អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វិបត្តិ​ដីធ្លី​៖ អាជ្ញាធរ​ត្រូវ​ព្យាបាល​ដំបៅ​ចាស់ និង​កុំ​បង្កើត​បញ្ហា​ថ្មី!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​៣​មករា​នេះ គឺ​ជា​ខួប​៥​ឆ្នាំ នៃ​ការ​បណ្តេញ​ចេញ ចំពោះ​ពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ​នៅ​សហគមន៍​បុរីកីឡា​។ ជាក់​ស្តែង​ទៅ​ ការ​បណ្តេញ​​ចេញ​​ដោយ​បង្ខំ និង ​រឿង​វិបត្តិ​ដីធ្លី គឺ​កើត​មាន​ច្រើន​កន្លែង​ និង​ស្ទើរ​តែ​នៅ​​គ្រប់​ទិស​ទី ​នៃ​ផ្ទៃ​ប្រទេស​។ អ្នក​វិភាគ​មួយ​ចំនួន ​មើលឃើញ​ថា នេះ​ជា​ដំបៅ​ចាស់​ដែល​រដ្ឋ​អំណាច​ត្រូវ​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​​។​ បើ​ពុំ​ដូច្នោះទេ បក្ស​កាន់​អំណាច​ អាច​នឹង​ថយ​ប្រជាប្រិយភាព ឬ​អាច​នឹង​បាត់ ​កៅអី​សភា ​ត​ទៅ​ទៀត​ ក៏អាច​ថា​បាន​។  

បុរីកីឡា​​ជាទីដែល​អាជ្ញាធរ​សមត្ថកិច្ច​បង្រ្កាប​ដោយ​ហិង្សា​និងចាប់ឃុំខ្លួន​ក្រុម​អ្នកតរ៉ាដីធ្លី​នៅទីនេះ​​!
បុរីកីឡា​​ជាទីដែល​អាជ្ញាធរ​សមត្ថកិច្ច​បង្រ្កាប​ដោយ​ហិង្សា​និងចាប់ឃុំខ្លួន​ក្រុម​អ្នកតរ៉ាដីធ្លី​នៅទីនេះ​​! RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី​៣​មករា​ឆ្នាំ​២០១២ គឺ​កាល​ពី​៥ឆ្នាំមុន គេ​នៅ​ចាំ​បាន​ថា កង​កម្លាំង​អាជ្ញធរ​ក្រុង​ភ្នំពេញ បាន​ឈូស​ឆាយ វាយ​កម្ទេច​លំនៅ​ដ្ឋាន​របស់​ពលរដ្ឋ ​នៅ​សហគមន៍​បុរីកីឡា ដែ​ល​មាន​អ្នក​រងគ្រោះ​ប្រមាណ​៣០០គ្រួសារ។​ ក្រោយ​មក អាជ្ញាធរ​បាន​បញ្ជូន​ពលរដ្ឋ​ទាំង​នោះ ឲ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំបាត ក្នុង​ឃុំ​ផ្សារ​ដែក ខេត្ត​កណ្តាល​ ប្រហែល​ជា​៤៥គីឡូម៉ែត្រ​។​ កន្លែង​ថ្មីនេះ ឆ្ងាយ​ពី​កន្លែង​រក​ស៊ី ឆ្ងាយ​ពី​មន្ទីរពេទ្យ ឆ្ងាយ​សាលារៀន​​ គ្មាន​អនាម័យ ខ្វះ​សេវា​សង្គមផ្សេងៗ ហើយជា​ជង្រក់​ដែល​គេ​ចោល​សំរាម​។​ 

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំពោះ​អ្នក​បុរីកីឡា​មួយ​ចំនួន​ ដែល​មិនស្ងប់​ចិត្ត និង​មិន​បាន​ទទួល​សំណង​ត្រឹមត្រូវ​សមរម្យ​នោះ​ បាន​នាំគ្នា​ក្រោក​ឈរ​ តវ៉ា ហើយ​បាន​ចូលរួម​រួម​ជាមួយ​ចលនា​របស់​សហគមន៍​ដទៃ​ទៀត ​ដែល​រង​ការ​បណ្តេញ​ចេញដោយ​បង្ខំ​​ដែរនោះ​ ដូច​ជា​សហគមន៍​បឹងកក់ សម្បុក​ចាប សហគមន៍​ផ្លូវ​រថភ្លើង​ជាដើម។ តាមរយៈ​ការ​តវ៉ា​កន្លងមក អ្នក​ខ្លះ ក៏​ត្រូវ​ប៉ូលីសវាយ​បង្ក្រាប ​​​ចាប់​ខ្លួន ឃុំខ្លួន​ បាញ់ទឹក​ និង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ជា​ហូរ​ហែរ។ 

ទោះបី​ជា​យ៉ាងណា​ក្តី ចំពោះ​ករណី​សហគមន៍​បុរីកីឡា​ ក្រុម​ហ៊ុន​ឯកជនផានអ៊ីម៉ិច​(Phanimex) ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀងសន្យាជាមួយ​ប្រជា​​ពលរដ្ឋ​ទាំងនោះថា ​នឹង​​ផ្តល់​សំណង​អគារចំនួន​​​១០ខ្នង​ ជាថ្នូរ​នឹង​ការ​យក​ដី​របស់ពួក​គេ​សម្រាប់​អភិវឌ្ឍ​ពាណិជ្ជកម្ម​។​ ក៏ប៉ុន្តែ​​រហូត​មកទល់​ពេល​នេះ គឺ​៥ឆ្នាំទៅហើយ​ បន្ទាប់ពី​ការ​វាយ​កម្ទេច​ផ្ទះ​សម្បែរ​របស់​ពួកគេ គឺ​សំណង​សង់​រួច​ស្រេច ​បាន​តែអគារ​៨ខ្នង​តែ​ប៉ុណ្ណោះ​​។

ជម្លោះ​ទំនាស់​ដីធ្លី ការ​បណ្តេញ​ដោយ​បង្ខំ ​ និង​ដោយ​គ្មាន​សំណង​សមរម្យ គឺ​បង្ក​ជា​វិបត្តិ​រ៉ាំរ៉ៃ​យ៉ាង​​ច្រើន​។ បើ​គ្រាន់តែ​និយាយ​ពី​នៅ​រាជធានី​ភ្នំពេញ គឺមាន​ការ​បណ្តេញ​ចេញដោយ​បង្ខំ ​ដល់ទៅ​ចំនួន​៧៧​កន្លែងឯណោះ ក្នុង​រយៈ​កាល​ជាង​១០ឆ្នាំចុង​ក្រោយ​នេះ​។ នេះបើ​យោង​តាម​របាយ​ការណ៍ចំណង​ជើង​ថា ​«សន្យា​ខ្យល់»​ ស្រាវជ្រាវដោយ​​សមាគម​ធាង​ត្នោត ​ចេញ​ផ្សាយ​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ។

ការ​សិក្សា​នេះ​បញ្ជាក់​ថា​មូល​ហេតុ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ទាំង​៧៧កន្លែង​នោះ​ គឺ​ក្រោម​ហេតុ​ផល​អភិវឌ្ឍន៍ និង​ដើម្បី​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​។​ ហើយ​ទីបំផុត​ មាន​តែ​៣៥% នៃ​ទី​តាំង​ទាំង​នោះ មាន​ការ​អភិវឌ្ឍ​ពេញ​លេញ, ៤០% មាន​ការ​អភិវឌ្ឍ​ខ្លះៗ ចំណែក ២៥% មិន​ទាន់​មាន​ការ​អភិវឌ្ឍ​អ្វី​សោះ។

ក្រៅពី​ជម្លោះ​ដីធ្លីនៅ​ក្រុងភ្នំពេញ ក៏មាន​ដែរ​វិ​បត្តិដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បីអភិវឌ្ឍ​ តាម​បណ្តា​ខេត្ត​នានា។ តួយ៉ាង​ នៅ​​កោះ​កុង កំពង់​ឆ្នាំង បាត់​ដំបង​ សៀមរាប បន្ទាយ​មានជ័យ រតនគិរី​ជា​ដើម គឺ​ស្ទើរតែ​គ្រប់​ជ្រុង​នៃមាតុភូមិ​។

ចំពោះ​ក្រសែ​ភ្នែក​អ្នក​វិភាគខ្លះ ​​ស្នូរ​សម្រែក​ យំ​ថ្នូរ ​របស់​ពលរដ្ឋ​ដែល​បាត់​បង់​ដីធ្លី​ រួម​ទាំង​អយុត្តិធម៌​សង្គមចំពោះ​​អ្នកបាត់​​បង់​​ផ្ទះ​សម្បែក​ គឺជា​ចំណែក​សំខាន់មួយ​ ​ដែល​ធ្វើ​ឲ្យ​បក្ស​កាន់អំណាច​ជ្រុះ​កៅអី​នៅ​រដ្ឋសភា ដល់​ទៅ​ជាង​២០អាសនៈ កាលពី​ពេល​បោះឆ្នោត​ជាតិ​២០១៣​​។

ហេតុ​ដូច្នេះ​ហើយ ទើប​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ បាន​ផ្តើម​ចេះ​ឆ្លុះ​កញ្ចក់ ងូត​ទឹក សម្អាត​ខ្លួន និង​​ព្យាបាល​ជំងឺ​។ និយាយ​ដាច់​ដោយ​ឡែក​  គឺ​ធ្វើ​កំណែ​ទម្រង់​លើដំណោះ​ស្រាយ​វិបត្តិ​ដីធ្លី ដោយ​មាន​ការ​បែង​ចែក​សមត្ថកិច្ច​រវាង​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​រៀប​ចំ​ដែន​ដី​។ ក៏មាន​ដែរ ការ​បង្កើត​គណៈកម្មការ​ដោះស្រាយ​វិវាទ​​ដីធ្លី របស់​​ក្រសួង​រៀប​ចំ​ដែន​ដី​​ គឺ​បន្ទាប់ពី​គេមើលឃើញថា​ យន្តការ​ស្បែក​ខ្លា និង​ ការ​ឲ្យ​កូន​ចៅ​របស់​​អ្ន​ក​ធំ​ចុះ​ទៅ​ដោះស្រាយវិបត្តិ​ដីធ្លី​ ហាក់ពុំ​​សូវ​មាន​ប្រសិទ្ធភាព​រួច​មក។

សព្វថ្ងៃ ករណី​អគារប៊ូឌីង​​សដែល​កំពុង​តែ​ដំណើរ​ការ​ចរចា គឺ​​មាន​ការ​ចូលរួមដឹង​ឮ​និង​បញ្ចេញ​យោបល់​ច្រើន​ពី​ពលរដ្ឋ។​ យន្ត​ការ​ដោះស្រាយ និងការ​សម្រប​សម្រួល​ ក៏​មានជា​ច្រើនដែរ​។ ក៏ប៉ុន្តែ ពលរដ្ឋ​ខ្លះ គឺ​នៅតែ​ខ្លាច​រអារ ហើយ​ភាគ​ច្រើន​គឺ​ចង់​បាន​សំណង​សមរម្យ ជា​ប្រាក់​ដល់​ដៃ​ឲ្យ​ស្រេច​ឲ្យ​ហើយ​តែ​ម្តង​ ជា​ជាង​ដែល​ត្រូវ​រង់​ចាំ​យូរ​ឆ្នាំ​តទៅទៀត។ ទន្ទឹមនេះ បើ​ករណី​ប៊ូឌីង​ស​ ដោះស្រាយ​មិន​បាន​ល្អ ហើយ​វាក្លាយ​ដោយ​ចៃដន្យ​ណាមួយ ទៅជា​បញ្ហា​ដីធ្លី​ជាថ្មី​ទៀតនោះ​ គឺ​នឹង​បង្ក​ជា​បញ្ហា​ថ្មី វិបត្តិ​ធ្ងន់​​សម្រាប់​រដ្ឋ​អំណាច​ខ្លួន​ឯង​ហើយ​។​

ដូច្នេះ ទោះបី​ជា​ក្នុង​តម្លៃ​ប៉ុណ្ណា​ក៏ដោយ អាជ្ញាធរ​ត្រូវ​ព្យាបាលដំបៅ​ចាស់ទាំង​ឡាយ​ ហើយ​ដោះស្រាយ​បិទបញ្ចប់វិបត្តិ​ដែល​រ៉ាំរៃ​ និង​កុំ​បង្កើត​បញ្ហា​ថ្មីបន្តទៀត។ បើ​ពុំ​ដូច្នោះទេ ស្នូរ​យំ​ស្រែក​របស់​ពលរដ្ឋ​ដែល​បាត់​បង់​ដីធ្លី​និង​ផ្ទះ​សម្បែក គឺ​នៅតែ​ឮ​តទៅ និងរឹង​រឹត​​កាន់តែ​កង​រំពង​តាម​​ប្រព័ន្ធឃោសនា​មហាជន​  ហើយ​ស្រមោល​នៃការ​បាត់​បង់​ចំនួន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ឬ​ស្រមោល​នៃ​ធ្លាក់​កៅអី​នៅ​រដ្ឋ​សភា គឺ​ទំនង​ជា​នឹង​នៅតែ​បន្ត​លង​បន្លាច​បក្ស​កាន់អំណាច តទៅទៀត ក្នុង​ឱកាស​បោះឆ្នោត​ នាពេល​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ