អានតួអត្ថបទ
អាមេរិក-សមុទ្រ​ចិន​ខាងត្បូង

ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង៖ ចិន​ប្រាប់​អាមេរិកកុំ​ឲ្យ​កាន់ជើងតែ​​ម្ខាងៗ

ទីក្រុង​ប៉េកាំង អំពាវនាវ​កុំ​ឲ្យ​អាមេរិក ចូល​កាន់ជើង ភាគី​ណាមួយ នៃ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង។ តាម​កាសែត​រដ្ឋ​ចិន ចុះផ្សាយ នៅថ្ងៃ​ចន្ទ ទី ២០ កក្កដា ក្រសួងការពារ​ជាតិ​ចិន បាន​ចេញ​សេចក្តីថ្លែងការណ៍ រំលឹក​អាមេរិក បន្ទាប់ ពីឧត្តមនាវី​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក ជិះ​យន្តហោះ​ពិនិត្យ​មើល​ពី​លើ​តំបន់​ជម្លោះ សមុទ្រ​ចិន ខាងត្បូង កាលពី​ថ្ងៃ​សៅរ៍។ 

នាវា​ចម្បាំង​ហ្វីលីពីន​ដែល​ធ្លាប់​ចូល​ទៅ​ចត​នៅ​ច្រក​សមុទ្រ​Subic​ដែល​ធ្លាប់​ជា​មូលដ្ឋានទ័ព​របស់​អាមេរិក​មុន​ឆ្នាំ​២០០៩
នាវា​ចម្បាំង​ហ្វីលីពីន​ដែល​ធ្លាប់​ចូល​ទៅ​ចត​នៅ​ច្រក​សមុទ្រ​Subic​ដែល​ធ្លាប់​ជា​មូលដ្ឋានទ័ព​របស់​អាមេរិក​មុន​ឆ្នាំ​២០០៩ Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍ ដែល​ដកស្រង់ និង​ចុះផ្សាយ​ដោយ​កាសែត​រដ្ឋ​ចិន ក្រសួងការពារ​ជាតិ​ចិន​អំពាវនាវ​ឲ្យ​អាមេរិក​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ជំរុញ ឲ្យ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ គឺមិនមែន​ធ្វើ​ផ្ទុយ​នោះ​ទេ។ លើសពីនោះ ក្រសួងការពារ​ចិន​សង្ឃឹមថា អាមេរិក​នឹង​ចូល​កាន់ជើង ភាគី​ណាមួយ នៅក្នុង​ជម្លោះ​នៅ សមុទ្រ​ចិន​ខាងត្បូង​ទេ។

 
វិបសៃតិ៍​របស់​កងទ័ព​ជើងទឹក​អាមេរិក​ប្រចាំ​នៅ​ប៉ាស៊ីហ្វិក​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ឧត្តមនាវី​អាមេរិក លោក​ស្កុត ស្វីហ្វ​បាន​ធ្វើ​បេសកកម្ម​ត្រួតពិនិត្យ​ដែនទឹក រយៈពេល ៧​ម៉ោង ដោយ​បាន​ជិះ​យន្តហោះ ក្រវែល​ពី​លើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុង​ឈ្លោះ​ដណ្តើមគ្នា ជាមួយ​ប្រទេស​ចំនួន ៤​របស់​អាស៊ាន។ នៅ​ថ្ងៃ​សៅរ៍​ដដែល ឧត្តមនាវី​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក បាន​ធ្វើដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​សម្ព័ន្ធ​មិត្ត​ហ្វីលីពីន ដែល​កំពុង​ជាប់​មាន​ជម្លោះ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។

ទីក្រុង​ម៉ានីល​បាន​ស្វាគម អបអរ​ដំណើរ​ហោះ​ត្រួត​ល្បាត​របស់​ឧត្តមនាវី​អាមេរិក នៅលើ​សមុទ្រ​ចិនខាងត្បូង។ ហ្វីលីពីន​ដែល​ប្រឈម​ខ្លាំង​ជាងគេ នឹង​ចិន នៅក្នុង​ជម្លោះ​ដណ្តើម​ដែនទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​ប្រកាស កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា ខ្លួន​កំពុង​គិតគូរ បញ្ជូន​យន្តហោះ​ចម្បាំង (FA 50) និង​នាវា​ចម្បាំង ឲ្យ​ទៅ​ប្រចាំការ នៅ​ច្រក​សមុទ្រ Subic អតីត​មូលដ្ឋាន​ទ័ព​អាមេរិក ដែល​​ស្ថិតនៅ ប្រមាណតែ ២០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ដែន​ទឹកមាន​ជម្លោះ​ជាមួយ ចិន។

តាម​លោក​អារសេនីញ៉ូ អង់ដូឡុង ប្រធាន​កិច្ចការ​សាធារណៈ​នៃ​នាយកដ្ឋាន ការពារ​ជាតិ​ហ្វីលីពីន យន្តហោះ​ចម្បាំង​ពីរគ្រឿង​ក្នុង​ចំណោម​១២​គ្រឿង​នឹង​ត្រូវ​បញ្ជូន នៅ​ចុងឆ្នាំ​នេះ ឲ្យ​ទៅ​ប្រចាំការ នៅ​មូលដ្ឋាន​ទ័ព​នៅ​ច្រក​សមុទ្រ Subic។ តាម​មន្រ្តីយោធា​ហ្វីលីពីន គឺ​ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការរំលោភ​របស់​ចិន យក​ប្រជុំកោះ ស្កាបូរ៉ូ​របស់​ហ្វីលីពីន កាលពី​ឆ្នាំ ២០១២ ​ដែល​ជំរុញ​ឲ្យ​កងទ័ព​ហ្វីលីពីន​ តាំង​ទីមូលដ្ឋាន​ទ័ព​ ជា​លើក​ទី​១​នៅ​ Subic។

ហ្វីលីពីន កាលពី​សប្តាហ៍មុន​បាន​ប្រកាស​ជួលទឹកដី​មួយផ្នែក​នៃ​ច្រក​សមុទ្រ​ Subic ដើម្បី​យក​ទៅ​ធ្វើ​ជា​មូលដ្ឋាន​ទ័ព។ ច្រក​សមុទ្រ​ Subic ដែល​បែរមុខ​ទៅរក​សមុទ្រ​ចិន​ខាងត្បូង ធ្លាប់​ជា​មូលដ្ឋាន​ទ័ព​ដ៏​ធំជាង​គេ​របស់​អាមេរិក​នៅ​បរទេស។ ដោយសារ​បាតុកម្ម​របស់​ប្រជាជន​ហ្វីលីពីន ប្រឆាំង​អាមេរិក នៅ​ឆ្នាំ ១៩៩២ អាមេរិក​ប្រគល់​មូលដ្ឋាន​ទ័ព​នេះ ទៅ​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​កំពង់ផែ​ពាណិជ្ជកម្ម​ធំ​មួយ​របស់​ហ្វីលីពីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ