អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​ជម្ងឺ​បាក់​ស្បាត កំពុង​កើត​មាន​ទៅ​លើ​គណបក្ស​ប្រឆាំង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​គំរាម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​បាតុកម្ម​នៅ​ទីក្រុង​ភ្នំពេញ របស់​ក្រុម​យុវជន​ដែល​អះអាង​ថា ជា​អ្នកគាំ​ទ្រ​គណបក្ស​កាន់​អំណាច​កាល​ពី​ថ្ងៃ​ទី​១៥​និង​ទី​១៦​កុម្ភៈ ពិត​ជា​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ភិត​ភ័យ​មិន​តិច​នោះ​ទេ។ គេ​អាច​ចាត់​ទុក​ថា នេះ​គឺ​ជា​ជោគ​ជ័យ​មួយ​របស់​ពួកគេ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សម្រាប់​គណបក្ស​ប្រឆាំង សុវត្ថិភាព​គឺ​ជា​រឿង​សំខាន់​។ ហើយ​វា ក៏​ស្រប​ទៅ​នឹង​គោល​នយោបាយ​ថ្មី​របស់​គណបក្ស​នេះ ដែល​ប្រកាន់​យក​ឥរិយាបថ​ មិន​ឆ្លើយ មិន​តប នោះ​ដែរ។ យ៉ាង​ណា​ក៏​ដោយ មាន​ការ​ចោទ​ជា​សំណួរ​ថា តើ​ពេល​នេះ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា កំពុង​តែ​មាន​ជម្ងឺ​បាក់​ស្បាត?

គណបក្សសង្រ្គោះជាតិ
គណបក្សសង្រ្គោះជាតិ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

រូបភាព​នៃ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​តំណាង​រាស្រ្ត​ពីរ​រូប​របស់​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​មុន ពិត​ជា​បាន​នឹង​កំពុង​តាម​លង​បន្លាច និង​តាម​បំបាក់​ស្មារតី​របស់​សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​មិន​តិច​នោះ​ទេ។ ជាក់​ស្តែង ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​១៦​កុម្ភៈ បាន​ស្តែង​ឲ្យ​ឃើញ​ថា គណបក្ស​ប្រឆាំង​បាន​រក្សា​ភាព​ស្ងៀម​ស្ងាត់ ចំពោះ​ការ​គំរាម​កំហែង​ធ្វើ​បាតុកម្ម​តបត​របស់​ក្រុម​យុវជន​ដែល​ហៅ​ខ្លួន​ឯង​ថា សម្ព័ន្ធ​យុវជន​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ប្រសិន​បើ​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​អាមេរិក​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ក្រុម​យុវជន​នេះ​ចាត់​ទុក​ថា គឺ​ជា​បាតុកម្ម​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រឆាំង។ 

ជា​ការ​ពិត បាតុកម្ម​នៅ​អាមេរិក​បាន​កើត​មាន​មែន តែ​បាតុកម្ម​នៅ​ភ្នំពេញ​បែរ​ជា​ស្ងប់ស្ងាត់​ទៅ​វិញ ពោល​គឺ​មិន​ដូច​ជា​ការ​ព្រមាន​របស់​ក្រុម​សម្ព័ន្ធ​យុវជន​ដែល​អះអាង​ថា ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ចុះ គេ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ការ​គំរាម​របស់​ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ហ្វេស​បុក​និង​បន្ទរ​ដោយ​ប្រព័ន្ធ​ឃោសនា​ដែល​គាំទ្រ​រដ្ឋាភិបាល​នោះ គឺ​គ្រាន់​តែ​ជា​ការ​កម្លា​គណបក្ស​ប្រឆាំង ថា​តើ គណបក្ស​ប្រឆាំង​ដែល​អះអាង​ថា ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច នោះ​ នឹង​ទៅ​ជា​យ៉ាង​ណា?

ជាក់​ស្តែង ការ​ពិត​បង្ហាញ​ហើយ​ថា គណបក្ស​ប្រឆាំង​ពិត​ជា​ភិតភ័យ​មែន ព្រោះ​គេ​បាន​ឃើញ​គណបក្ស​ប្រឆាំង​បាន​រត់​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​មហា​ផ្ទៃ​ជា​បន្ត​បន្ទាប់ ដើម្បី​ការពារ​សុវត្ថិភាព​របស់​សកម្មជន​និង​ថ្នាក់​ដឹកនាំ​របស់​ខ្លួន។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ភ្លាម​ៗ​នោះ គេ​បាន​ឃើញ​ប្រធាន​ក្រុម​សម្ព័ន្ធ​យុវជន​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខ សើច​ចំអក​ទៅ​ដល់​គណបក្ស​ប្រឆាំង និង​បាន​ចោទ​ជា​សំណួរ​ថា ឯ​ណា​ទៅ​ពាក្យ​ថា ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច របស់​គណបក្ស​ប្រឆាំង​នោះ?

យ៉ាង​ណា​ក៏​ដោយ រូបភាព​នៃ​អំពើ​ហិង្សា ដែល​បាន​កើត​ឡើង​មក​លើ​គណបក្ស​ប្រឆាំង និ​ងសកម្មជន​អ្នក​ការពារ​សិទ្ធិ​មនុស្ស ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣​មក​នោះ គឺ​ពិត​ជា​កំពុង​តាម​លង​បន្លាច និង​ពិត​ជា​បាន​កំពុង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​បាក់​ស្បាត​មែន​រឺ​ទេ?

ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​គណបក្ស​ប្រឆាំង ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣ ដូចជា ការ​កាត់​ទោស​សកម្មជន​គណបក្ស​ប្រឆាំង​១១​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ទៅ​២០​ឆ្នាំ​ពី​បទ​ចូល​រួម​នឹង​ដឹកនាំ​កុប្បកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ, ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​លោក ហុង សុខហួរ, បណ្តឹង​ចោទ​ប្រកាន់​ទៅ​លើ​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី, ព្រឹត្តិការណ៍​បាតុកម្ម​ប្រឆាំង​បាតុកម្ម ដើម្បី​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា, និង​សកម្មភាព​ហិង្សា​វាយ​ដុំ​ទៅ​លើ​អ្នក​តំណាង​រាស្រ្ត​របស់​ខ្លួន, រួម​ទាំង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​និង​សកម្មជន​សិទ្ធិ​មនុស្ស​ផ្សេង​ៗ​ទៀត ពិតជា​បាន​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​របស់​សកម្មជន​និង​គណបក្ស​ប្រឆាំង​ ឲ្យ​បាក់​ស្បាត និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មុន​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នានា។

សម្រាប់​ក្រុម​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ប្រាកដ​ណាស់​ថា អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្រ្ត​ពីរ​រូប​របស់​គណបក្ស​ប្រឆាំង ក្រោយ​បាតុកម្ម​ទាមទារ​ទំលាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦​តុលា​ឆ្នាំ​២០១៥​ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន។

យ៉ាង​ណា​ក៏​ដោយ តើ​គណបក្ស​ប្រឆាំង​ពិត​ជា​កំពុង​មាន​ជម្ងឺ​បាក់​ស្បាត​មែន​ឬ​ទេ? វា​អាច​ជា​ការ​ត្រឹម​ត្រូវ​ខ្លះ​ដែរ។ ក៏​ប៉ុន្តែ​ថា អ្វី​ដែល​គណបក្ស​ប្រឆាំង​នៅ​ស្ងៀម មិន​តបត មិ​នឈ្លោះ មិន​ឆ្លើយ​តប​នេះ គឺ​ជា​គោល​នយោបាយ​ថ្មី​របស់​គណបក្ស​ប្រឆាំង​ទេ​តើ។ ជា​គោល​នយោបាយ​ដែល​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្រកាស​ប្រាប់​សកម្មជន​មូលដ្ឋាន​របស់​ខ្លួន​ជា​រើយៗ ឲ្យ​តម្រង់​ឆ្ពោះ​ទៅ​រក​ផ្លូវ​នៃ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ