្វែង។ សម្រាប់​កម្ពុជា​បាន​ឃើញ​ថា​ប្រសិន​ភាគី​ទាំងពីរ​មាន​ជម្លោះ​ជាមួយ​គ្នា​ផល​អាក្រក់​ដែល​ទទួល​បាន​គឺ​ទំនាក់ទំនង​សេដ្ឋកិច្ច​នឹង​មាន​ភាព​រអាក់​រអួល។

ដូច្នេះ​ក្នុង​នាម​ជា​ប្រទេស​ជា​អាស៊ាន​មួយ​ដែរ​គឺ​កម្ពុជា​ចង់​ឲ្យ​ភាគី​ចិន និង ប្រទេស​ក្នុង​អាស៊ាន សម្រប​សម្រួល​គ្នា ធ្វើ​យ៉ាង​ណា​ដោះស្រាយ​បរិយាកាស​នៃ​ជម្លោះ​ស្ថិត​នៅ​ក្នុង​ការ​ចរចា​ដោយ​សន្តិវិធី។ នេះ​ជា​ការ​បញ្ជាក់​របស់ លោក ចែម វីឌ្យ៉ា អនុរដ្ឋ​លេខាធិការ​ ក្រសួង​ការ​បរទេស កម្ពុជា ទទួល​បន្ទុក​កិច្ចការ អាស៊ាន ។  ចំពោះ​ទំហំ​សេដ្ឋកិច្ច​ចិន​និង​អាស៊ាន​មាន​ការ​កើន​ឡើង​ចន្លោះ​ពី​៥០​ពាន់​លាន​ទៅ​១០០​ពាន់​លាន​ដុល្លារ។

សូម​បញ្ជាក់​ថា​ ចិន​កំពុង​មាន​វិវាទ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ជា​មួយ​ប្រទេស​ ហ្វីលីពីន​ និង​វៀតណាម ជាដើម ដោយ​ភាគី​ទាំង​សង់​ខាង​សុទ្ធ​តែ​បាន​អះអាង​ជា​ម្ចាស់​កម្មសិទ្ធ​ដែន​ទឹក​រៀង​ៗ​ខ្លួន។

ដោយ​ឡែក​កម្ពុជា​បាន​អះអាង​ដោយ​ខ្លួន​ឯង​ថា នយោបាយ​ការ​បរទេស​កម្ពុជា​វិញ​មិន​ដែល​មាន​ការ​រើសអើង​ជា​មួយ​ប្រទេស​ណាមួយ​នោះ​ទេ​ក្នុង​ពិភពលោក ហើយ​ជា​ពិសេស​នោះ​ទំនាក់​ទំនង​កាទូត​ជាមួយ​ប្រទេស​មហា​អំណាច​ អាមេរិក ចិន រុស្ស៊ី ​បារាំង អង់គ្លេស​ជាដើម។

ទោះ​ជា​នា​ពេល​បច្ចុប្បន្ន​នេះ គេ​កំពុង​សម្លឹង​មើល​ឃើញ​កម្ពុជា​និង​ចិន​កំពុង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ក៏​ដោយ​គឺ​រូបភាព​នេះ​ មិន​មែន​មាន​ន័យ​ថា​កម្ពុជា​បោះបង់​ចោល​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មហា​អំណាច​ដទៃ ស្រវ៉ា​ចាប់​តែ​ចិន​ម្ខាង​នោះ​ទេ។ ដោយឡែក​ចំពោះ​ជំនួប​រវាង​ប្រមុខ​កាទូត​និង​លោក  Xu Bu នៅ​ព្រឹក​នេះ​គឺ​ចិន​បាន​អរគុណ​កម្ពុជា​ដែល​បាន​បន្ត​ការ​គាំទ្រ​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ