អានតួអត្ថបទ
ចិន-ហ្វីលីពីន

អ្នក​នេសាទ​ហ្វីលីពីន ដាក់​ញត្តិ ​ទៅ​អ.ស.ប. រឿង​ចិន​ហាមឃាត់​ការ​នេសាទ

ប្រជា​នេសាទ​ហ្វីលីពីន ​បាន​ដាក់​ញត្តិ​ ទៅ​កាន់​ឧត្តម​ស្នងការ​ការពារ​សិទ្ធិ​មនុស្ស​ របស់​អង្គការ​សហ​ប្រជាជាតិ ​ព្រមទាំង​ទៅ​ទី​ស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ​នៅក្រុង​ហ្ស៊ឺណែវ ​ផ្ទាល់​តែ​ម្តង ​ដើម្បី​ទាមទារ​ឲ្យ​អង្គការ​កំពូល​នេះ ​ដោះស្រាយ​បញ្ហា​ ដែល​ចិន​រំលោភ​បំពាន​ ដែនទឹក​​របស់​ហ្វីលីពីន ​ដោយ​បាន​ហាម​ឃាត់​ អ្នក​នេសាទ​ហ្វីលីពីន​ មិន​ឲ្យ​ធ្វើ​ការ​នេសាទ​ នៅ​ក្បែរ​កោះ ​ស្ការបូរូក។ ចិន​ដែល​ប្រកាស​ថា​ ៩០%​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​ជា​របស់​ខ្លួន ​កំពុង​តែ​បង្ក​ឲ្យ​មាន​វិបត្តិ​ការទូត​ ជាមួយ​ប្រទេស​ជិតខាង ​ហើយ​វិបត្តិ​នេះ​ អាច​ក្លាយ​ជា​ការ​ប្រឈម​មុខ​តាម​ផ្លូវ​អាវុធ ​គ្រប់​ពេល​វេលា។

ផ្លាកបដារ បរិហារ​ពី​សកម្មភាព​ទន្ទ្រាន​ដែនដី និង​ដែនទឺក​របស់​ចិន
ផ្លាកបដារ បរិហារ​ពី​សកម្មភាព​ទន្ទ្រាន​ដែនដី និង​ដែនទឺក​របស់​ចិន
ផ្សាយពាណិជ្ជកម្ម

ប្រជា​នេសាទ​ហ្វីលីពីន ​ប្រមាណ​ជា​៣០​នាក់​ បាន​ធ្វើ​ញត្តិ​មួយ​ច្បាប់​ ដែល​មាន​កម្រាស់​២២​ទំព័រ ​តាម​រយៈ​មេធាវី​របស់​ពួក​គេ ​ដើម្បី​ផ្ញើរ​ទៅ​កាន់ ​ឧត្តម​ស្នងការ​ការពារ​សិទ្ធិ​មនុស្ស ​និង​ទីស្នាក់ការ​អង្គការ​សហ​ប្រជាជាតិ ​ដែល​មាន​ទីតាំង​នៅ​ក្រុង​ហ្ស៊ឺណែវ​ប្រទេស​ស្វីស។ ជា​ខ្លឹមសារ ​នៅ​ក្នុង​ញត្តិ​នេះ ​ប្រជា​នេសាទ​ហ្វីលីពីន ​បាន​សុំឲ្យ​អង្គការ​សហ​ប្រជាជាតិ ​ចាត់​វិធានការ​ហាម​ឃាត់​អាជ្ញាធរ​ចិន ​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​រំលោភ​ច្បាប់ ​លើ​ដែន​ទឹក​របស់​ហ្វីលីពីន ​ដោយ​បាន​រុញ​ច្រាន​ទូក​នេសាទ​របស់​ហ្វីលីពីន ​មិន​ឲ្យ​នេសាទ​នៅ​ម្តុំ​កោះ​ស្ការបូរូក (Scarborough) ដែល​ស្ថិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

នៅ​ក្នុងញត្តិ​បាន​សរសេរ​ផង​ដែរ​ថា ​ទង្វើរ​របស់​អាជ្ញាធរ​ចិន ​មិនមែន​គ្រាន់តែ​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​​ដែន​ទឹក​ របស់​ហ្វីលីពីន​ប៉ុណ្ណោះ​ទេ ​វា​ថែម​ទាំង​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ​សិទ្ធិ​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ ដោយ​សុចរិត​ទៀង​ត្រង់​ របស់​ប្រជាជន​ហ្វីលីពីន។ ដូច្នេះ​ការ​ហាម​ឃាត់ ​ពី​សំណាក់​អាជ្ញាធរ​ នៃ​ប្រទេស​ណា​មួយ​ទៀត ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​ស្រុង។

សូម​បញ្ជាក់​ផងដែរថា ​កោះ​ស្ការបូរូក​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ​២២០​គីឡូម៉េត្រ​ប៉ុណ្ណោះ ​ពី​ប្រជុំ​កោះ​លុយសុង (Luçon)​ ដែល​ជា​ប្រជុំ​កោះ​ ដែនដី​របស់​ហ្វីលីពីន។ អាជ្ញាធរ​ហ្វីលីពីន ​បាន​អះអាង​ម្តងហើយ​ម្តង​ទៀត​ថា​ តាមផ្លូវ​ច្បាប់​ កោះ​ស្ការបូរូក​ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ របស់​ហ្វីលីពីន។ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា ​ចិន​ដែល​ដែល​មាន​ឆ្នេរ​សមុទ្រ ​ចំងាយ​ ៦៥០​គីឡូម៉េត្រ ​ពី​កោះ​នេះ ​ បាន​ទាមទារ​ថា ​កោះ​ស្ការបូរូក ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន​ ទៅ​វិញ។
 

គំនូួស​ក្រហម ជា​ដែន​ ​ដែល​ចិន​ទៀមទារ​ថា​ជា ព្រំដែន​ទឹក​របស់​ខ្លួន ដែលជា​ការរំលោភ​យ៉ាង​ស្រស់​ទៅលើ​អធិបតេយ្យ​របស់​ប្រទេស​ជិតខាង
គំនូួស​ក្រហម ជា​ដែន​ ​ដែល​ចិន​ទៀមទារ​ថា​ជា ព្រំដែន​ទឹក​របស់​ខ្លួន ដែលជា​ការរំលោភ​យ៉ាង​ស្រស់​ទៅលើ​អធិបតេយ្យ​របស់​ប្រទេស​ជិតខាង

យ៉ាង​ណា​មិញ ​កោះ​ស្ការបូរូក ​របស់​ហ្វីលីពីន​នេះ ​មិនមែន​ជា​ករណី​តែ​មួយ ​ដែល​ស​បញ្ជាក់​ពី​មហិច្ឆិតា​របស់​មហាយក្ស​ចិន​នោះ​ទេ ​ពោល​គឺ​ចិន​បាន​ទាមទារ​ដែន​ទឹក​ ស្ទើរតែ​ទាំង​ស្រុង ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ថា​ជា​របស់​ខ្លួន។ ចិន​ដែល​មាន​អំណាច ​និង​សមត្ថភាព​ បាន​ចាប់ផ្តើម​សាងសង់​កោះ​សិប្បនិម្មិត​ ដោយ​បាន​បូមខ្សាច់​ចាក់​បំពេញ ​រវាង​ចន្លោះ​កោះ​តូចៗ​ នៅ​ប្រជុំ​កោះ​សប្រាតឡីយ៍ (Spratley) ​ហើយ​បាន​សាងសង់​កំពង់ផែ​ និង​ព្រលាន​យន្តហោះ​ នៅ​លើ​នោះ​ទៀត​ផង។ ប្រជុំ​កោះ ​សប្រាតឡីយ៍ ​នេះ​ បើ​គិត​តាម​ច្បាប់​អន្តរជាតិ ​គឺ​ត្រូវស្ថិត​ជា​តំបន់​ឆ្លងកាត់​អន្តរជាតិ ​ដោយ​មិន​អាច​ចាត់​ជា​របស់​ប្រទេស​ណាមួយ​បាន​ទេ។

ទង្វើ​ក្អេងក្អាង​របស់​ចិន ​បាន​បង្ក​ជា​ការ​ក្តៅ​ក្រហាយ ​ជាមួយ​ប្រទេស​ជិតខាង ​មាន​ដូចជា​វៀតណាម​ ហ្វីលីពីន ម៉ាឡេស៊ី ​និង​ជប៉ុន​ជាដើម។ ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ ការ​ប្រឈម​មុខ​ដោយ​ផ្លូវ​អាវុធ ​ជាមួយ​នឹង​ចិន ​គឺវា​មិន​ខុស​ពី​យក​ ពងមាន់​ទៅ​ជល់​នឹង​ថ្ម​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ