អានតួអត្ថបទ
កម្ពុជា-នយោបាយ

ខួប​៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស៖ លោក កឹម សុខា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ដើម្បី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន

ថ្ងៃ​ទី ១៧ កក្កដា ឆ្នាំ ២០១៧​នេះ គឺ​ជា​ខួប​៥​ឆ្នាំ​គត់ នៃ​ការ​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ។ នៅ​ថ្ងៃ​នេះ គណបក្ស​ប្រឆាំង​ដែល​កើត​ឡើង​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មិន​បាន​រៀប​ចំ​ពិធី​រំលឹក​ខួប​ជា​ផ្លូវ​ការ​អ្វី​ទេ ប៉ុន្តែ​ប្រធាន​គណបក្ស​លោក​ កឹម សុខា បាន​ចេញ​សារ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បន្ដ​ពង្រឹង​និង​ពង្រីក ការ​រួប​រួម​គ្នា​ដោយ​អហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ ការ​រំលឹក​របស់​លោក កឹម សុខា ចំ​ពេល​ដែល​គណបក្ស​សង្រ្គោះ​ជាតិ កំពុង​បាត់​មេ​ដឹក​នាំ​របស់​ខ្លួន​ម្នាក់ គឺ​លោក សម រង្ស៊ី។

គណបក្ស​សង្គ្រោះ​ជាតិ
គណបក្ស​សង្គ្រោះ​ជាតិ
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​ ១៧ កក្កដា ឆ្នាំ ២០១២ រវាង​អ្នក​ប្រជាធិបតេយ្យ​ពីរ​ក្រុម។ មួយ​ក្រុម​មក​ពី​គណបក្ស សម រង្ស៊ី ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​មួយ​ក្រុម​ទៀត​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស ដឹក​នាំ​ដោយ​លោក កឹម សុខា។

មុន​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ កាល​ណោះ គណបក្ស​ទាំង​ពីរ​បាន​បង្កើត​ចលនា​មួយ​ដែល​មាន​ឈ្មោះ​ថា​ “ចលនា​ប្រជាធិបតេយ្យ​ដើម្បី​សង្គ្រោះ​ជាតិ” ដែល​មាន​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន និង​លោក កឹម សុខា ធ្វើ​ជា​អនុប្រធាន។ ប៉ុន្តែ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ ២០១៣ នោះ បច្ចុប្បន្ន​បាន​បាត់​មេ​ដឹក​នាំ​ម្នាក់​របស់​ខ្លួន គឺ​លោក សម រង្ស៊ី បន្ទាប់​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ជា​លើក​ទី​២ នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ក្រោយ​ពី​រដ្ឋសភា​បាន​អនុម័ត​រួច​រាល់ កាល​ពី​ថ្ងៃ​ទី ១០ កក្កដា ហើយ​ដែល​ស្ថាប័ន​ព្រឹទ្ធសភា គ្រោង​នឹង​លើក​យក​មក​អនុម័ត នៅ​ថ្ងៃ​ទី ១៨ កក្កដា​នេះ។

នៅ​ចំ​ខួប​៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ​នេះ លោក កឹម សុខា ដែល​បច្ចុប្បន្ន គឺ​ជា​ប្រធាន​គណបក្ស បាន​សរសេរ​សារ​រំលឹក ដោយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ បន្ដ​ពង្រឹង​និង​ពង្រីក ការ​រួប​រួម​គ្នា​ដោយ​អហិង្សា និង​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន តាម​រយៈ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ លោក កឹម សុខា មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ ប៉ុន្តែ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​នេះ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចាត់​ទុក​រយៈ​ពេល​៥​ឆ្នាំ​មក​​នេះ​ថា គណបក្ស​បាន​ដើរ​លើ​ផ្លូវ​ត្រូវ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​នយោបាយ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ខ្មែរ​តែ​មួយ ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ និង​មិន​ប្រកាន់​ខ្មែរ​ណា​ជា​សត្រូវ​នោះ​ឡើយ។

សូម​បញ្ជាក់​ថា មាន​អាយុ​ត្រឹម​តែ​៥​ឆ្នាំ ប៉ុន្តែ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​កៅអី​រដ្ឋសភា​ចំនួន​៥៥​លើ​១២៣​អាសនៈ​នៅ​ឆ្នាំ​២០១៣ និង​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ចំនួន​៤៨៩​អាសនៈ លើ​១៦៤៦​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស តាម​រយៈ​ការ​បោះ​ឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ